សម្រាប់យុវជនជំនាន់ថ្មី ចំណុចដែលទាក់ទាញក្នុងការប្រឡូកក្នុងវិស័យការងារ មិនបានផ្តោតសំខាន់ទៅលើប្រាក់បៀវត្សន៍ល្អមួយមុខនោះទេ។ ការអភិវឌ្ឍសមត្ថភាព ឯករាជ្យភាព សេរីភាព ការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកក្នុងក្រុមការងារ ជាពិសេសបទពិសោធន៍ ដែលអាចនឹងជួយសម្រេចបានអ្វីមួយជារបស់ខ្លួនឯងនៅថ្ងៃអនាគត ជាការងារដែលពួកគេកំពុងស្វែងរក។
ប្រជាជនខ្មែរធ្លាប់មានទស្សនៈថា ការបម្រើការងារជូនរដ្ឋដែលមានភាពអចិន្ត្រៃយ៍ និងប្រាក់ចូលនិវត្តន៍ ជាអ្វីដែលមនុស្សទូទៅតែងតែពិចារណា និងឱ្យតម្លៃ។ នៅពេលនិយាយពីផ្នត់គំនិតធ្វើជំនួញទាល់តែជាប់ខ្សែស្រឡាយចិន គឺទើបពូកែរកសុី និងឈ្លាសវៃ។ ហើយអ្នកមិនគួរចាប់ផ្តើមរករកសុី ឬវិនិយោគទៅលើអ្វីមួយ នៅវ័យក្មេងពេកនោះទេ។ តើទស្សនៈអាចមានការផ្លាស់ប្តូរដែរឬទេ ក្នុងចំណោមយុវជនខ្មែរជំនាន់ថ្មី និងស្ថានភាពសង្គមការងារនាពេលបច្ចុប្បន្ន?
យោងតាមរបាយការណ៍របស់ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចុះផ្សាយកាលពីចុងឆ្នាំ២០២០ បានបង្ហាញថា យុវជនខ្មែរប្រមាណ ១.៨០០ នាក់បានចូលរួមក្នុងទិវាសហគ្រិនភាពកម្ពុជា (CED ២០២០) ដែលធ្វើឡើងតាមរយៈអនឡាញ។ ក្នុងចំណោមអ្នកចូលរួម មាន៧៣ភាគរយ មានអាយុចាប់ពី១៦ដល់២០ឆ្នាំ ហើយជាង ៧០ ភាគរយនៃអ្នកចូលរួមក្នុងឆ្នាំនេះ បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួន។
យោងតាមរបាយការណ៍របស់ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចុះផ្សាយកាលពីចុងឆ្នាំ២០២០ បានបង្ហាញថា យុវជនខ្មែរប្រមាណ ១.៨០០ នាក់បានចូលរួមក្នុងទិវាសហគ្រិនភាពកម្ពុជា (CED ២០២០) ដែលធ្វើឡើងតាមរយៈអនឡាញ។ ក្នុងចំណោមអ្នកចូលរួម មាន៧៣ភាគរយ មានអាយុចាប់ពី១៦ដល់២០ឆ្នាំ ហើយជាង ៧០ ភាគរយនៃអ្នកចូលរួមក្នុងឆ្នាំនេះ បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួន។
កញ្ញា លាង ឡាណា ជាបុគ្គលិកបម្រើធនាគារឯកជនម្នាក់ ដោយបម្រើការងារអស់រយៈពេលជាង៤ឆ្នាំរួចមកហើយ។ កញ្ញាបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ទៅលើជីវិតការងារប្រចាំថ្ងៃរបស់ខ្លួនថា៖ « ពីដំបូងខ្ញុំចូលចិត្តការងាររបស់ខ្ញុំ ព្រោះវាបានបង្រៀនខ្ញុំទាំង hard skill និង soft skill។ ប៉ុន្តែឥលូវនេះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាធុញ ព្រោះត្រូវធ្វើការងារដដែលៗរាល់ថ្ងៃ ហើយមិនមានអ្វីថ្មី ដែលអាចជួយឱ្យខ្ញុំរីកចម្រើនទៅមុខទៀត»។
