នៅក្នុងខែមេសានេះ ក្លឹបសៀវភៅរបស់ Focus ផ្តោតលើវប្បធម៌ខ្មែរ ស្របពេលដែលយើងនឹងប្រារព្ធពិធីចូលឆ្នាំខ្មែរ។
នៅក្នុងខែមេសានេះ គឺជាពេលដែលប្រជាជនខ្មែរ ប្រារព្ធពិធីចូលឆ្នាំតាមបែបប្រពៃណី។ ដូច្នេះ ដើម្បីជំរុញទឹកចិត្តអ្នកទាំងអស់គ្នា ឱ្យចូលជ្រៅលើសពីការអបអរចូលឆ្នាំ ក្លឹបសៀវភៅរបស់ Focus បានជ្រើសយកប្រធានបទទាក់ទងនឹងវប្បធម៌ខ្មែរ។ យើងបានជ្រើសយកសៀវភៅជាភាសាខ្មែរ ចំនួន៥ក្បាល ដែលទាក់ទងអំពីផ្នែកណាមួយ ក្រោមមែកធាងវប្បធម៌ មកអាន។ ដូចដែលយើងធ្លាប់បានសិក្សា មែងធាងវប្បធម៌គឺមានលក្ខណៈធំទូលាយណាស់។ ដូច្នេះយើងសង្ឃឹមថា សៀវភៅទាំងនេះនឹងបង្កើតជាគំនិតមូលដ្ឋានមួយ ដែលនឹងជំរុញទឹកចិត្តយុវជនខ្មែរ ឱ្យស្រឡាញ់ ចូលរួមថែរក្សា ក៏ដូចជាច្នៃបង្កើតគំនិតថ្មីៗ ចេញពីគំនិតគោលទាំងនេះ។
ស្រូវក្នុងប្រពៃណីខ្មែរ
សរសេរដោយ ភិន សំណាង
ណែនាំដោយ បូរិន សុភាវុទ្ធតី
អំពីសៀវភៅ៖
សៀវភៅនេះសរសេររៀបរាប់ពីស្រូវ ដែលជាដួលព្រលឹងនៃជនជាតិខ្មែរ ប៉ុន្តែមិនផ្ដោតទាំងស្រុងលើប្រវត្តិនៃការរកឃើញ ការដាំដុះ និង ការបរិភោគស្រូវនៅក្នុងប្រទេសកម្ពុជានោះទេ។ ផ្ទុយទៅវិញ សៀវភៅនេះផ្តោតសំខាន់លើតួនាទីស្រូវក្នុងសង្គមខ្មែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ស្រូវក្នុងជំនឿ ពិធីសែនព្រេន ឬបុណ្យប្រពៃណីផ្សេងៗ ដែលលើសពីអ្វីយើងធ្លាប់បានដឹងពីមុនមក។ សៀវភៅនេះជាស្នាដៃនិពន្ធ និងស្រាវជ្រាវដោយ អ្នកបុរាណវិទ្យា លោក ភិន សំណាង បោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត ក្នុងឆ្នាំ២០១១។
មូលហេតុនៃការណែនាំ៖
ដូចដែលយើងដឹងស្រាប់ ស្រូវ គឺជាដំណាំដ៏សំខាន់មួយប្រភេទ សម្រាប់ប្រជាជនខ្មែរ និង ប្រជាជននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ បាយ គឺជាសមិទ្ធផលសម្រេចរបស់ស្រូវ ដែលជាម្ហូបមិនអាចអត់បាន នៅក្នុងអាហារប្រចាំថ្ងៃរបស់ប្រជាជនប្រចាំតំបន់នេះ។ តាមរយៈការអានសៀវភៅនេះ អ្នកនឹងបានដឹងពីសារៈសំខាន់ និងតួនាទីរបស់ស្រូវក្នុងសង្គមខ្មែរបន្ថែម ដែលលើសពីការផ្តល់ជាអង្ករ និង បាយសម្រាប់ការបរិភោគ និងលក់ដូរប្រចាំថ្ងៃ។ ពេលអានចប់សៀវភៅមួយក្បាលនេះ អ្នកនឹងបានយល់ច្បាស់ពី ប្រភេទស្រូវផ្សេងៗនៅក្នុងជីវិតរបស់ប្រជាជនខ្មែរ រឿងព្រេងពីស្រូវ ជំនឿផ្សេងៗដែលជនជាតិខ្មែរមាននៅក្នុងការធ្វើស្រែ ពិធីបុណ្យដែលទាក់ទងនឹងទិន្នផលស្រូវ និងតួនាទីសំខាន់របស់ស្រូវក្នុងពិធីផ្សេងៗរបស់ប្រជាជនខ្មែរផងដែរ។
