តើអ្វីទៅជាការអនុវត្ត ការផ្ដាច់ខ្លួនពីបណ្តាញទំនាក់ទំនងសង្គម (Social Media Detox) ? ហើយអ្នកគួរអនុវត្តវានៅពេលណា?
នៅទូទាំងពិភពលោក មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មសរុប ៣,៨ ពាន់លាននាក់ ក្នុងនោះរួមមាន Facebook, Twitter, Instagram, Youtube និងកម្មវិធីទំនាក់ទំនងដទៃទៀត។ ក្នុងនោះ ៧៤.១៧%ជាអ្នកប្រើប្រាស់ Facebook។
មនុស្សភាគច្រើន តែងតែឱ្យហេតុផលនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមស្រដៀងគ្នាថា គឺដើម្បីទំនាក់ទំនងជាមួយមនុស្សដទៃ ជាពិសេសមនុស្សជាទីស្រឡាញ់របស់ខ្លួន ស្គាល់មនុស្សថ្មីៗ ទទួលបានព័ត៌មានផ្សេងៗទាំងក្នុងនិងក្រៅស្រុក ឬការទទួលបានដំណឹងពីទីតាំងទេសចរណ៍ថ្មីដែលទាក់ទាញជាដើម។ ហេតុផលទាំងនេះ បាននឹងកំពុងក្លាយទៅជាលេស ដែលធ្វើឱ្យប្រជាជនក្នុងតំបន់អាស៊ី ចំណាយពេលលើការអូសមើលប្រកាសនាៗនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម (Newsfeed) ជាមធ្យម២ម៉ោង១៥នាទីក្នុងមួយថ្ងៃ ដោយគ្មានគោលបំណងច្បាស់លាស់។
ជារៀងរាល់ថ្ងៃ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ទទួលបានព័ត៌មាន ក៏ដូចជារឿងរ៉ាវគ្រប់ប្រភេទទាំងអស់ ដែលទោះបីជាពេលខ្លះ ពួកគេមិនចង់ដឹងឮពីវាក៏ដោយ។ ព័ត៌មាន និងរឿងរ៉ាវខ្លះ ដែលពួកគេទទួលបាននោះ កំពុងជះឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ទាំងល្អនិងអាក្រក់ដោយមិនដឹងខ្លួន។
និយមន័យរបស់ពាក្យ ការផ្តាច់ខ្លួនពីបណ្តាញទំនាក់ទំនងសង្គម
កត្តាដែលបណ្តាញសង្គម បានជះឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃ ធ្វើឱ្យមនុស្សមួយចំនួន ងាកមកចាប់ផ្តើមអនុវត្តការរស់នៅដោយមិនប្រើប្រាស់បណ្ដាញសង្គម ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា “Social Media Detox”។ ដូចដែលអ្នកដឹងស្រាប់ Social Media សំដៅលើបណ្ដាញទំនាក់ទំនងសង្គម ឬនិយាយខ្លីថា បណ្តាញសង្គម ដែលក្រុមហ៊ុនធំៗ មានការនិយមប្រើច្រើនរួមមានFacebook, Twitter, Instagram និង Tumblr ជាដើម។ សម្រាប់ពាក្យថា “Detox” គឺជាពាក្យកាត់របស់ពាក្យពេញ “Detoxification” ដែលភាសាខ្មែរមានន័យថា “ការបន្សាបឬបំបាត់ជាតិពុល”។ ជារួម Social Media Detox ត្រូវបានគេប្រើប្រាស់ ដើម្បីសំដៅលើការណ៍ដែលបុគ្គលណាម្នាក់ ផ្ដាច់ខ្លួនឬមិនប្រើប្រាស់បណ្តាញសង្គម ដោយស្ម័គ្រចិត្តក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ។ មនុស្សភាគច្រើន អនុវត្តការរស់នៅដោយមិនប្រើប្រាស់បញ្តាញសង្គម ក្នុងរយៈពេលមួយសប្ដាហ៍ ឬមួយខែ។
