តើពេលចុងឆ្នាំ គឺជាពេលដែលសាកសមបំផុតសម្រាប់ការតាំងចិត្តសម្រាប់ឆ្នាំថ្មីមែនទេ?
ឆ្នាំថ្មី គំនិតថ្មី? តើអ្នក ឬមនុស្សនៅជុំវិញខ្លួនអ្នក តែងតែរៀបចំការតាំងចិត្តថ្មីនៅពេលចុងឆ្នាំ? ប៉ុន្តែចុងក្រោយ ក៏ធ្វើចិត្តមិនបាន មិនអាចសម្រេចតាមការតាំងចិត្តទាំងនោះដែរឬទេ?
អ្នកមិនមែនជាមនុស្សតែម្នាក់ ដែលឆ្លងកាត់បទពិសោធន៍បរាជ័យបែបនេះនោះទេ។
យោងតាមការសិក្សាមួយក្នុងឆ្នាំ ២០០៧ ពីសាកលវិទ្យាល័យប្រីសស្ទុល (Bristol University) ទាក់ទងការតាំងចិត្តសម្រាប់ឆ្នាំថ្មី គឺរកឃើញថា ៩២% មិនបានជោគជ័យនោះទេ។ ហើយបើផ្អែកតាមសារព័ត៌មានរបស់អាមេរិក U.S. News & World Report បានរាយការណ៍ថា ៨០% នៃការតាំងចិត្តសម្រាប់ឆ្នាំថ្មី បរាជ័យនៅត្រឹមពាក់កណ្ដាលខែកុម្ភៈ។
តើការតាំងចិត្តសម្រាប់ឆ្នាំថ្មីជាអ្វីឱ្យប្រាកដ?
ការតាំងចិត្តសម្រាប់ឆ្នាំថ្មី គឺជាបាតុភូតវប្បធម៌មួយ ដែលបានក្លាយជាប្រធានបទដ៏ពេញនិយមមួយ នៅពេលដំណាច់ឆ្នាំ។ អ្នកដាក់គោលដៅអ្វីមួយ ដែលកំណត់ខ្លួនឯងសម្រេចធ្វើឱ្យបាននៅឆ្នាំថ្មី។ អ្នកប្រហែលជាបានឮអំពីទំនោរនេះ ពីមិត្តភ័ក្ដិ សមាជិកគ្រួសារ បណ្ដាញសង្គម និង ពីអាជីវកម្មផ្សេងៗ។
«ចុះឈ្មោះនៅកន្លែងហាត់ប្រាណរបស់យើងសម្រាប់ឆ្នាំថ្មី ដើម្បីចំណេញបាន៥០%!»
«ខ្ញុំមាឌធំណាស់។ ខ្ញុំនឹងសម្រកទម្ងន់ឆ្នាំក្រោយ!»
«ព្រះអើយ! ខ្ញុំត្រូវតែសន្សំលុយឆ្នាំក្រោយ!»
«ពួកយើងគួរចាប់ផ្ដើម ឈប់ជក់បារីឆ្នាំក្រោយ!»
ដោយសារតែមជ្ឈដ្ឋានជុំវិញខ្លួន អ្នកប្រហែលជាគិតថា ខ្លួនឯងគួរតែធ្វើដូចគេដូចឯងដែរ កំណត់ការតាំងចិត្តសម្រាប់ឆ្នាំថ្មី ស្រដៀងៗគ្នា។ ប៉ុន្តែបញ្ហានោះគឺថា «គោលដៅ» ទាំងនោះ ប្រហែលទទួលបានមកពីសម្ពាធមិត្តភ័ក្ដិ។
តើទាំងនោះ ជាអ្វីដែលអ្នកចង់បានពិតប្រាកដមែនឬអត់? វាប្រហែលជាមិនមែនទេ ប្រសិនបើអ្នកមិនដឹងថា អ្នកធ្វើវាដើម្បីអ្វី? ប្រសិនបើអ្នកមិនច្បាស់ពីខ្លួនឯង ការតាំងចិត្តសម្រាប់ឆ្នាំថ្មី មិនត្រឹមតែជារឿងមិនបានផលនោះទេ ប៉ុន្តែ ក៏វាអាចផ្តល់ហានិភ័យដល់ខ្លួនអ្នកផងដែរ៕
នេះគឺអត្ថបទទី១ នៃកម្រងអត្ថបទអំពី ការតាំងចិត្តសម្រាប់ឆ្នាំថ្មី។ យើងនឹងជួបគ្នានៅអត្ថបទបន្ទាប់ ដើម្បីដឹងពីរបៀបពិនិត្យមើលថា ការតាំងចិត្តសម្រាប់ឆ្នាំថ្មី ដែលអ្នកទើបតែកំណត់ ពិតជាមានប្រយោជន៍សម្រាប់អ្នក។