ក្នុងរយៈពេលចុងក្រោយនេះ គឺនៅពេលមានការរាតត្បាតពីជំងឺកូវីដ១៩ ដែលធ្វើឱ្យមនុស្សត្រូវនៅផ្ទះ គេមើលឃើញថាមានមនុស្សជាច្រើន បានងាកមកមានចំណាប់អារម្មណ៍លើការដាំរុក្ខជាតិក្នុងផ្ទះ។ ហើយចំណង់ចំណូលចិត្តលើការដាំរុក្ខជាតិក្នុងផ្ទះ បាននឹងកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។
រុក្ខជាតិក្នុងផ្ទះមានទីផ្សារធំមួយនៅក្នុងចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសផ្សេងៗក្នុងសហភាពអឺរ៉ុប។ ជារៀងរាល់ឆ្នាំ នៅក្នុងចក្រភពអង់គ្លេស ទីផ្សារផ្កាស្រស់និងរុក្ខជាតិក្នុងផ្ទះមានតម្លៃ ២,២ ពាន់លានអឺរ៉ូ នៅកម្រិតលក់រាយ។ ប្រជាជនក្នុងប្រទេសលោកខាងលិចទាំងនោះ តែងតែឱ្យតម្លៃលើការមានរុក្ខជាតិពណ៌បៃតង នៅក្នុងកន្លែងរស់នៅរបស់ខ្លួន។
ក្នុងរយៈពេលចុងក្រោយនេះ គឺនៅពេលមានការរាតត្បាតពីជំងឺកូវីដ១៩ ដែលធ្វើឱ្យមនុស្សត្រូវនៅផ្ទះ គេមើលឃើញថាមានមនុស្សជាច្រើន បានងាកមកមានចំណាប់អារម្មណ៍លើការដាំរុក្ខជាតិក្នុងផ្ទះ។ ហើយចំណង់ចំណូលចិត្តលើការដាំរុក្ខជាតិក្នុងផ្ទះ បាននឹងកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។
តាមពិតទៅការដាំរុក្ខជាតិក្នុងផ្ទះ មិនមែនជារឿងថ្មីទាំងស្រុងនោះទេនៅកម្ពុជា។ កាលពីមុន អ្នកមានចំណាប់អារម្មណ៍ និងឱ្យតម្លៃលើការដាំរុក្ខជាតិក្នុងផ្ទះ ភាគច្រើនជាមនុស្សចាស់ ។ រុក្ខជាតិដែលពួកគាត់ដាំ ភាគច្រើនជារុក្ខជាតិប្រភេទប្រទាល ពីព្រោះពួកគាត់មានជំនឿថា រុក្ខជាតិទាំងនោះនាំសំណាងល្អ និង ជួយធ្វើឱ្យរកស៊ីមានបាន។
សម្រាប់សព្វថ្ងៃនេះវិញ យើងមើលឃើញថា យុវជនក៏បានចាប់ផ្តើមចាប់អារម្មណ៍លើការដាំរុក្ខជាតិក្នុងផ្ទះនេះដែល ប៉ុន្តែភាគច្រើនក្នុងគោលដំណង លម្អទីតាំងឱ្យសោភ័ណភាព និងធ្វើឱ្យមានជីវិតស្រស់បំព្រងជាងមុន។ មូលហេតុមួយទៀត នោះគឺ ការកើនឡើងនៃអ្នកឱ្យតម្លៃលើ បរិស្ថាន រុក្ខជាតិបៃតង និង ភាពធុញទ្រាន់នឹងផ្សែងពុលក្នុងបរិយាកាស។
ភាពធុញទ្រាន់លើស្ថានភាពជំងឺកូវីដ១៩ និង ការឃើញតៗគ្នាតាមបណ្តាញសង្គម អាចជាចម្លើយនៃការកើនឡើង លើចំណាប់អារម្មណ៍ក្នុងការដាំរុក្ខជាតិនេះ។ នៅតាមបណ្ដាញសង្គម យើងឃើញមានអាជីវកម្មលក់អនឡាញរុក្ខជាតិតាមផ្ទះ មានចំនួនកាន់តែច្រើនឡើង។ សន្ទុះនៃអ្នកលក់រុក្ខជាតិតាមផ្ទះនេះ សរបញ្ជាក់ឱ្យឃើញពីការកើនឡើង នៃតម្រូវការលើរុក្ខជាតិប្រភេទនេះ ដែលភាគច្រើនជាយុវជន។
បើយោងតាមបុគ្គលិកហាងលក់រុក្ខជាតិ “នៈកត្តា” បានចែករំលែកការសង្កេតរបស់ខ្លួនថា អតិថិជនដែលមកទិញនៅហាង ភាគច្រើនគឺជាក្មេងៗ មានអាយុប្រហែល ១៨ ឬ ២០ឆ្នាំ ឬ ម្ភៃក្រាស់ចុះ។ បើប្រៀបធៀបរវាងរយៈពេលមុនកូវីដ១៩ និងពេលមានកូវីដ១៩វិញ ស្ត្រីរូបនោះបានឱ្យដឹងថា ក្នុងហាងនៅតែលក់ដាច់ដដែល ហើយអ្នកស្រីគិតជា ក្មេងៗដែលមកទិញមានមូលហេតុខុសៗគ្នា។
