ប្រជាជនកម្ពុជាភាគច្រើនបានរក្សាអនាម័យដោយការលាងដៃនៅពេលមានវត្តមានរបស់ជំងឺរាតត្បាតកូវីដ១៩ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះ។ ប្រជាជនមួយចំនួនថានឹងបន្តអនុវត្តការលាងដៃនេះ បើទោះជាកម្ពុជាអស់មានជំងឺកូវីដ១៩ក្តី។
ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ជំងឺកូវីដ១៩ ជាការរាតត្បាតសកល (Global Pandemic) កាលពីខែមីនា កន្លងមក ក្រសួងសុខាភិបាល ក៏ដូចជាអង្គការពាក់ព័ន្ធមួយចំនួននៅក្នុងប្រទេសកម្ពុជា បានណែនាំ និងខិតខំក្រើនរំលឹកប្រជាជនឱ្យអនុវត្តការលាងដៃជាមួយសាប៊ូ ឬប្រើទឹកថ្នាំសម្លាប់មេរោគដៃជារឿយៗក្នុងរូបភាពជាច្រើន។ ការណែនាំទាំងនោះធ្វើតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) វិទ្យុ ទូរទស្សន៍ ការបិទប័ណ្ណប្រកាសតាមសង្កាត់ ឬសហគមន៍ និងការចាក់មេក្រូដឹកតាមរ៉ឺម៉ក ឬម៉ូតូកង់បីប្រកាសតាមភូមិ ជាដើម។
អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បញ្ជាក់ថា ការលាងដៃឱ្យបានញឹកញាប់ គឺជាវិធីការពារមួយដែលអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺរាតត្បាតកូវីដ១៩។
លោក សុត តារុន ជាអ្នករត់ម៉ូតូឌុបម្នាក់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា គាត់ចាប់ផ្តើមលាងដៃញឹកញាប់ជាងមុននៅពេលមានជំងឺនេះកើតឡើង។ គាត់ថាកាលមុន ភាគច្រើនគាត់លាងដៃតែពេលចូលផ្ទះក្រោយពីរត់ឌុបប៉ុណ្ណោះ។
លោក តារុន លើកឡើងថា៖ «កាលពីមុនផ្អើលដូចធម្មតាៗ ប៉ុន្តែឥឡូវនេះប្រយ័ត្នខ្លាំងតែម្តង។ ពេលមានកូវីដនេះ លាងដៃញឹកញាប់ជាងមុនច្រើន។ មួយថ្ងៃលាងរាប់ដងមិនអស់។ ចេញពីផ្ទះបាញ់ ដឹកភ្ញៀវបាញ់ បាញ់លាងរហូត»។
ដូចគ្នានេះដែរ កញ្ញា ស្រី ផាន ជាអ្នកលក់បន្លែម្នាក់នៅផ្សារគីឡូលេខបួនក្នុងរាជធានីភ្នំពេញ បាននិយាយថា កាលពីមុននៅពេលកំពុងលក់ កញ្ញាមិនសូវបានលាងដៃជាប់លាប់នោះទេ។ ប៉ុន្តែពេលមានជំងឺ កញ្ញាអនុវត្តអនាម័យលាងដៃនេះបានល្អប្រសើរជាងមុនឆ្ងាយ។
កញ្ញា ផាន ប្រាប់ថា៖ «ឥឡូវពេលលក់ ខ្ញុំលាងដោយការបាញ់អាល់កុលជាប្រចាំ។ និយាយរួមទៅក្នុងកាបូបសុទ្ធតែ ជែល (Gel) និងអាល់កុល»។
កាលពីថ្ងៃទី៥ ខែឧសភា ដែលជាទិវាអនាម័យដៃពិភពលោកលើកទី១០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសារអប់រំសុខភាពមួយដោយលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកសុខាភិបាល អនុវត្តអនាម័យដោយការលាងដៃនេះឱ្យបានល្អមួយកម្រិតទៀត។ ក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសារអប់រំនោះថា ការលាងដៃគឺជាវិធីដ៏ងាយមួយដែលមនុស្សគ្រប់រូបអាចធ្វើបាន ដើម្បីចូលរួមចំណែកកាត់បន្ថយការចម្លងមេរោគឆ្លងផ្សេងៗក្នុងប្រទេស។ ក្រសួងសុខាភិបាល ណែនាំបន្តថា ការលាងសម្អាតដៃ គឺមិនមែនអនុវត្តត្រឹមតែក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងពិភពលោកនេះប៉ុណ្ណោះទេ គឺត្រូវអនុវត្តឱ្យបានជាប្រចាំជារៀងរាល់ថ្ងៃ។
ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ឱ្យរក្សាអនាម័យក្នុងពេលមានជំងឺកូវីដនេះ ហាក់ទទួលបានការយកចិត្តទុកដាក់ពីប្រជាជន ដោយហេតុថាមនុស្សគិតថាខ្លួនអាចមានឱកាសឆ្លងជំងឺថ្មីនេះ ប្រសិនបើខ្លួនមិនអនុវត្តតាមការណែនាំ។ ជាក់ស្តែង គេសង្កេតឃើញថាមនុស្សម្នាបានចេញទៅទិញសាប៊ូលាងដៃ ជាពិសេសទឹកថ្នាំសម្លាប់មេរោគដៃ និងជែល ដើម្បីប្រើប្រាស់ និងស្តុកទុក រហូតដល់កន្លែងលក់ខ្លះលក់អស់ពីស្តុកក៏មាននៅពេលមានករណីឆ្លងមានការកើនឡើងខ្លាំង។