មន្រ្តីប្រតិបត្តិការពាណិជ្ជកម្មជាន់ខ្ពស់រូបនេះ យល់ថាដើម្បីសម្រេចបាននូវការងារដ៏ជោគជ័យមួយ នៅក្នុងជីវិតការងាររបស់ខ្លួន គឺខ្លួនត្រូវបន្តស្វែងរកនូវចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀត មុននឹងសម្រេចចាប់យក អាជីវកម្មណាមួយបន្ថែមទៀត នៅថ្ងៃខាងមុខ។ ការបម្រើការ នៅក្នុងវិស័យឯកជនតែមួយមុខនេះ មិនអាចជួយខ្លួនឯងសម្រេចគោលដៅនោះឡើយ ។
មន្ត្រីវ័យ២៥ឆ្នាំនេះ បាននិយាយថា« ខ្ញុំចង់រកការងារបន្ថែមពីការងារនេះ ឬបង្កើតមុខរបរអ្វីមួយសម្រាប់ខ្លួនឯងនៅថ្ងៃខាងមុខ ព្រោះមិនបាច់ត្រូវធ្វើការនៅក្រោមសម្ពាធការងារពីគេ ហើយខ្ញុំចង់ធ្វើអ្វីដែលថ្មីៗ ដែលជួយឱ្យខ្ញុំរីកចម្រើន និងប្រាក់ចំណូលសមរម្យតាមសមត្ថភាពរបស់ខ្លួន។»
ទាក់ទងនឹងគម្រោងការផ្លាស់ប្តូរមុខរបរនេះ កញ្ញា លាង ឡាណា ក៏បានគិតពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា ព្រោះមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវស្វែងយល់បន្ថែម ក្នុងការផ្លាស់ប្តូរការងារពីវិស័យមួយ ទៅវិស័យមួយទៀត ដែលខុសពីគ្នាស្ទើរតែទាំងស្រុង ហើយទំនួលខុសត្រូវអាចនឹងធំជាងមុន។ ប៉ុន្តែគាត់យល់ឃើញថា វាជាអ្វីដែលខ្លួន គួរតែហ៊ានសាកល្បង នៅក្នុងជីវិតការងារ រួមទាំងទទួលយកការបរាជ័យផងដែរ។
គាត់បាននិយាយថា « ការប្តូរមុខរបរពីការធ្វើការឱ្យគេ មករកសុីដោយខ្លួនឯងវិញ ជារឿងលំបាក ប៉ុន្តែខ្ញុំជាមនុស្សដែលចូលចិត្តគិតអី ទៅមុខឱ្យហើយ ចឹងទោះបីជាវាបរាជ័យ ខ្ញុំគិតថាយ៉ាងណាក៏បានព្យាយាមហើយ ប៉ុន្តែបើយើងមិនបានព្យាយាម ទើបជាការបរាជ័យមួយដ៏ធំសម្រាប់ខ្ញុំ។»
ជីវិតការងារក្នុងក្តីស្រម៉ៃ របស់កញ្ញា ឡាណា គឺជាការងារដែលអាចជួយឱ្យខ្លួនមានសេរីភាពក្នុងការសម្រេចចិត្តអភិវឌ្ឍសមត្ថភាពខ្លួនឯង និងអ្នកជុំវិញខ្លួន ហើយជាពិសេស មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារគ្រួសារ ដោយមិនផ្តោតសំខាន់ខ្លាំងទៅលើប្រាក់ចំណូលធំតែមួយមុខគត់នោះទេ។
តើនេះគ្រាន់តែជាការយល់ឃើញពីជ្រុងមួយរបស់យុវវ័យ ឬជារបត់ការងារសម្រាប់មនុស្សជំនាន់ថ្មី?