បុគ្គលម្នាក់ៗ មានហេតុផល និងគោលបំណងផ្សេងៗគ្នា ក្នុងការរស់នៅដោយមិនប្រើប្រាស់បណ្តាញសង្គម ក្នុងនោះ កត្តាជម្រុញធំៗរួមមាន ការមិនចង់ក្លាយខ្លួនជាអ្នកញៀនបណ្តាញសង្គមខ្លាំងពេក ការចង់កាត់បន្ថយភាពតានតឹងបង្កមកពីការប្រើប្រាស់បណ្តាញសង្គមច្រើនពេក ការចង់បង្កើនតម្លៃលើការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងការផ្ចង់អារម្មណ៍ពេលធ្វើការងារ ក្នុងការធ្វើការងារជាងមុនជាដើម។
វត្តមានរបស់បណ្ដាញសង្គមបានជួយសម្រួលការងាររបស់បុគ្គលជាច្រើន ប៉ុន្តែ មានចំណុចពីរយ៉ាងធំៗ ដែលបណ្តាញសង្គម កំពុងបំផ្លាញអ្នកប្រើប្រាស់នោះគឺ ការធ្វើឱ្យមនុស្សជាច្រើន ជាពិសេសអ្នកដែលកើតក្នុងជំនាន់ឌីជីថល (Digital Native) មានបញ្ហាក្នុងការចាប់ផ្តើមការសន្ទនាជាមួយបុគ្គលដទៃទៀតដោយផ្ទាល់មុខ និងការប្រៀបធៀបជីវិតរបស់ខ្លួន ជាមួយជីវិតអ្នកដទៃ ដោយពេលខ្លះ យើងមិនបានដឹងថា វាជាការពិតឬមិនពិតយ៉ាងណានោះទេ។
សារៈសំខាន់នៃការរស់នៅដោយមិនប្រើប្រាស់បណ្ដាញសង្គម
សារៈសំខាន់ទូទៅ ដែលមនុស្សភាគច្រើន បានចែករំលែកពីការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃ ដោយមិនប្រើប្រាស់បញ្តាញសង្គមរួមមាន៖
- បញ្ឈប់ការប្រៀបធៀប ៖ អ្នកប្រហែលជាធ្លាប់ឃើញរូបភាពតារាបង្ហាញម៉ូត ដែលមានរាងស្គម មានកម្ពស់ខ្ពស់តាមបណ្តាញសង្គមរបស់អ្នក។ ហើយពេលនោះ វាធ្វើឱ្យអ្នកមិនពេញចិត្តនឹងរាងរៅរបស់ខ្លួនឯង។ តាមពិតទៅ អ្នកមិនមានជាមនុស្សតែម្នាក់ ដែលមានអារម្មណ៍បែបនេះនោះទេ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យផេនស៊ីលវេនៀ បានរកឃើញថា ការប្រើប្រាស់បណ្តាញសង្គមធ្វើឱ្យអ្នកប្រើប្រាស់ចូលចិត្តប្រៀបធៀបខ្លួននឹងអ្នកដទៃ ដែលវាធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ហេតុនេះ ការដកខ្លួនពីបណ្តាញសង្គមទាំងនោះម្តងម្កាល អាចធ្វើឱ្យអ្នកមើលឃើញតម្លៃរបស់ខ្លួនឯង ដោយមិនចាំបាច់យកនរណាជាគំរូ។
- ការពារឯកជនភាពរបស់ខ្លួនឯង៖ ឯកជនភាពរបស់អ្នក គឺជាអ្វីដែលក្រុមហ៊ុនបណ្តាញសង្គមធំៗចង់បានបំផុត ព្រោះវាធ្វើឱ្យមានភាពងាយស្រួលក្នុងកំណត់គោលដៅការផ្សាយពាណិជ្ជកម្ម។ ដូចនេះ ការររស់នៅដោយមិនប្រើប្រាស់បណ្តាញសង្គម ដោយលុបបណ្តាញសង្គមទាំងនោះចេញពីកុំព្យូទ័រ ឬទូរស័ព្ទអ្នកអាចជួយការពារឯកជនភាពរបស់អ្នកបានមួយកម្រិត។
