កិច្ចពិភាក្សា«The Open Room» គឺជាវេទិកាចែករំលែកអំពីបទពិសោធន៍របស់យុវជនកម្ពុជា ដែលបានបង្កើតសមិទ្ធផល និងស្នាដៃលេចធ្លោក្នុងអាជីពរបស់ខ្លួន។ វេទិកានេះនឹងពាំនាំមកជាមួយនូវ សារដ៏សំខាន់ៗសម្រាប់យុវជនជំនាន់ក្រោយ ដែលមានគោលបំណងចង់បង្កើតស្នាដៃថ្មីៗសម្រាប់ខ្លួនឯង និងសង្គមនាពេលអនាគត។

កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងដោយ Focus-Ready for Tomorrow ដោយសហការជាមួយនឹង កម្ពុអ៊ែរ៉ា ក្នុងគោលបំណងជម្រុញបង្កើតឱ្យកិច្ចពិភាក្សា និងការចែករំលែកនូវចំណេះទៅដល់យុវជន តាមរយៈការពិភាក្សាបើកទូលាយនេះ។ ប្រធានបទដំបូងនៃកិច្ចពិភាក្សានេះគឺ «ការផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃអត្តសញ្ញាណខ្មែរ»។
សិល្បៈ ជាធាតុផ្សំសំខាន់សម្រាប់សង្គមនីមួយៗ។ សិល្បៈមានការវិវត្តន៍ផ្លាស់ប្តូរទៅតាមសម័យកាល ពេលវេលា និង ស្ថានភាពជាក់ស្តែងនៃសង្គម ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងនៃតថភាពសង្គមទាំងមូលផងដែរ។ ហេតុនេះ អ្នកសិល្បៈ គឺជាតួអង្គសំខាន់ ដែលអាចចែករំលែកចំណេះដឹងសំខាន់ៗទាំងនេះបាន។
ទំព័រដំបូងនៃកិច្ចពិភាក្សានេះ ទទួលបានការចូលរួមពីសិល្បករ សិល្បការរិនីកម្ពុជាឆ្នើម៣រូប គឺកញ្ញា ជុំវណ្ណ សូដាជីវី ហៅថា ប៊ែល នាដការបាំសហសម័យ និងជាគ្រូបង្រៀនផ្នែកដឹកនាំទម្រង់របាំបុរាណនិងសហសម័យ នៅសាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ និងកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា អ្នកចម្រៀងដ៏មានទេពកោសល្យក្នុងការច្រៀង និងនិពន្ធចម្រៀង និងជាសិល្បការិនីជំនាន់ទី៣នៃគ្រួសារត្រកូល «ស៊ីន» ហើយជាចុងក្រោយគឺលោក នាង កាវិច អ្នកដឹកនាំរឿង «ប៊ូឌីញ ស» ឬ «White Building» ដែលមានឈ្មោះបោះសម្លេងនៅក្នុងវិស័យភាពយន្តទាំងក្នុង និងក្រៅប្រទេស។
តាមរយៈបទពិសោធន៍ និងចំណេះដឹងមកពីវិស័យសំខាន់ៗបីផ្សេងគ្នាក្នុងវិស័យសិល្បៈ កិច្ចពិភាក្សានេះ នឹងពាំនាំមកនូវសារសំខាន់ៗ ដែលទាក់ទងទៅនឹងជីវិតការងាររបស់វាយគ្មិននីមួយៗ អមជាមួយនឹងសិល្បៈនៃបង្កើតស្នាដៃថ្មីៗ ដែលបានផ្សារជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតយកមកលាតត្រដាង និងចែកជូនទស្សនិកជនបានទស្សនា។
កុំភ្លេចរង់ចាំតាមដានទស្សនាដោយក្តីរីករាយ ជាមួយកម្មវិធីThe Open Room ដោយចូលទៅកាន់តំណភា្ជប់នេះដើម្បីទស្សនាវីដេអូពេញ។