បើយើងក្រឡេកទៅមើលប្រមាណត្រឹមតែមួយទសវត្សន៍មុន សម្រាប់យុវជនខ្មែរ ការបង្កើតមុខរបររកសុីដោយខ្លួនឯង ការលក់ដូរទំនិញតាមអនឡាញ និងការធ្វើការងារជាលក្ខណៈឯករាជ្យ (freelance) នៅមិនទាន់មានការពេញនិយម ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងជាងមុន។
«វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារការប្រើប្រាស់អុីនធឺណិត មានភាពងាយស្រួលជាងមុន និងមានតម្លៃសមរម្យ»។ នេះបើការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានចុះផ្សាយនៅក្នុងការសិក្សាមួយរបស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ស្តីពីបង្កើតអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា ែដលបានចុះផ្សាយកាលពីឆ្នាំ២០២០កន្លងមកនេះ។
ការសិក្សាជាច្រើនទៀត ក៏បានបង្ហាញផងដែរថា មូលហេតុដែលអាចធ្វើឱ្យបរិបទមនុស្សចំពោះការងារមានការផ្លាស់ប្តូរ អាចបណ្តាលមកពីកត្តាផ្សេងៗដូចជា កត្តាបច្ចេកវិទ្យាដែលធ្វើឱ្យមានភាពស្រួលជាងមុនក្នុងការធ្វើការ ហើយងាកមកចង់ធ្វើអ្វីទាក់ទងនឹងការប្រើប្រាស់ការគិត និងភាពច្នៃប្រឌិតកត្តារីកលូតលាស់នៃសេដ្ឋកិច្ច និងកត្តាចិត្តសាស្ត្ររបស់មនុស្ស ដែលមានការផ្លាស់ប្តូរដោយសារបរិយាកាសកន្លែងការងារ សុខភាពផ្លូវកាយនិងផ្លូវចិត្ត និងការរំពឹងទុកជាដើម។
បើផ្អែកទៅលើការសិក្សារបស់លោកស្រី Cherlyn Cran ជាសហគ្រិន និងជាអ្នកនិពន្ធសៀវភៅជនជាតិកាណាដាដ៏ល្បីមួយរូប បានរកឃើញថា ក្រុមមនុស្សដែលកើតជំនាន់ Y (១៩៨១-១៩៩៦) និង ជំនាន់ Z (១៩៩៧-២០១២)នេះ ភាគច្រើនចូលចិត្តធ្វើការងារដែលទាក់ទងនឹងភាពច្នៃប្រឌិត អាចជួយដោះស្រាយបញ្ហាពិភពលោក ហើយមានឱកាសអាចប្រើជំនាញពិសេសរបស់ខ្លួន។
ទស្សនៈរបស់ក្រុមមនុស្សជំនាន់ទាំងនេះ ច្រើនយល់ថាការស្វែងរកការងារណា ដែលមានអ្នកដឹកនាំល្អ ហើយអាចជួយបំផុសគំនិតថ្មីៗ និងចែករំលែកចំណេះដឹង ក្នុងការជួយឱ្យខ្លួនបានរីកចម្រើនក្នុងអាជីពនៅថ្ងៃខាងមុខ គឺជាចំណុចសំខាន់។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោក កាលពីថ្មីៗកន្លងមកនេះ បានបង្ហាញថា ៣០% នៃចំនួនប្រជាជនពិភពលោក កំពុងធ្វើការរកសុីដោយខ្លួនឯង (self-employed)។ ហើយតួលេខនេះ នឹងកាន់តែកើនឡើងខ្លាំង នាពេលអនាគត ជាពិសេសនៅពេលក្រុមមនុស្សដែលកើតជំនាន់Y ជាច្រើនបានចាកចេញពីមហាវិទ្យាល័យ ដើម្បីចូលក្នុងទីផ្សារការងារ។ស្របពេលនេះដែរ អ្នកខ្លះទៀតបានចាប់ផ្តើមបោះបង់ការងារ ហើយងាកមកបង្កើតការងារ ឬមុខរបរអ្វីមួយសម្រាប់ខ្លួនឯង។ ការសិក្សាដដែលនេះ ក៏បានលើកឡើងផងដែរថា ក្រុមមនុស្សដែលកើតជំនាន់Yនេះ មិនសូវចង់ធ្វើការឱ្យអ្នកដទៃលើសពីបីឆ្នាំនោះទេ។