ក្បាច់ខ្មែរ
សរសេរដោយ ច័ន្ទ វិត្ថារិន្ទ និង ព្រាប ចាន់ម៉ារ៉ា
ណែនាំដោយ សំ ដារ៉ា
អំពីសៀវភៅ៖
«ក្បាច់ខ្មែរ» ជាសៀវភៅមួយប្រភេទដែលប្រមូលផ្ដុំទៅដោយមេរៀន នឹងរូបភាពជាច្រើន អំពីគំរូក្បាច់រចនារបស់ខ្មែរយើង។ ក្បាច់ទាំងអស់ដែលមាននៅក្នុងសៀវភៅនេះ គឺផ្អែកលើការស្រាវជ្រាវ ពិនិត្យមើលស្នាដៃចាស់ៗ ការសិក្សាទៅលើប្រាសាទបុរាណ និងសំណង់ដែលមានវ័យចំណាស់មួយចំនួន។ លើសពីនេះទៅទៀត អ្នកនិពន្ធទាំងពីរក៏បានសិក្សាបានបន្ថែមតាមរយៈ ការសាកសួរពីសាស្ត្រាចារ្យដែលធ្លាប់បានយល់ដឹងពីមុនៗ បូករួមជាមួយបទពិសោធន៍របស់លោកទាំងពីរ ដែលបានសិក្សានៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនា។ សៀវភៅនេះផ្ដោតសំខាន់ទៅលើការរចនាក្បាច់ខ្មែរ ដោយចាប់ផ្ដើមតាំងពីការបង្ហាញក្បាច់មូលដ្ឋាន រហូតដល់ការបង្ហាញពីរបៀបគូរ និងការបំបែកក្បាច់តាំងពីសន្លឹកក្បាច់ដំបូងរហូតដល់ចេញជារូបភាពក្នុងការតាក់តែង។ គ្រប់ក្បាច់សុទ្ធសឹងតែត្រូវបានយកមកបង្ហាញដោយមានទ្រុងទ្រាយជារូបភាព បូករួមជាមួយការពន្យល់ជាពីរភាសា – ខ្មែរ និងអង់គ្លេស – ដែលវាបានផ្ដល់ភាពងាយស្រួលដល់អ្នកអានក្នុងការសិក្សាស្វែងយល់អំពីក្បាច់នីមួយៗ។ ស្នាដៃនិពន្ធមួយនេះត្រូវបានចងក្រងឡើងដោយលោក ច័ន្ទវិត្ថារិន្ទ និង លោក ព្រាប ចាន់ម៉ារ៉ា បោះពុម្ពផ្សាយដោយវិទ្យាស្ថានរៃយំ ក្នុងឆ្នាំ២០០៥។
មូលហេតុនៃការណែនាំ៖
ក្បាច់ខ្មែរជាច្រើនត្រូវបានប្រទះឃើញឆ្លាក់នៅតាមប្រាសាទបុរាណខ្មែរនានា វត្តអារាម ព្រះបារមរាជវាំងជាដើម។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នគេសង្កេតឃើញនៅតាមផ្ទះមួយចំនួន ក៏បានប្រើប្រាស់ក្បាច់ខ្មែរទាំងនោះដើម្បីលំអផ្ទះរបស់ពួកគេផងដែរ។ ក្រៅពីនេះគេក៏ឃើញថា ក្បាច់ខ្មែរត្រូវបានគេប្រើប្រាស់ដើម្បីរចនាលើសម្លៀកបំពាក់ និងរចនាក្រាហ្វិក ធ្វើជាផ្ទាំងគំនូរឌីជីថលផ្សព្វផ្សាយក្នុងប្រព័ន្ធអ៊ីនធឺណិតដែរ។ សៀវភៅនេះសាកសមបំផុតសម្រាប់អ្នកដែលរៀនខាងផ្នែកសំណង់ស្ថាបត្យកម្ម ជំនាញរចនាម៉ូតសម្លៀកបំពាក់ ឬផ្នែករចនាក្រាហ្វិក