«ពេលយុវជនចូលរួមក្នុងវិស័យគោលនយោបាយសាធារណៈ ពួកគេអាចយល់ពីរបៀបដែររដ្ឋាភិបាលបង្កើតគោលនយោបាយ និងរៀបចំវិធី ដើម្បីឆ្លើយតប និងរៀនសូត្រពីដំណើរការនេះប្រសិនបើពួកគេអាចចូលរួមនិងបញ្ចេញមតិដោយខ្លួនឯង»
«អំពើហិង្សាផ្លូវភេទ ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអតុល្យភាពនៃអំណាច រវាងជនបង្កនិងជនរងគ្រោះ ដែលទាក់ទងជាមួយទម្រង់នៃការគៀបសង្កត់ផ្សេងៗ ហើយនៅក្នុងករណីកំពុងកើតឡើងនេះ វាជាទម្រង់ ភេទនិងវណ្ណៈនិយម»។ នេះជាការលើកឡើងរបស់កញ្ញា ធាង សូរិយា អ្នកស្រាវជ្រាវវ័យក្មេងលើបញ្ហាយេនឌ័រ សរសេរនៅក្នុងបទវិចារណកថាមួយ នៅលើគេហទំព័រ VOD។
«នោះហើយជាមូលហេតុដែលយើងច្រើនតែឃើញជនល្មើស ដាក់គោលដៅលើជនរងគ្រោះ ដែលមានអំណាចតិចជាងពួកគេ ក្នុងគោលបំណងបំបិទមាត់ និងបំបែកជនរងគ្រោះពីការពិត»។
បទវិចារណកថាមួយនេះត្រូវបានសរសេរឡើង ក្នុងអំឡុងពេលដែលមហាជនបញ្ចេញការមិនពេញចិត្ត ជាសាធារណៈតាមបណ្ដាញសង្គម អំពីករណីថ្មីចុងក្រោយទាក់ទងទៅនឹងការបៀតបៀនផ្លូវភេទលើស្ត្រីធ្វើការ នៅក្នុងវិស័យសិល្បៈ កាលពីឧសភា ឆ្នាំ២០២១កន្លងទៅ។
សំណេរវិចារណកថាទាក់ទងនឹងយេនឌ័រនេះ មិនមែនជាសំណេរដំបូង ដែលសូរិយាសរសេរផ្ញើ មកកាន់ស្ថាប័នព័ត៌មាននោះទេ។
យុវតីវ័យ ២៤ឆ្នាំរូបនេះ កំពុងបន្តដំណើរពង្រឹងជំនាញស្រាវជ្រាវរបស់ខ្លួន នៅឯអង្គការ វេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវបែប Think Tank ឯករាជ្យមួយនៅកម្ពុជា ។
សូរិយា មានចំណាប់អារម្មណ៍ជាពិសេសលើប្រធានបទយេនឌ័រ បិតាធិបតេយ្យ វិសមភាពយេនឌ័រ អំពើហិង្សាក្នុងគ្រួសារ និងផ្នត់គំនិតសង្គមទៅលើអត្តចរិតបុរស/ស្ត្រី។
កញ្ញាបានបន្ថែមថា៖ «ចំនាប់អារម្មណ៍ទៅលើការស្រាវជ្រាវពីយេនឌ័ររបស់ខ្ញុំ កកើតចេញពី ការមើលឃើញពីបញ្ហានេះក្នុងសង្គមផ្ទាល់ ព្រមទាំងការធ្លាប់ជួបប្រទះដោយផ្ទាល់លើបញ្ហាយេនឌ័រ ជាពិសេសទៅលើស្ត្រីនៅក្នុងសហគមន៍របស់ខ្ញុំ»។
ADVERTISEMENT
នៅពេលជានិស្សិត កញ្ញាបានសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ័ អំពីស្ត្រីលើប្រធានបទ «ទំនាក់ទំនងរវាងប្រាក់ចំណូលរបស់ស្រ្តី នឹងអំណាចក្នុងការសម្រេចចិត្តនៅក្នុងគ្រួសាររបស់ពួកគេ»។
ដើម្បីស្វែងរកខ្លួនឯង និងពង្រឹងជំនាញត្រិះរិះពិចារណា កញ្ញាសូរិយាបានសម្រេចចិត្ត ចូលធ្វើការនៅក្នុងវិស័យស្រាវជ្រាវលើគោលនយោបាយសាធារណៈ ក្រោយពេលបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យឯកជនមួយក្នុងឆ្នាំ២០១៩។