តើទំនោរនេះ អាចនាំមកនូវគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ទាក់ទិននឹងការផ្លាស់ប្តូរនេះ កញ្ញា សារឿន លក្ខណា ជាប្រធានគម្រោង នៃសហគ្រាសសង្គម She Investment ដែលបង្កើតឡើងនៅឆ្នាំ២០១៤ ដើម្បីផ្តល់ជូននូវកម្មវិធីជំនួយគាំទ្រនិងពន្លឿនអាជីវកម្មសម្រាប់ស្ត្រីនៅកម្ពុជា បានចែករំលែកតាមការយល់ឃើញរបស់ខ្លួនថា យុវជនខ្មែរហាក់ដូចជាមានគំនិតចង់បង្កើតអាជីវកម្ម និងធ្វើការឱ្យខ្លួនឯងច្រើនជាងមុន។
ក្រៅពីជួយឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ការចូលរួមរបស់យុវជនដើរតួនាទីយ៉ាងសំខាន់ណាស់ នៅក្នុងអាជីវកម្មសង្គម ដោយពួកគេអាចជួយដល់ការអភិវឌ្ឍសង្គម សហគមន៍ បរិស្ថាន បង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងធ្វើឱ្យមានការផ្លាស់ប្តូរធំជាងអ្វី ដែលយើងអាចស្រមៃបាន។
អ្នកជំនាញវ័យក្មេងរូបនេះ ក៏បានបន្ថែមទៀតផងដែរថា តាមបទពិសោធន៍របស់ខ្លួន ធ្វើការក្នុងវិស័យសហគ្រិនភាព និងអាជីវកម្មនៅកម្ពុជា ការចាប់ផ្តើមធ្វើអាជីវកម្មនីមួយៗអាចជួបបញ្ហាប្រឈម ចំនួនបីធំៗរួមមាន ប្រព័ន្ធទ្រទ្រង់ ដែលជាការផ្តល់ជំនួយក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងការបង្រៀនម្ចាស់អាជីវកម្ម ឬសហគ្រិនថ្មីៗក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លូន ឱ្យបានត្រឹមត្រូវ ក៏ដូចជាផ្តល់នូវឱកាសសម្រាប់ការបង្កើតបណ្តាញជាមួយនឹងស្ថាប័នដទៃ និងជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ។
ចំនុចទីពីរគឺ ក្រុមការងារ ដែលជាចំណុចមួយយ៉ាងសំខាន់ ក្នុងការធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ប៉ុន្តែយុវជនភាគច្រើន មានការលំបាកក្នុងការស្វែងរកក្រុមការងារ ព្រោះម្នាក់ៗមានជំនាញផ្សេងៗពីគ្នា ហើយភាគច្រើនពួកគេអាចជាបោះបង់ចោលនូវអាជីវកម្មរបស់ខ្លួន និងធ្វើការងារផ្សេងទៀតជំនួសវិញក៏មាន។
ចំណុចចុងក្រោយគឺ បញ្ហាក្នុងដំណើរចាប់ផ្តើមដំបូង។ ភាគច្រើននៃការវិនិយោគទៅលើអ្វីមួយ អ្នកនឹងអាចលះបង់នូវធនធាន ដូចជា ប្រាក់កាស និងពេលវេលាច្រើន ហើយមិនទទួលបានលទ្ធផលដូចដែលបានគ្រោងទុក។ ទាំងនេះគឺជាចំណុចសំខាន់ ដែលត្រូវពិចារណាសំរាប់អ្នករកសុីវ័យក្មេងទាំងអស់ តើពួកគេបានត្រៀមខ្លួនហើយឬនៅ?
អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យយុវវ័យ ដែលមានគំនិតចង់សម្រេចចិត្តចាប់យកអាជីវកម្ម ឬការវិនិយោគទៅលើអ្វីមួយ គួរពិចារណាទៅលើចំណុចសំខាន់ទាំងបីខាងលើនេះ។ ជាពិសេស មុននឹងសម្រេចចិត្តវិនិយោគទៅលើអ្វីមួយភ្លាមៗ គួរតែធ្វើការថ្លឹងថ្លែងឱ្យបានច្បាស់លាស់រវាងការធ្វើឱ្យអ្នកដទៃ ឬក្រុមហ៊ុន ដោយអ្នកមិនចាំបាច់ព្រួយបារម្ភថា អ្នកនឹងមិនមានប្រាក់ខែនៅចុងខែ និងការប្រកបអាជីវកម្ម ឬវិនិយោគអ្វីមួយដោយខ្លួនឯងដោយមានសេរីភាព ប៉ុន្តែអ្នកនឹងមានទំនួលខុសត្រូវធំជាងមុន ចំពោះការងារ ប្រាក់ចំណូលចំណាយប្រចាំខែ សម្រាប់ខ្លួនឯង រួមទាំងអ្នកដទៃផងដែរ៕