ក្រុមហ៊ុន ខ្មែរ គ្រីន ឆាខូល (Khmer Green Charcoal) ផ្តល់ជម្រើសថាមពលសម្រាប់ធ្វើម្ហូបប្រកបដោយនិរន្តរភាព ជំនួសការពឹងផ្អែកពីអុស-ធ្យូង។
ធ្យូងមានសារៈសំខាន់ណាស់នៅក្នុងការប្រើប្រាស់តាមផ្ទះរបស់ប្រជាជនកម្ពុជា ជាពិសេសនៅតាមទីជនបទ ដែលភាគច្រើន ចង្រ្កានហ្គាសនៅមិនទាន់ជាជម្រើសនៅឡើយ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សជាង ៣០លាននាក់នៅទូទាំងពិភពលោក នៅតែកំពុងប្រើប្រាស់អុស-ធ្យូងសម្រាប់ដាំស្ល។ នៅទីក្រុងភ្នំពេញ ប្រជាជនប្រើប្រាស់អុស-ធ្យូង ១០០,០០០ តោនក្នុង១ឆ្នាំ ដែលស្មើនឹងឈើ ៦០០, ០០០តោន។ ការបំពេញតម្រូវការផលិតផលអុស-ធ្យូង គឺជាកត្តាបង្កមួយ នៃការកាប់ព្រៃឈើនៅកម្ពុជា។ផ្នែកតាមរបាយការណ៍របស់ NASA Earth Observatory ក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជាមានអត្រាកាប់ព្រៃឈើខ្ពស់ជាងគេនៅក្នុងពិភពលោក។
នៅក្នុងប្រទេសកម្ពុជា ធ្យូងគឺជាប្រភពថាមពលចម្បងមួយនៅតាមផ្ទះ តាមហាងសាច់អាំង (BBQ Eatery) និងតាមអាហារដ្ឋាននានា ដែលកំពុងដុះដូចផ្សិតនៅក្នុងទីក្រុង ទីប្រជុំជន។ មើលឃើញដូចនេះ ក្រុមហ៊ុន ខ្មែរ គ្រីន ឆាខូល (KGC) ដែលក្រុមហ៊ុនចុះបញ្ជីនៅក្នុងឆ្នាំ២០១២ និងបង្កើតឡើងដោយលោក Carlo Figà Talamanca កំពុងស្ថិតនៅក្នុងបេសកកម្ម ដើម្បីផ្តល់ជម្រើសថាមពលថ្មី ប្រកបដោយនិរន្តរភាព សម្រាប់ការធ្វើម្ហូប ជំនួសការពឹងផ្អែកពីអុស-ធ្យូង។
ដើមឡើយត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ២០១០ ក្នុងនាមជាគម្រោងមួយ អនុវត្តដោយស្ថាប័ន២ រួមគ្នា គឺអង្គការបារាំងឈ្មោះ GERES: Group for the Environment, Renewable Energy and Solidarity និងអង្គការក្រៅរដ្ឋាភិបាលក្នុងកម្ពុជា Pour un Sourire d’Enfant Cambodia (PSE)។
ក្រុមហ៊ុន KGC បានអភិវឌ្ឍខ្លួនទៅជាសហគ្រិនសង្គម ដែលទទួលបានពានរង្វាន់ “International Ashden Prize” ដែលជាពានរង្វាន់សម្រាប់សហគ្រាស ឬក្រុមហ៊ុន ធ្វើការដើម្បីលើកកម្ពស់បរិស្ថានរបស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៤ និងក្លាយ ជាអ្នកផ្គត់ផ្គង់ធ្យូងអនាម័យមិនប៉ះពាល់ដល់បរិស្ថានធំជាងគេក្នុងប្រទេសកម្ពុជា។
