បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា គឺជាបណ្តាញទំនាក់ទំនងដ៏មានប្រសិទ្ធភាព ដែលអ្នកអាចភ្ជាប់ជាមួយដៃគូអាជីវកម្ម ដែលមានសក្តានុពលខ្ពស់ ក្នុងការរីកលូតលាស់ និងស្វែងរកឱកាសជាច្រើនសម្រាប់ការរីកចម្រើន។
បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អាល្លឺម៉ង់(GIZ) រួមជាមួយសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា(ADW) តាំងនាមឱ្យក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ជូនសេវាកម្មព័ត៌មាន និងការផ្តល់ជាដំបូន្មានដល់ក្រុមហ៊ុនអាល្លឺម៉ង់និងក្រុមហ៊ុនកម្ពុជាអំពីរបៀបក្នុងការសហការគ្នា ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន បូកផ្សំជាមួយនឹង ការផ្តល់ជំនួយក្នុងការស្វែងរកដៃគូអាជីវកម្មត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការផងដែរ។
ការធ្វើការជាមួយក្រុមហ៊ុនអន្តរជាតិ គឺជាមាគ៌ាសំខាន់ ក្នុងការឆ្ពោះទៅរកភាពជោគជ័យ ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះវាបានផ្តល់ឱកាសក្នុងការបង្កើតអាជីវកម្មថ្មី ការផ្លាស់ប្តូរចំណេះដឹង និងធនធានហិរញ្ញវត្ថុជាដើម។
លោកស្រី បីយ័ងកា អ៊ុនធីក អ្នកសម្របសម្រួលបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា៖«កិច្ចសហប្រតិបត្តិការអភិវឌ្ឍអាល្លឺម៉ង់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជម្រុញឱ្យវិស័យឯកជនធ្វើសមាហរណកម្មការការងាររបស់ខ្លួន។ដោយសារគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចសម្រេចបានលុះត្រាតែ មានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន»។
សេវានេះ ធ្លាប់បានធ្វើការភ្ជាប់ទំនាក់ទំនងប្រកបដោយភាពជោគជ័យ ដល់ក្រុមហ៊ុនជាង ២២៦ រួចមកហើយ ទៅកាន់ដៃគូអាជីពរបស់ពួកគេតាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធីភ្ជាប់បណ្តាញទំនាក់ទំនងដៃគូ។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា អាចជួយផ្តល់ព័ត៌មានដល់អ្នក រាល់បញ្ហាទាក់ទិនទៅនឹង បញ្ហាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស លទ្ធភាពក្នុងការទទួលបានឱកាស ក៏ដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេសក្នុងការអភិវឌ្ឍ នៅក្នុងគម្រោងជាក់លាក់ណាមួយ របស់អ្នកថែមទៀតផង។
«យើងមានកម្មវិធីជំនួយជាច្រើន រាប់ចាប់ពីការដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស រហូតដល់ការគាំទ្រនានា ដើម្បីទទួលបានវិញ្ញាបនបត្រណាមួយ និងការបណ្តុះបណ្តាល។យើងក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីកំណត់នូវតម្រូវការសំខាន់បំផុតរបស់ពួកគេ និងពិនិត្យពីរបៀប ដែលកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អាល្លឺម៉ង់ ឬស្ថាប័នរបស់អាល្លឺម៉ង់ផ្សេងទៀតអាចធ្វើការផ្តល់ជូន សេវាជំនួយជាក់លាក់ណាមួយដល់ពួកគេផងដែរ។តាមរយៈការងារនេះ យើងអាចបញ្ចូលសហគ្រិនភាពទៅនឹង ការចូលរួមផ្នែកសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព»។
ក្រុមហ៊ុនគិរីរម្យ ហ្វ៊ូដប្រូដាក់សិន គឺជាអ្នកផលិតអាហារស្ងួត និងដំណាប់ផ្លែឈើធម្មជាតិដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលមានអ្នកតំណាងចែកចាយក្នុងតំបន់ និងអន្តរជាតិ ប្រមាណជាង ៣០០ទីតាំង។
ដោយបានមើលឃើញឱកាសល្អ ក្រុមហ៊ុនគិរីរម្យ ហ្វ៊ូដ ប្រូដាក់សិន កំពុងធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន បន្ថែមទៀត តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយ ដៃគូពាណិជ្ជកម្មមកពីទីផ្សារអឺរ៉ុប ដែលរៀបចំដោយបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
លោកស្រី ម៉ៅ សុធា ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដប្រូដាក់សិន បាននិយាយថា«តាមរយៈការចូលរួមកម្មវិធីនេះ ខ្ញុំអាចភ្ជាប់ជាមួយឈ្មួញអន្តរជាតិ ដើម្បីនាំចេញផលិតផលខ្មែរក្នុងស្រុក។ម្យ៉ាងវិញទៀត វាបានផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ជាច្រើន ក្នុងការកែលម្អគុណភាព និងស្តង់ដារផលិតផលរបស់យើង ដើម្បីជួយសម្រួលដល់ការចូលលក់ទៅកាន់ទីផ្សារអន្តរជាតិ»។
នៅលើមាគ៌ាឆ្ពោះទៅរកភាពជោគជ័យ ការចូលរួមរបស់សហគ្រិន និងការរិះរកវិធីសាស្ត្រថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការគឺមានភាពចាំបាច់។ លើសពីនេះទៅទៀត ការណ៍នេះ អាចជម្រុញកំណើននៃការលូតលាស់របស់អាជីវកម្មក្នុងស្រុក និងជំរុញសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយបានផ្តល់នូវឱកាសការងារថ្មី និងប្រាក់ចំណូលបន្ថែមផងដែរ។
ការផ្តល់ព័ត៌មានដោយបណ្តាញធុរកិច្ចអាល្លឺម៉ង់ គឺធ្វើការបើកទូលាយសម្រាប់ក្រុមហ៊ុន និងអាជីវកម្មឯកជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចាប់យកឱកាសនេះ។
ពិភាក្សាជាមួយបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដើម្បីទទួលបានការណែនាំ ក្នុងការភ្ជាប់បណ្តាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នាពេលឥឡូវនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លោកស្រី បីយ័ងកា អ៊ុនធីក អ្នកសម្របសម្រួលបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា
លេខទូរស័ព្ទ៖ +855 89 290492 និង អ៊ីម៉ែល ៖
កំណត់សម្គាល់៖ នេះគឺជាអត្ថបទមួយនៃកម្រងអត្ថបទរបស់ដៃគូផ្សព្វផ្សាយអំពីបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍ និងទទួលការគាំទ្រមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)