តាមពិតទៅ យើងអាចជៀសវាង ការប្រើប្រាស់ថង់បា្លស្ទិកដែលប្រើប្រាស់បានតែម្តង ទៅរួចបាន។ ឥលូវនេះ សម្ព័ន្ធសណ្ឋាគារមួយនៅខេត្តសៀមរាប បានផ្តល់ជូននូវកញ្ចប់ដើរលេងដោយគ្មានថង់បា្លស្ទិក។ ការអនុវត្តនេះ គឺជាជំហានដ៏ឆ្លាតវៃមួយ ហើយប្រកបដោយនិរន្តរភាពសម្រាប់អាជីវកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច នៅកម្ពុជា។
បណ្តាប្រទេសជាច្រើនលើពិភពលោក កំពុងជួបបញ្ហាក្នុងការគ្រប់គ្រងថង់បា្លស្ទិក ហើយប្រទេសកម្ពុជាក៏បញ្ហាដូចគ្នាដែរ។ ជាប្រចាំ ភ្ញៀវទេសចរតែងតែប្រើប្រាស់ ទុយយោជ័រ ថង់ប្លាស្ទិកបា្លស្ទិក ដបជ័រ ឬប្រអប់ស្នោរ ដែលវត្ថុទាំងនោះ សុទ្ធតែជារបស់មិនអាចបំលែងបាន ហើយមានឥទ្ធិពលអាក្រក់ដល់បរិស្ថាន។
តាមពិតទៅ យើងអាចជៀសវាង ការប្រើប្រាស់ថង់បា្លស្ទិកដែលប្រើប្រាស់បានតែម្តង ទៅរួចបាន។ ឥលូវនេះ សម្ព័ន្ធសណ្ឋាគារមួយនៅខេត្តសៀមរាប បានផ្តល់ជូននូវកញ្ចប់ដើរលេងដោយគ្មានថង់បា្លស្ទិក។ ការអនុវត្តនេះ គឺជាជំហានដ៏ឆ្លាតវៃមួយ ហើយប្រកបដោយនិរន្តរភាពសម្រាប់អាជីវកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច នៅកម្ពុជា។
អ្នកស្រី Joni Aker អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ Treeline Urban Resort ដែលមានទីតាំងនៅទីក្រុងសៀមរាប តែងតែមានសកម្មភាពក្នុងជួយការពារបរិស្ថានក្នុងស្រុក តាមរយៈការចូលរួមរើសសំរាមក្នុងសហគមន៍ និងគម្រោងជាច្រើនទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ចំពោះទីរួមខេត្តសៀមរាប ដែលជាទីតាំងទេសចរណ៍ពេញនិយម សម្រាប់អ្នកដែលប្រាថ្នាទៅទស្សនាប្រាសាទអង្គរវត្ត មានមនុស្សកាន់តែច្រើន ដែលមានគំនិតក្នុងការធ្វើឱ្យបរិស្ថានកាន់តែប្រសើរឡើង។ អ្នកស្រី Joni Aker និងអ្នកគ្រប់គ្រងសណ្ឋាគារផ្សេង២រូបទៀត គឺ Karl Diederich និង Christian de Boer បានសហការគ្នា។ លោក Diederich ជានាយកគ្រប់គ្រងរបស់សណ្ឋាគារប៊ូទិក Mulberry រីឯលោក de Boer គឺជានាយកគ្រប់គ្រងសណ្ឋាគារ Jaya House។
ការប្រកបអាជីវកម្មក្នុងក្នុងវិស័យដូចគ្នា ពេលខ្លះតែងតែមានការប្រកួតប្រជែង។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេកំពុងធ្វើការជាមួយគ្នា ក្នុងគោលបំណងតែមួយ គឺដើម្បីធ្វើឱ្យទីក្រុងមានសោភ័ណភាព ដោយការបង្កើតជាគំរូគ្មានបា្លស្ទិកមួយ សម្រាប់អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ចដទៃទៀតក្នុងស្រុក។
លោក Karl Diederich អ្នកគ្រប់គ្រងសណ្ឋាគារប៊ូទិក Mulberry បាននិយាយថា៖ «វិធីល្អបំផុតដើម្បីបង្កើតឱ្យមានទេសចរណ៍ប្រកបដោយនិរន្តរភាព គឺការដែលយើងធ្វើការជាមួយគ្នា ទូទាំងសណ្ឋាគារ និងការធ្វើការជាមួយដៃគូរដែលមានគំនិតដូចគ្នា។ ទាំងអស់នេះ នឹងបង្កើតការផ្តល់ជូនថ្មីមួយ ដល់ភ្ញៀវទេសចរដែលមានគម្រោងចង់ស្នាក់នៅក្នុងខេត្តសៀមរាប»។