សូរិយាបានដាក់ពាក្យចូលរួមក្នុងកម្មវិធី អ្នកស្រាវជ្រាវវ័យក្មេង របស់អង្គការវេទិកាអនាគត ដែលកម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងការសិក្សាស្រាវជ្រាវ អំពីគោលនយោបាយសាធារណៈ ជាមួយប្រធានបទដែលពួកគេចង់ស្វែងយល់។ កម្មវិធីនេះ ក៏បានផ្ដល់ជាទីកន្លែង ដល់យុវជនក្នុងយកគំនិតរបស់ខ្លួន ប្រែក្លាយទៅជាប្រធានបទស្រាវជ្រាវ តាមរយៈការតំរង់ទិសអំពីមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ និងអនុវត្តជាក់ស្តែង។
អង្គការវេទិកាអនាគត ដែលដំណើរការកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេងនោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ក្នុងបេសកម្មបណ្ដុះបណ្ដាលសហគមន៍អ្នកគិតវ័យក្មេង បង្កើតដំណោះស្រាយ គោលនយោបាយវិជ្ជមាន និងបង្កើតការជជែកវែកញែកសំខាន់ៗ។
នៅក្នុងកិច្ចសន្ទនាតាមរយៈ Google Meet លោក អ៊ូ វីរៈ ជាស្ថាបនិក និងប្រធានអង្គការវេទិកាអនាគត បានពន្យល់អំពីស្ថាប័នស្រាវជ្រាវបែប Think Tank ដោយសំដៅទៅលើ ស្ថាប័នផ្នែកគោលនយោបាយសាធារណៈ ធ្វើការលើការស្រាវជ្រាវតាមគោលការណ៍ ស្វែងយល់ពីអំណះអំណាងជាក់ស្ដែង ដោយផ្អែកលើភស្តុតាងនិងអង្គហេតុ ធ្វើការស្នើដំណោះស្រាយ និងការវិភាគទៅលើការយល់ដឹង ដែលមានស្រាប់។
«Think Tank នៅក្នុងភាសាខ្មែរ អាចនឹងពិបាកក្នុងប្រើពាក្យណាមួយមកបង្គ្រប់អត្ថន័យនៃស្ថាប័នមួយនេះ តែខ្ញុំសុំប្រើពាក្យថា “ក្រុមអ្នកគិត”» នេះបើតាមការលើកឡើងរបស់លោក អ៊ូ វីរៈ។
អ្នកជំនាញរូបនេះបានបន្ថែមថា ជាទូទៅ Think Tank ធ្វើការស្ទើរគ្រប់វិស័យ ដែលមន្ទីរ និងនាយកដ្ឋាននានាកំពុងមាន។ ការងាររបស់ Think Tank ផ្ដោតទៅលើបញ្ហាសំខាន់ ក្នុងគោលនយោបាយសាធារណៈ ដែលត្រូវការយកចិត្តទុកដាក់ និងបញ្ហានានា ដែលកំពុងដើរទួនាទីសំខាន់ក្នុងគោលនយោបាយជាតិ ហើយពួកគេធ្វើការជាមួយការគិត ស្វែងរកដំណោះស្រាយគោលនយោបាយ និងមានទំនាក់ទំនងជាមួយសាធារណជន ស្ថាប័នរដ្ឋ និងឯកជន និងជាពិសេសក្រុមយុវជន។
ក្នុងនោះដែរស្ថាប័ន Think Tank កំពុងដំណើរនៅក្នុងប្រទេសកម្ពុជា ដែលគួរឱ្យកត់សំគាល់មានដូចជា វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងអង្គការវេទិកាអនាគតជាដើម។
នៅក្នុងឆ្នាំ ២០២១នេះ ជាឆ្នាំទី៤ហើយ ដែលកម្មវិធី អ្នកស្រាវជ្រាវវ័យក្មេង របស់វេទិកាអនាគត បានដំណើរការ។ ស្ថាបនិកអង្គការនេះ បានពន្យល់ពីមូលហេតុ ធ្វើការជាមួយយុវជនក្នុងការស្រាវជ្រាវ៖ «ដោយសារស្ថាប័នកំពុងសម្លឹងមើលឃើញពីអនាគត នៅពេល១០ឬ២០ឆ្នាំខាងមុខ យុវជននឹងក្លាយជាបុគ្គល ដែលមានឥទ្ឋិពលក្នុងការផ្ដល់យោបល់ ទៅក្នុងគោលនយោបាយសាធារណៈ»។
លោកបន្ថែមថា ជំនាន់ក្រោយនៃកម្ពុជា ជាជំនាន់ដែលមានសក្តានុពលក្នុងការចូលរួមស្រាវជ្រាវ ទៅលើគោលនយោបាយសាធារណៈ និងអាចឈានដល់កម្រិតស្រាវជ្រាវស្តង់ដារអន្តរជាតិ។ លោកមើលឃើញថា យុវជនមានគំនិតបើកទូលាយអំពីលទ្ធភាពថ្មីៗ មិនចង់ធ្វើឡើងវិញនូវវិធីសាស្រ្តចាស់ៗ រកដំណោះស្រាយ និងមានគំនិតច្នៃប្រឌិត ទោះបីពេលខ្លះមិនទាន់មានការទទួលយក ឬមានទំនុកចិត្ត ពីសាធារណជនក៏ដោយ។