លោក Francesco Carocci អ្នកគ្រប់គ្រងគម្រោង ជនជាតិអ៊ីតាលី នៅក្រុមហ៊ុនKGC បាននិយាយថា ៖ «ដើម្បីបន្តសម្រេចបានគោលគៅរបស់យើង អ្វីដែលសំខាន់ជាងគេ គឺការផ្តល់ជូនអតិថិជនយើង ជាមួយផលិតផលគុណភាពខ្ពស់ និងសេវាអតិថិជនល្អ។ ប្រសិនបើផលិតផលធ្យូងរបស់យើងមិនមានគុណភាពល្អគ្រប់គ្រាន់ទេនោះ អតិថិជននឹងមិនទិញនោះទេ។ ទាល់តែយើងផ្តល់ជូនផលិតផលដែលពួកគាត់ត្រូវការ ទើបយើងសប្បាយចិត្តទាំងសងខាង»។
ខុសពីធ្យូងដែលយើងធ្លាប់ឃើញលក់នៅតាមទីផ្សារ ឬតាមលក់រ៉ឺម៉ក ធ្យូងអនាម័យរបស់ KGC ត្រូវបានបង្កើតឡើងដោយប្រើកំទេចធ្យូងដែលដុតហើយ លាយជាមួយត្រឡោកដូង។
កញ្ញា ស៊ាង ផល្លា អ្នកគ្រប់គ្រងគម្រោងម្នាក់ទៀតជាជនជាតិខ្មែរ នៅក្រុមហ៊ុនKGC ដែលមុននឹងចូលបម្រើការក្នុងក្រុមហ៊ុន កញ្ញាធ្លាប់ទទួលបានការគាំទ្រពីអង្គការ Pour un Sourire d’Enfant Cambodia (PSE) បានឱ្យដឹងថា៖ «សម្រាប់វត្ថុធាតុដើម យើងយកមកពីហាងកោសដូងផ្សេងៗ ដែលគេលក់ជាគីឡូ»។
រហូតមកដល់បច្ចុប្បន្ននេះ សហគ្រាស KGC មានផលិតផលធ្យូង២ប្រភេទធំៗ គឺធ្យូងអនាម័យបែប Diamond និង Premium ព្រមទាំងដុំបង្កាត់ភ្លើងងធ្វើឡើងពីសរសៃដូង និងក្រមួនសល់ពីទៀនបានមកពីវត្តជុំវិញទីក្រុងភ្នំពេញ។ ថ្មីនេះៗ សហគ្រាស KGC បានកំពុងចាប់ផ្តើមដាក់លក់ធ្យូងអនាម័យមួយប្រភេទទៀតធ្វើពីឈើឈ្មោះថា «KjuonGo» ដែលចេញមកពីព្រៃដែលបានទទួលស្គាល់ថាជាព្រៃឈើប្រកបដោយនិរន្តរភាពផងដែរ។
សហគ្រាស KGC បានលើកឡើងអំពីការផលិតរបស់ខ្លួនថា មិនមានប្រើប្រាស់សារធាតុគីមី និងប្រើប្រាស់តែសំបកដូង និងជីរសេសសល់ពីសំបកឈើនានា។ ដុំធ្យូងនីមួយៗអាចដុតបាន៥ម៉ោង ហើយមិនបង្កើតផ្សែង ឬផ្ទុះផ្កាភ្លើង និង មានរូបរាងព្រមទាំងទំហំ ប៉ុនៗគ្នា។
មានទីតាំងនៅស្ទឹងមានជ័យ KGC អាចផលិតធ្យូងអនាម័យ បានចំនួន៤តោនក្នុង១ថ្ងៃ និងផ្គត់ផ្គង់ធ្យូងជាង ៦ ៥០០ ទៅដេប៉ូធ្យូង អាហារដ្ឋាន និង អ្នកអាហារតាមផ្លូវនៅទូទាំងទីក្រុង។ ដោយហេតុថា ចំនួនធ្យូងលក់ដាច់ខ្លាំងនៅក្នុងឆ្នាំ២០១៩ KGCមានគម្រោងពង្រីកខ្លួនឯង ដោយសាកសង់រោងចក្រថ្មី ដែលមានទំហំធំជាងរោងចក្រចាស់៥ដង។ ក៏ប៉ុន្តែ ជំងឺកូវីដ១៩បានបង្កាក់គម្រោងនោះ។