សណ្ឋាគារទាំងបី មិនប្រើប្រាស់ដបជ័រសម្រាប់ទឹកបរិសុទ្ធ ដាក់ក្នុងទូរទឹកកក ដែលនៅក្នុងបន្ទប់គេង និងគេលែងឃើញមានប្រអប់ស្នោរសម្រាប់ខ្ចប់អាហារ នៅក្នុងចង្រ្កានបាយទៀតដែរ។ សណ្ឋាគារទាំងបី ក៏បានហាមឃាត់ មិនឱ្យមានការប្រើប្រាស់ដបជ័រដាក់សាប៊ូកក់សក់ ដែលសណ្ឋាគារភាគច្រើន និយមប្រើនោះដែរ។ ផ្ទុយទៅវិញ សណ្ឋាគារទាំងបីនេះ កំពុងប្រើប្រាស់ផលិតអនាម័យប្រើប្រាស់ក្នុងបន្ទប់ទឹកដែលបង្កើតក្នុងស្រុក តាមរយៈការចម្រាញ់ចេញពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ។
នៅពេលចូលដល់ក្នុងបន្ទប់ ភ្ញៀវនឹងឃើញដបកែវដាក់ទឹក ដែលអាចចាក់ទឹកថែមបានគ្រប់ពេល។ ទន្ទឹមនឹងនេះ ភ្ញៀវអាចទិញដបទឹកដែកដែលអាចប្រើប្រាស់ឡើងវិញ ក្នុងតម្លៃសមរម្យមួយ ដែលអាចទិញជាវត្ថុអនុស្សាវរីយ៍ក៏បាន។ សម្រាប់ផលិតផលអនាម័យបឋម ភ្ញៀវនឹងទទួលបានតាមរយៈការស្នើសុំ ក៏សុទ្ធសឹងតែជាផលិតផលក្នុងស្រុក ដែលបង្កើតពីឫស្សី និងវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយអាចបំលែងបាន។
ភ្ញៀវក៏អាចខ្ចប់អាហារសម្រាប់ពិកនិក ដើម្បីទទួលទាននៅតាមប្រាសាទបុរាណក្នុងតំបន់អង្គរ ដោយមិនបារម្ភចំពោះការបន្សល់នូវផលប៉ះពាល់អវិជ្ជមាន នៅកន្លែងបេតិកភណ្ឌនេះផងដែរ។ គេអាចធ្វើទៅបាន ដោយសារខាងសណ្ឋាគារ នឹងផ្តល់ជូនការខ្ចប់ ដោយប្រអប់ត្បាញពីស្លឹកឈើ ដែលផលិតឡើងក្នុងស្រុក ដោយសិប្បករក្នុងខេត្តសៀមរាប។
ក៏ប៉ុន្តែ ចលនាថែរក្សាបរិស្ថានទាំងនេះ មិនមែនកើតឡើង នៅតែកន្លែងដែលភ្ញៀវមើលឃើញនោះទេ។ អ្នកគ្រប់គ្រងទាំងបីនិយាយថា វិធានការដើម្បីបរិស្ថាននេះ ចាប់ផ្តើមតាំងពីការរកប្រភពអាហារ ក៏ដូចជាយកកាកសំណល់អាហារទៅធ្វើជីកំប៉ុស ព្រមទាំងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីដាំទឹកក្តៅ។
អ្នកស្រី Aker បានឱ្យដឹងថា ការធ្វើឲ្យបុគ្គលិកមានការជឿជាក់ចំពោះទស្សនៈថែរក្សាបរិស្ថាន គឺមានសារសំខាន់ណាស់ សម្រាប់ឲ្យការផ្លាស់ប្តូរទម្លាប់នេះ រីកចម្រើនទៅមុខ។ រឿងនេះអាចធ្វើទៅបាន ដោយសារជំនួយក្នុងរូបភាពជាការបណ្តុះបណ្តាល និងធនធានមួយចំនួនពីស្ថាប័នដៃគូផ្សេងៗរបស់យើងដូចជា Plastic Free Southeast Asia Naga Earth និង Clean Green Cambodia។
លោក De Boer ក៏ជាសហស្ថាបនិករបស់យុទ្ធនាការអន្តរជាតិ Refill Not Landfill ដែលយុទ្ធនាការនេះ មានគោលបំណងលុបបំបាត់កាកសំណល់ដបទឹកជ័រប្រើប្រាស់មួយដង។ លោកបាននិយាយថា ជំហានទាំងនោះមានភាពងាយស្រួល ហើយត្រូវការការវិនិយោគតិចតួចប៉ុណ្ណោះ។