វត្តមាននៃ Think Tank អាចបណ្ដុះបណ្ដាលដល់យុវជន នូវការគិតត្រិះរិះពិចារណា និងប្រកបដោយភាពច្នៃប្រឌិត (critical and creative thinking) ព្រមទាំងជាកន្លែងប្រមូលផ្ដុំនូវការពិភាក្សា បញ្ចេញមតិយោងតាមភស្ដុតាងពិត។ នេះបើតាមការលើកឡើងរបស់ស្ថាបនិករូបនេះ ហើយជំនាញអស់ទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់យុវជន ដើម្បីឲ្យពួកគេដឹកនាំប្រទេសឆ្ពោះទៅមុខ។
ក្រៅពីអង្គការវេទិការអនាគត ស្ថាប័នស្រាវជ្រាវបែប Think Tank ដ៏ទៃដូចជា មូលនិធិខុនរ៉ាដ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏បានផ្ដល់ឱកាសដល់យុវជន ជាមួយកម្មវិធីផ្សេងៗ ក៏ដូចជាការសរសេរ អត្ថបទស្រាវជ្រាវ ឬវិចារណកថា ទាក់ទងនឹងគោលនយោបាយ ទំនាក់ទំនងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ច សង្គម ជាដើម។
Think Tank ទាំងនេះ មានការបោះពុម្ពផ្សាយផ្ទាល់ខ្លួន និងតាមការសហការជាមួយស្ថាប័នដទៃ ដូចជា Journal of The Greater Mekong Studies ដោយ CICP សៀវភៅស្រាវជ្រាវជាស៊េរី Cambodia 2040 ដោយមូលនិធិខុនរ៉ាដ សហការជាមួយអង្គការវេទិកាអនាគត និងសៀវភៅ Cambodia’s ASEM Chairmanship 2020: Small Country with Big Tasks ចេញផ្សាយដោយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និង មូលនិធិខុនរ៉ាដ។
សំរាប់សូរិយា វាជារឿងសំខាន់ ដែលយុវជនចូលរួមក្នុងវិស័យគោលនយោបាយសាធារណៈ។ កញ្ញាលើកឡើងថា៖ «ពួកគេអាចយល់ពីរបៀបដែររដ្ឋាភិបាលបង្កើតគោលនយោបាយ និងរៀបចំវិធីដើម្បីឆ្លើយតប និងរៀនសូត្រពីដំណើរការនេះ ប្រសិនបើពួកគេអាចចូលរួមនិងបញ្ចេញមតិដោយខ្លួនឯង ហើយនេះក៏ជារបៀប ដែលពួកគេចូលរួមក្នុងការអភិវឌ្ឍសង្គមផងដែរ។ »
សម្រាប់សូរិយា វិសមភាពយេនឌ័រនៅតែជាបញ្ហាមួយគួរឲ្យកោតសំគាល់ ដោយរាប់តាំងពីផ្នត់គំនិតសង្គមទៅលើស្ត្រី រហូតដល់ការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ឬនយោបាយ។ មួយវិញទៀតសុវត្តិភាពរបស់ស្ត្រី នៅតែជាបញ្ហាចោតជាពិសេសស្ត្រី ដែលស្ថិតក្រោមស្ថានភាពហិង្សាពីគ្រួសារឬដៃគូ។
ទាំងនេះគឺជាអ្វីដែលសូរិយា នឹងប្រើប្រាស់ជំនាញស្រាវជ្រាវ លើគោលនយោបាយសាធារណៈរបស់ខ្លួន ក្នុងនាមជាយុវជនដែលមានសក្ដានុពល ដើម្បីផ្លាស់ប្ដូរអនាគត៕
អានអត្ថបទគួរចាប់អារម្មណ៍ផ្សេងទៀត
បទសម្ភាសន៍៖ សារសំខាន់នៃការស្រាវជ្រាវ
បទសម្ភាសន៍៖ ជំនាញគួរពង្រឹងដើម្បីកុំឱ្យបាត់បង់ការងារ និងងាយរកការងារ
បណ្ណសារឌីជីថលទួលស្លែងបង្កើតភាពងាយស្រួលដល់យុវជនខ្មែរស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរក្រហម