ហ្សែនជាស្នូលនៃសភាវៈមានជីវិតទាំងអស់នៅលើផែនដី។ មនុស្សមានភ្នែកខៀវ សក់ខ្មៅ ច្រមុះធំ ជាដើម សុទ្ធតែជាលទ្ធផលនៃការរំលេចចេញរបស់ហែ្សន។ តើអ្នកដែលស្រម៉ៃដែរឬទេថា គេអាចកាត់តហ្សែន ដើម្បីទទួលបានតាមអ្វីដែលគេចង់បាន។ វិធីសាស្ត្រនេះ ត្រូវបានប្រើប្រាស់ទៅលើ បន្លែ ផ្លែឈើ និងរុក្ខជាតិមួយចំនួន នៅតាមបណ្ដាប្រទេសផ្សេងៗ។ តើអ្នកដឹងថា យើងប្រហែលជាកំពុងប្រើប្រាស់ផលិតផលទាំងនោះទេ?
បច្ចេកទេសចំណីអាហារ មានតួនាទីសំខាន់ក្នុងការពង្រឹងគុណភាពអាហារូបត្ថម្ភរបស់អាហារ ដើម្បីធានានូវសុវត្ថិភាព និងការពារជំងឺផ្សេងៗដែលអាចបង្កឡើងពីអាហារ។ បច្ចេកទេសចំណីអាហារ អាចជួយកាត់បន្ថយ អាហារឆាប់ផ្អូម ឬការឆ្លងមេរោគ ហើយជាពិសេស ការពារកង្វះអាហារូបត្ថម្ភនិងភាពអត់ឃ្លាន។ មុនងាររបស់បច្ចេកទេសចំណីអាហារ សម្រាប់ជីវិតរស់នៅ និងសុខភាព គឺទូលំទូលាយ។ អាហារដែលឆ្លងកាត់បច្ចេកទេសចំណីអាហារ ផ្លាស់ប្ដូរហ្សែនត្រូវបានហៅជាទូទៅថា GMO ។ តើយើងគួរឈ្វេងយល់ពីចំណុចអ្វីខ្លះទាក់ទង ពីបច្ចេកទេសចំណីអាហារ?
តើអ្វីទៅជាផលិតផល GMO?
GMO មកពីភាសាអង់គ្លេសថា Genetically Modified Organism សំដៅទៅលើ រុក្ខជាតិ និងសត្វ ដែលហ្សែនរបស់វា ត្រូវបានកែប្រែនៅមន្ទីរពិសោធន៍ ដោយប្រើប្រាស់វិស្វកម្មផ្នែកហ្សែន និងបច្ចេកវិជ្ជាវិទ្យាសាស្ត្រ។ វិធីនេះ រួមបញ្ចូលនៃការប្រើប្រាស់ហ្សែនរបស់ដើមឈើ សត្វ បាក់តេរី និងមេរោគផ្សេងៗ ដែលមិនបានកើតឡើងដោយធម្មជាតិ ឬតាមរយៈការបង្កាត់ពូជបែបប្រពៃណី ក្នុងគោលបំណងពង្រឹងគុណភាពដំណាំ ឬភាពធន់ទៅនឹងអាកាសធាតុខ្លាំងរបស់ដំណាំ ទាំងក្ដៅខ្លាំង ឬត្រជាក់ខ្លាំង។ ឧទាហរណ៍ ការកំណត់ពណ៌សាច់របស់ត្រីសាល់មុន ឪឡឹកមានគ្រាប់តិច ពូជល្ហុងដែលធន់ទៅនឹងមេរោគជាដើម។
ហេតុអ្វីបានជាគួរមានផលិតផល GMO?
នៅត្រឹមឆ្នាំ ២០៤៩ ប្រជាជននៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចំនួនរហូតទៅដល់ ៩ពាន់លាននាក់។ នេះជាភាពប្រឈមសម្រាប់វិស័យកសិកម្ម ពីព្រោះថា តើយើងអាចផលិតអាហារដែលមានជីវជាតិគ្រប់គ្រាន់ ប្រកបដោយចីរភាពដោយរបៀបណា ដើម្បីផ្គត់ផ្គង់ដល់មនុស្សទាំង៩ពាន់លាននាក់? ជាមួយគ្នានេះផងដែរ
របាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅឆ្នាំ ២០១៧ បានបង្ហាញថា នៅឆ្នាំ ២០១៦ ប្រជាជនពិភពលោកប្រមាណជា ៨១៥លាននាក់រងគ្រោះពី បញ្ហាភាពអត់ឃ្លានជាសកល។
ដោយសារការណ៍នេះ ទើបអ្នកស្រាវជ្រាវចំណីអាហារ អនុវត្តន៍វិធីសាស្ត្រ ផលិតអាហារតាមបែប GMO អាចពង្រីកទិន្នផលនៃផលិតផលកសិកម្មនៃដំណាំ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជនពិភពលោក។
តើផលិតផលកសិកម្ម GMO ត្រូវបង្កើតឡើងដោយរបៀបណា?