ជាក់ស្តែង កាលពី៣ឆ្នាំមុន ក្រុមការងាររបស់លោកបានឱ្យថង់ក្រណាត់នីឡុង និងបានសំណូមពរឱ្យអាជីវកម្មដែលផ្គត់ផ្គង់ចេកស្រស់ៗ មកផ្នែកចង្រ្កានបាយរបស់សណ្ឋាគារ JayaHouse ឱ្យឈប់ប្រើប្រាស់ការខ្ចប់ថង់បា្លស្ទិក។ វាជាដំណើរការដ៏ខ្លីមួយ វាត្រឹមតែជាការសន្ទនាប្រហែលជា១០នាទីប៉ុណ្ណោះ ប៉ុន្តែសន្ទនារយៈពេលដ៏ខ្លីមួយនោះ ដើម្បីលុបបំបាត់នូវប្រភពដើមនៃថង់ខ្ចប់ដែលប្រើប្រាស់បានតែម្តង។
លោក De Boer និយាយថា៖ «វាមានរឿងតូចៗបែបហ្នឹងច្រើន ដែលយើងអាចដឹង តាមរយៈការគុណនឹង ៣៦៥បាន។ នេះគឺជាគំនរបា្លស្ទិកដូចភ្នំ ដែលយើងបានលុបបំបាត់ ហើយយើងនឹងធ្វើឱ្យប្រាកដថា បា្លស្ទិកទាំងនេះ នឹងមិនទៅដល់គំនរសំរាម ឬទន្លេ»។
លើសពីការមិនប្រើប្រាស់បា្លស្ទិក អ្នកគ្រប់គ្រងសណ្ឋាគារទាំងបីរូបនេះ ក៏បានផ្តល់ជាការគាំទ្រយ៉ាងខ្លាំង លើការបោសសំអាត និងដាំដើមឈើនៅ ជុំវិញក្រុងសៀមរាប។ ក្នុងនោះដើមឈើជាង ១៥០០ ដើម ត្រូវបានគាំទ្រដោយក្រុមការងាររបស់សណ្ឋាគារ Jaya House ដោយផ្ទាល់។ គម្រោងដាំដើមឈើចុងក្រោយរបស់សណ្ឋាគារ Jaya House រួមជាមួយសណ្ឋាគារដៃគូរផ្សេងទៀត បានបន្ថែមឱ្យមានដើមឈើប្រមាណ៧០ដើមទៀត ទៅដែនដីបៃតងក្នុងខេត្តសៀមរាប ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
ពួកគេនិយាយថា៖ «សកម្មភាពទំនួលខុសត្រូវសង្គមងាយៗនេះ មានប្រយោជន៍ដល់ប្រជាជនដែលរស់នៅទីនេះ ភ្ញៀវទេសចរ និងសត្វព្រៃ ក្នុងរយៈពេលយូរអង្វែង ជាច្រើនឆ្នាំទៅមុខទៀត។»
ឥលូវនេះ ការខិតខំ ត្រូវបានគេមើលឃើញ និងទទួលបានការផ្តល់តម្លៃក៏ពិតមែន គោលដៅចម្បង ក្នុងរយៈពេលវែងនោះគឺ ដើម្បីផ្លាស់ប្តូរវប្បធម៌នៃទម្លាប់រស់នៅឆ្ពោះទៅរកភាពបៃតង។ អ្នកគ្រប់គ្រងទាំងបីរកឃើញថា មានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ហើយអ្វីដែលសំខាន់ដែលនោះគឺ អ្នកដែលតែងតែសម្អាតដើម្បីអនាម័យក្នុងសហគមន៍ បាននឹងក្លាយជាតំណាងមួយក្នុងសង្គមកម្ពុជា។
អ្នកស្រី Aker បានមានប្រសាសន៍ថា៖ « នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការប្រភេទនេះជាយូរមកហើយ ភាគច្រើន តែងតែជាជនបរទេសនិងអាជីវកម្មដែលជំរុញឱ្យមានការអប់រំបរិស្ថាន។ ប៉ុន្តែនៅយុទ្ធនាការសម្អាតសំរាមធំៗ នាពេលថ្មីៗនេះ មុនពិធីបុណ្យអុំទូក ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតមួយ របស់ប្រទេសកម្ពុជា ចលនានេះមានការផ្លាស់ប្តូរទាំងស្រុង»។
«ពេលនោះយើងឃើញមានសាលា និងស្ថាប័នក្នុងស្រុកជាច្រើន។ ខ្ញុំរាប់មិនអស់ទេ។ វាពិតជាទិដ្ឋភាពអស្ចារ្យមួយ ដែលឃើញ ក្មេងៗក៏ដូចជាយុវជន ព្រោះពួកគេគឺជាអនាគតរបស់ប្រទេសជាតិ ហើយរឿងជាច្រើនបាននឹងកំពុងផ្លាស់ប្តូរ»៕
កំណត់និពន្ធ៖ អត្ថបទនេះ ចេញផ្សាយដំបូងក្នុងទស្សនាវដ្តី Discover ឆ្នាំ២០២០-២០២១ និងត្រូវបានប្រែសម្រួលជាភាសាខ្មែរ