លោក Francesco និយាយថា ៖ «ដោយសារ យើងលក់ដាច់ក្នុងឆ្នាំ២០១៩ យើងបានរំពឹងថាយើងនឹងមានឆ្នាំ២០២០ដ៏អស្ចារ្យ។ ប៉ុន្តែ ពេលជំងឺកូវីដ១៩វាយលុកដំបូងៗ យើងការលក់ធ្លាក់ចុះរហូតដល់៧០% ដោយសារមនុស្សមិនសូវទៅហាង ឬទិញអាហារតាមផ្លូវ»។
ក្រៅពីការបង្កើតផលិតផលដែលមិនប៉ះពាល់បរិស្ថានខ្លាំង ការជួយអ្នកដែលមានបញ្ហាហិរញ្ញវត្ថុ ក៏ជាគោលដៅចម្បងរបស់សហគ្រាស KGC ផងដែរ នោះគឺ តាមរយៈការផ្តល់ការងារឱ្យប្រជាជនក្រីក្ររស់នៅតំបន់ស្ទឹងមានជ័យ។ ស្ថាបនិក KGC ជឿជាក់ថា កំរៃដែល KGC ផ្តល់ឱ្យ នឹងអាចជួយឱ្យពួកគេផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងអាចធ្វើឱ្យអនាគតរបស់ពួកគេល្អជាងមុន។
ពេលសួរអំពីបញ្ហាប្រឈមទាក់ទងនឹងការលើកកម្ពស់ផលិតផល ពីការមិនប៉ះពាល់បរិស្ថាន លោក Francesco ឆ្លើយថា៖ «វាជាកិច្ចការដ៏លំបាកធំមួយ ដោយសារប្រទេសកម្ពុជាមិនទាន់យល់ដឹងអំពីបញ្ហាបរិស្ថាន និង ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាព ដូចប្រទេសដទៃមួយចំនួននៅឡើយ»។
ដើម្បីធ្វើឱ្យកម្ពុជាមានការយល់ដឹងអំពី ថាមពលមិនប៉ះពាល់បរិស្ថាន ឬថាមពលបៃតង ក៏ដូចជា ថាមពលថាមពលប្រកបដោយនិរន្តភាព លោកFrancesco ជឿជាក់យ៉ាងមុះមុតថា ការអប់រំ និង ការបង្កើតឱ្យមានការពិភាក្សាជាសាធារណ គឺជាចម្លើយ។
«ការធ្វើឱ្យមានថាមពលប្រើប្រាស់បានជាថ្មីទាំងស្រុង មិនមែនជារឿងដែលអាចកើតឡើងក្នុងរយៈពេលមួយឆ្នាំនោះទេ។ សូម្បីប្រទេសផ្សេងៗខ្លះទៀត ក៏ត្រូវការពេលវេលាខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំឃើញថាប្រទេសកម្ពុជាកំពុងតែដើរលើផ្លូវត្រឹមត្រូវ ហើយនឹងក្លាយទៅជាប្រទេសមួយដែលមានការយល់ដឹងបន្ថែមទៀតពីបញ្ហាបរិស្ថាន ក៏ដូចជាការឱ្យតម្លៃលើថាមពលមិនប៉ះពាល់បរិស្ថាន និងថាមពលថាមពលប្រកបដោយនិរន្តភាពជាងមុន»៕
អត្ថបទនេះ គឺជាផ្នែកមួយនៃកម្មវិធីសប្តាហ៍ថាមពលស្អាត២០២០ (Clean Energy Week Cambodia 2020)។ ស្វែងយល់បន្ថែមពី កម្មវិធីសប្តាហ៍ថាមពលស្អាត២០២០នៅទីនេះ៖ http://cleanenergycambodia.org/cleanenergyweek