អ្នកស្រីបាននិយាយថា៖ «ពេលកូវីដនៅតែដាច់។ និយាយទៅដាច់ច្រើន កូវីដក៏ដោយក៏គេមកទិញច្រើនដែរ។ ក្នុងម្នាក់មិនដែលទិញ១មុខនោះទេ គេទិញយ៉ាងហោច២មុខ។»
«ឥលូវនេះ គិតមនុស្សចាប់ផ្តើមចូលចិត្តទិញដើមឈើច្រើនជាងមុន អាចមកពីជាតិពុលខ្លាំង ហើយដើមឈើអាចជួយស្រូបជាតិពុល។ ខ្លះក៏មកពីតាមគ្នា ហើយអ្នកខ្លះទិញជូនគ្នាទៅវិញទៅមក» ។
យើងទាំងអស់គ្នាសុទ្ធតែដឹងថា ដើមឈើមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ការផ្តល់ជាអុកស៊ីហ្សែនឱ្យមនុស្សដកដង្ហើម គឺជាសារៈសំខាន់ចម្បង។ ប៉ុន្តែ ការដាំដើមឈើធំៗក្នុងក្រុងបន្ថែម គឺជារឿងពិបាកមួយ ហើយវាមិនមែនជារឿងដែលនរណាក៏អាចធ្វើបាន នោះទេ ព្រោះវាត្រូវការធនធានច្រើន ទីតាំង និងរយៈពេលយូរ ទម្រាំដើមឈើដុះលូតលាត់ធំ។ ដូចនេះ ការដាំរុក្ខជាតិតូចៗនៅតាមផ្ទះ គឺជាជម្រើសដ៏ល្អមួយ ដែលមនុស្សគ្រប់វ័យអាចអនុវត្តបាន ដើម្បីជួយដល់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ក្រៅពីជួយឱ្យមានសោភ័ណភាពស្រស់បំព្រង និងមានជីវិតជាងមុន នៅតាមបរិវេណក្នុងនិងក្រៅផ្ទះ ឬការិយាល័យធ្វើការ ការដាំរុក្ខជាតិតាមផ្ទះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស ជាពិសេសចំពោះ អ្នករស់នៅតាមទីក្រុងដែលពោរពេញដោយអគារខ្ពស់ៗ និងផ្សែងពុលបង្កឡើងដោយឧស្ម័នពីយានជំនិះ និងរោងចក្រឧស្សាហកម្មផ្សេងៗ។
ប្រជាជនរស់នៅក្នុងទីតាំងតូចនៅទីក្រុង ក៏ដូចជាបុគ្គលិកធ្វើការក្នុងការិយាល័យបិទជិត ងាយនឹងមានអាការៈមួយហៅថា “Sick Building Symdrome” ។ នោះគឺជាអាការៈងាយធុញទ្រាន់ តប់ប្រមល់ជារឿយៗមួយ ដែលគេសន្មតថា កើតមានឡើងចំពោះអ្នកនៅក្នុងអគារ និងកន្លែងបិទជិតក្នុងរយៈពេលយូរ។ គុណភាពឬកម្រិតខ្យល់ចេញចូលក្នុងអគារ ក៏រួមចំណែកធ្វើឱ្យមនុស្សមានអាការៈនេះដែរ។ ការដាំរុក្ខជាតិតូចៗ គឺជាដំណោះស្រាយមួយដើម្បីកាត់បន្ថយអាការៈនេះ។
យោងតាមអត្ថបទមួយរបស់គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក NBC News បានបង្ហាញថា រុក្ខជាតិក្នុងផ្ទះផ្ដល់អត្ថប្រយោជន៍ផ្សេងៗរួមមាន៖
- ផ្តល់អុកស៊ីហ្សែន
- ស្រូបយកកាបូនឌីអុកស៊ីត
- កាត់បន្ថយជាតិពុល ដែលធ្វើឱ្យខ្យល់បរិសុទ្ធជាងមុន
- បង្កើនផលិតភាព ការផ្តោតអារម្មណ៍ បានរហូតដល់ ១៥ភាគរយ
- កាត់បន្ថយភាពតានតឹង និង ភាពហត់នឿយ
- ជួយសម្រួលដំណេក
- ជួយឱ្យអ្នកមានអារម្មណ៍រីករាយ
- ជួយសម្រួលសុខភាពផ្លូវចិត្ត