- កាត់បន្ថយអារម្មណ៍ប្រកួតប្រជែង៖ វាជារឿងល្អមួយ ប្រសិនបើអ្នកមិនដែលមានអារម្មណ៍បែបនេះ។ ប៉ុន្តែវាជាធម្មជាតិរបស់បណ្តាញសង្គម ដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ ប្រកួតប្រជែងជាមួយអ្នកប្រើប្រាស់ដទៃ ជាពិសេសលើចំនួនអ្នកចុចចូលចិត្ត (like)និងបញ្ចេញមតិ ទៅលើប្រកាស (comment on post) នីមួយៗជាដើម។ អារម្មណ៍បែបនេះ អាចនាំឱ្យមានបញ្ហាផ្លូវចិត្តបាន។ ដូចនេះអ្នកអាចកាត់បន្ថយអារម្មណ៍ប្រកួតប្រជែង ដោយផ្អាកមិនប្រើប្រាស់បណ្តាញសង្គម ក្នុងការរស់នៅមួយរយៈ នៅពេលណាអ្នកមានអារម្មណ៍បែបនេះ ។
- ជួយធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាងមុន៖ ការប្រើប្រាស់បណ្តាញសង្គមមានទំនាក់ទំនងនឹងជំងឺធ្លាក់ទឹកចិត្ត (Depression)។ ដូចនេះ ជាជាងការបើកចូលបណ្តាញសង្គមររបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍តានតឹង អ្នកគួរតែដកខ្លួនចេញពីវាវិញ ពីព្រោះអ្វីដែលអ្នកទទួលបានពីក្នុងបណ្តាញសង្គមនៅពេលនោះ អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ កាន់តែតានតឹងជាងមុនទៀត។
- មានពេលទំនេរច្រើនជាងមុន៖ មនុស្សមួយចំនួនតែងតែគិតថា ខ្លួនឯងមិនមានពេលគ្រប់គ្រាន់ សម្រាប់ខ្លួនឯងក្នុងការហាត់ប្រាណ ឬបោសសម្អាតផ្ទះ ប៉ុន្តែពួកគេបែរជាមានពេល សម្រាប់ចូលមើលបណ្តាញសង្គមរបស់ខ្លួន។ ការរស់នៅដោយមិនប្រើប្រាស់បណ្តាញសង្គមនឹងធ្វើឱ្យអ្នកមានពេលទំនេរច្រើនជាងមុន ព្រមទាំងជួយឱ្យសម្រេចបានគោលដៅផ្សេងៗ ដោយសារតែមិនមានការរំខានពីឌីជីថល។
សញ្ញាដែលអ្នកគួរតែអនុវត្តការផ្ដាច់ខ្លួនពីបណ្ដាញសង្គមក្នុងពេលកំណត់មួយ
មនុស្សគ្រប់រូប អាចអនុវត្តការរស់នៅដោយគ្មានបណ្តាញសង្គម ក្នុងពេលណាសមស្របណាមួយក្នុងជីវិត ប៉ុន្តែបុគ្គលដែលចាំបាច់ត្រូវអនុវត្តការរស់នៅបែបនេះ នៅពេលដែលពួកគេមានសញ្ញាទាំងអស់នេះ ៖
- មានអារម្មណ៍តានតឹង និងពិបាកក្នុងការរស់នៅ រាល់ពេលដែលមិនបានចូលមើលបណ្តាញសង្គម
- មានអារម្មណ៍ថា ខ្លួនត្រូវតែចូលមើលបណ្តាញសង្គមរបស់ខ្លួនគ្រប់ពេល
- មានអារម្មណ៍តានតឹង និងធុញទ្រាន់ពេលចូលមើលបណ្តាញសង្គមរបស់ខ្លួនហើយ
- ឱ្យតម្លៃលើចំនួនអ្នកចុចចូលចិត្ត (like) បញ្ចេញមតិយោបល់ (comment) និងចែករំលែកប្រកាស (share) ឬរូបភាពរបស់អ្នក
- មានអារម្មណ៍ថា ខ្លួននឹងមិនដឹងព័ត៌មានអ្វីមួយ ប្រសិនបើអ្នកមិនចូលមើលបណ្តាញសង្គមរបស់ខ្លួន
- តែងតែចូលគេងយប់ជ្រៅ ឬចង់ងើបលឿន ដើម្បីចូលមើលបណ្តាញសង្គមរបស់ខ្លួន
- មានការលំបាកក្នុងការផ្តោតអារម្មណ៍ ផ្ចង់ស្មារតីលើការធ្វើអ្វីមួយប្រសិន បើមិនបានចូលមើលបណ្ដាញសង្គមរបស់ខ្លួន៕