រៀនពីជំនាញសំខាន់ៗទាំងនេះឥឡូវនេះដើម្បីភាពប្រសើរជាងមុន។
ជំនាញទន់មិនត្រឹមតែមានសារសំខាន់ចំពោះអ្នកនៅក្នុងកន្លែងធ្វើការប៉ុណ្ណោះទេ ក្រៅពីនេះជំនាញទន់មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គមដែលកំពុងផ្លាស់ប្ដូរយ៉ាងលឿននេះ។ ហេតុអ្វី? ចម្លើយនោះ គឺយើងចាំបាច់ត្រូវការវាដើម្បីសម្របខ្លួន និងមានទំនាក់ទំនងជាមួយមនុស្សដទៃទៀត។
ដើម្បីឈ្វេងយល់ឱ្យបានកាន់តែច្បាស់មួយកម្រិតទៀតអំពីគុណសម្បត្តិដែលអ្នកធ្វើការផ្នែកធនធានមនុស្សចង់បាន Focus បានធ្វើបទសម្ភាសន៍ជាមួយអ្នកនាង តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) ប្រធានផ្នែកជំនាញ និងការអភិវឌ្ឍនៅក្រុមហ៊ុន Smart Axiata ដែលបានចែករំលែកជំនាញទន់សំខាន់ៗទាំង ៥ ដែលនាងចង់បានជាងគេនៅពេលសម្ភាសជ្រើសរើសបុគ្គលិក។
សូមរៀបរាប់ជំនាញទន់ចំនួន ៥ ដែលអ្នកគិតថាសំខាន់បំផុត
ចំពោះខ្ញុំ ទីមួយគឺគណនេយ្យភាព ដែលជាការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់លើការងាររបស់ពួកគេ ហើយវាជាសមត្ថភាពមួយដែលសំខាន់ក្នុងការចាប់ផ្តើម និងបញ្ចប់គម្រោងឱ្យទាន់ពេលវេលា។
ទីពីរ គឺឆន្ទៈរៀន។ ប្រសិនបើនរណាម្នាក់ចូលមកជាមួយនូវភាពអំនួតខ្ពស់ក្នុងខ្លួនឯងពេក វាមានការពិបាកក្នុងការបង្រៀនពួកគេនូវអ្វីមួយ។
ចំណុចទីបី គឺត្រូវធ្វើការដោយគិតទៅដល់លទ្ធផល ដោយពួកគេត្រូវយល់ថាតើអ្វីជាគោលដៅ ហើយដឹងពីរបៀបលើកទឹកចិត្តខ្លួនឯងដើម្បីសម្រេចគោលដៅនោះឱ្យបាន។
រីឯចំណុចសំខាន់ទីបួន គឺការប្រាស្រ័យទាក់ទងដើម្បីភាពសហការគ្នាល្អ។ កន្លែងការងារគឺទាមទារឱ្យអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដើម្បីធ្វើការចែករំលែកពីគំនិតរបស់អ្នក និងការបង្កើតគំនិតផងដែរ។
ជាចុងក្រោយ គឺអាកប្បកិរិយាដែលមានភាពសុទិដ្ឋិនិយម ព្រោះដូចដែលបានរៀបរាប់រួចមកហើយ យើងមិនមានចម្លើយចំពោះអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែអ្នកមិនគួរបោះបង់ចោលអ្វីមួយងាយៗនោះទេ ពីព្រោះជីវិតគឺជាដំណើរការនៃការរៀនសូត្រ។ ដូច្នេះ អ្នកត្រូវបន្តការសិក្សាជានិច្ចដើម្បីសម្រេចកិច្ចការអ្វីមួយ។
ដើម្បីអានបទសម្ភាសន៍ទាំងស្រុងរវាង Focus ជាមួយអ្នកស្រី តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) អំពីថាតើក្រុមហ៊ុនជ្រើសរើសបុគ្គលិកផ្ដោតសំខាន់លើអ្វីខ្លះ សូមចុចត្រង់នេះ៕