យោងតាមអត្ថបទស្រាវជ្រាវមួយ ស្តីពី មូលហេតុដែលយើងត្រូវដាំដំណាំបែប GMO នៅក្នុងវិស័យកសិកម្ម ដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីសមាគមសុខភាពប្រចាំរដ្ឋ Missouri, សហរដ្ឋអាមេរិកបានឱ្យដឹងថា វិធីផ្ទេរហ្សែននៅក្នុងដំណាំរុក្ខជាតិ ជាធម្មតាមាន ពីរដំណាក់កាល៖
ទី១៖ ការផ្ទេរហ្សែន ទៅក្នុងកោសិការុក្ខជាតិ
ទី២៖ ការបណ្ដុះរុក្ខជាតិ ដែលបានដាក់បញ្ចូលហ្សែនចង់បាន នៅក្នុងមន្ទីរពិសោធន៍
ហេតុអ្វីបានជាមានការព្រួយបារម្ភពីផលិតផលកសិកម្ម GMO?
ទាក់ទិនជាមួយនឹងផលិតផលកសិកម្ម GMO គោលបំណងចម្បងគឺដើម្បីពង្រីកទិន្នផលដំណាំ បំពេញតម្រូវការប្រជាជនពិភពលោក។ យ៉ាងណាមិញ ពិភពលោកក៏សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពនៃផលិតផលកសិកម្ម GMO លើសុខភាពរបស់មនុស្ស និងការប៉ះពាល់បរិស្ថាន ជាពិសេសការរំខានលើប្រព័ន្ធអេកូឡូស៊ី ដោយសារការផ្ទេរហ្សែនពីសារពាង្គកាយមួយ ទៅសារពាង្គកាយមួយទៀត។
អង្គការសុខភាពពិភពលោក បានរាយការណ៍ថា ផលិតផលកសិកម្ម GMO ដែលដាក់ឱ្យប្រើប្រាស់ នៅពេលបច្ចុប្បន្នទូទាំងពិភពលោក បានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃសុវត្ថិភាព ហាក់ ដូចជាមិនបានបង្ហាញនូវហានិភ័យដល់សុខភាពរបស់មនុស្សនោះទេ សម្រាប់ប្រជាជននៅក្នុងប្រទេសដែលបានអនុញ្ញាតការប្រើប្រាស់ផលិតផលនេះ។
តើផលិតផលកសិកម្ម GMOមានបិតស្លាកបញ្ជាក់ដែរឬទេ?
ប្រទេសចំនួន ៦៤ នៅជុំវិញពិភពលោក រួមមានប្រទេសអូស្ត្រាលី ជប៉ុន និងប្រទេសនៅតំបន់អឺរ៉ុប តម្រូវឱ្យមានផ្លាកបិតបញ្ជាក់ផលិតផលកសិកម្ម GMO ។ ដោយឡែក ប្រទេសកាណាដា មិនបានតម្រូវឱ្យមានផ្លាកបញ្ជាក់នោះទេ នេះបើយោងទៅតាម គេហទំព័ររបស់ អង្គការ Global Food Safety Resource ។
សម្រាប់ប្រទេសកម្ពុជា ទោះបីជាមិនមានការអនុវត្ត ឬប្រើប្រាស់ផលិតផលកសិកម្ម GMO ក្នុងចំណោមសាធារណៈជន គេសង្កេតឃើញថា នៅលើកញ្ចប់ផលិតផលកសិកម្មមួយចំនួនបានបិទស្លាកសញ្ញាសម្គាល់ថា ផលិតផលរបស់ពួកគេមិនមែនជា GMO នោះទេ។
ជារួម ប្រជាជនមួយចំនួន មិនទាន់ទុកចិត្តនូវផលិតផលកសិកម្ម GMO ទាំងស្រុង ហើយ និយមជ្រើសរើសផលិតផលសរីរាង្គជំនួសវិញ (Organic) ដើម្បីសុខភាព។