ទាំងលោក សុត តារុន និង កញ្ញា ស្រី ផាន បានប្រាប់ឲ្យដឹងថា ពួកគាត់នឹងបន្តអនុវត្តការលាងដៃនេះ បើទោះបីជាពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយជាងមុនក៏ដោយ។
លោក តារុន បង្ហាញពីការប្ដេជ្ញាចិត្តថា៖ «ខ្ញុំនឹងបន្តប្រយ័ត្នរហូតទោះជាពេលលែងមានជំងឺកូវីដ១៩នេះក៏ដោយ ពីព្រោះខ្ញុំមិនទុកចិត្ត ដោយសារយើងមើលមេរោគមិនឃើញ»។ រីឯកញ្ញា ផាន បានលើកឡើងដែរថា៖ «ខ្ញុំនឹងបន្តការលាងដៃ ក៏ដូចជាធ្វើអនាម័យនេះរហូត ពីព្រោះយើងមិនទាន់ដឹងថាវ៉ាក់សាំងនឹងរួចរាល់នៅពេលណានៅឡើយ»។
យោងតាមទិន្នន័យរបស់អង្គការ UNICEF ប្រចាំនៅកម្ពុជា ដែលជាដៃគូផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាបការយល់ដឹងរបស់ប្រជាជនជុំវិញបញ្ហាជំងឺកូវីដ១៩ បានឱ្យដឹងថា សារអំពីការលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ត្រូវបានផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជាសឹងតែគ្រប់តំបន់ទៅហើយមកទល់ពេលនេះ។
លើសពីនេះ យុទ្ធនាការក្នុងគោលបំណងលើកកម្ពស់អនាម័យដោយការលាងដៃរបស់ប្រជាជនកម្ពុជាដោយក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធនានា ត្រូវបានបង្កើតឡើងជារឿយៗតាំងពីមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះទៅទៀត។
ទោះជាយ៉ាងណា របាយការណ៍របស់អង្គការ UNICEF ប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០១៩ បង្ហាញថា ៤០% នៃប្រជាជនខ្មែរនៅជនបទមិនមានកន្លែងលាងដៃដែលមានសាប៊ូ និងទឹកនោះទេ បើធៀបទៅនឹង ១២% នៃប្រជាជនរស់នៅទីក្រុង។ ប៉ុន្តែអង្គការ UNICEF កត់សម្គាល់ថា ស្ថានភាពនៃការអនុវត្ត និងការយល់ដឹងពីអនាម័យដោយការលាងដៃរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើង បើទោះជាភាពប្រសើរនេះនៅមានកម្រិតសម្រាប់ប្រជាជននៅជនបទក៏ដោយ។
លោកវេជ្ជបណ្ឌិត សុខ ស្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យក្រសួងសុខាភិបាល បានឱ្យដឹងថា ការលាងដៃពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ លោកបានសង្កត់ធ្ងន់ថា៖ «ដូចជាប្រធានបទរបស់ទិវាអនាម័យដៃឆ្នាំនេះអ៊ីចឹង ការលាងដៃពិតណាស់គឺជាការសង្គ្រោះជីវិត ពីព្រោះដៃយើងប្រឡូកប្រឡាក់ជាមួយរបស់ជាច្រើនដែលយើងមើលមិនឃើញរួមទាំងមេរោគនានាផងដែរ»។
អ្នកជំនាញក្នុងវិស័យសុខាភិបាលលើពិភពលោកជឿជាក់ថា ការប្រើប្រាស់ទឹកថ្នាំសម្លាប់មេរោគដៃ ឬជែលក្នុងការលាងដៃជាជម្រើសល្អ នៅពេលដែលយើងមិនមានសាប៊ូ និងទឹកស្អាត។ ប៉ុន្តែយើងមិនត្រូវគិតថាវាអាចជំនួសការលាងដៃជាមួយសាប៊ូ និងទឹកនោះទេ។ ទឹកថ្នាំសម្លាប់មេរោគដៃ ឬជែលមានឥទ្ធិពលកម្ចាត់មេរោគ និងបាក់តេរីបានមួយកម្រិត។ ក៏ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពដូចការលាងដៃនឹងសាប៊ូ និងទឹកនោះទេ។
លោកវេជ្ជបណ្ឌិត សុខ ស្រុន ពន្យល់បន្ថែមថា៖ «ការលាងដៃជាមួយសាប៊ូ និងទឹក គឺលាងដើម្បីជម្រុះមេរោគ។ រីឯការលាងជាមួយអាល់កុលជាការសម្លាប់មេរោគ»៕