ព្រោះសៀវភៅនេះនឹងជួយអ្នកទាំងនោះក្នុងការយល់ដឹងអំពីក្បាច់ខ្មែរផ្សេងៗ ដែលជួយជំរុញដល់ការសិក្សា និងកិច្ចការងាររបស់អ្នកពួកគេ។ បន្ទាប់ពីបញ្ចប់ការអាននូវសៀវភៅមួយក្បាលនេះអ្នកនឹងយល់ដឹងបានច្រើនអំពីក្បាច់ខ្មែរ ហើយអ្នកអាចនឹងមានគំនិតច្រើន ក្នុងការបំបែកក្បាច់ខ្មែរ ចូលទៅក្នុងការងាររបស់អ្នក។
កំណត់ហេតុរបស់ ជីវ តាក្វាន់៖ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា
សរសេរដោយ លី ធាមតេង
ណែនាំដោយ ឌិប ណាសា
អំពីសៀវភៅ៖
កំណត់ហេតុនេះត្រូវបានបកប្រែជាភាសាខ្មែរ នៅឆ្នាំ១៩៧៣ ដោយយោងតាមឯកសារដើមដែលជាភាសាចិន។ ជីវ តាក្វាន់ ធ្លាប់ជាបេសកជនចិនដែលបានធ្វើដំណើរមកកម្ពុជា និងស្នាក់នៅដែនដីនេះរយៈពេលមួយ ដែលអាចឲ្យគាត់ស្វែងយល់ពីវប្បធម៌របស់អ្នកស្រុក។ សៀវភៅបែបកំណត់ហេតុមួយនេះ បានបង្ហាញពីប្រពៃណី របៀបរស់នៅ ជីវភាពប្រចាំថ្ងៃ ទំនៀមទម្លាប់ ជំនឿ សាសនា ឋានានុក្រមសង្គម ភាសានិងអក្សរសាស្ត្រ ទឹកដី ជំនួញ និងរឿងរ៉ាវផ្សេងៗជាច្រើន។ កំណត់ហេតុរបស់លោក ត្រូវបានគេចាត់ទុកថា ជាសំណេរតែមួយគត់ដែលបានកត់ត្រាពីសង្គមចេនឡា ហើយសៀវភៅនេះក៏មានជាភាសាអង់គ្លេសផងដែរ។ ចាប់តាំងពីទំព័រទីមួយដល់ចុងសៀវភៅ រឿងរ៉ាវជីវិតអ្នកស្រុកចេនឡាគ្រប់រូបភាព ត្រូវបានយកមកបកស្រាយ របៀបជាការនិទានតាមការយល់ឃើញ និងដំណើររបស់ជីវតាក្វាន់។ ក្នុងនោះផងដែរ មានរូបភាពមួយចំនួនដែរមើលទៅចម្លែកសម្រាប់អ្នកអានដែលរស់នៅក្នុងសម័យថ្មី។
មូលហេតុនៃការណែនាំ៖
ជាសម័យមួយក្នុងចំនោមប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ទឹកដី និងប្រពៃណីចេនឡា គួរតែជារឿងរ៉ាវដែរជំនាន់ក្រោយគួរស្វែងយល់។ ជាទូទៅយើងស្វែងយល់បានច្រើនពី អាណាចក្រអង្គរ ឬសម័យលង្វែក តែប្រពៃណីអ្នកស្រុកចេនឡាហាក់មិនសូវបានយកមកពិភាក្សា ឬបង្ហាញក្នុងសង្គមបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត សៀវភៅនេះនឹងនាំអ្នកទៅស្វែងយល់ពី រឿងខ្លះដែលអាចចាត់ទុកថាជាអ្វីដែលមិនគួរឲ្យជឿ ដូចជារឿងប្រមាត់ប្រមង់ ការសម្រាលកូន និងការកាត់ក្ដីជាដើម។ ការយល់ដឹងប្រវត្តិសាស្ត្រ មិនមែនជាការអានតែសៀវភៅនិយាយពីដំណើរប្រវត្តិសាស្ត្រតែមួយមុខ តែការយល់ដឹងពីសង្គម និងប្រជាជន នាំឲ្យមនុស្សជំនាន់ក្រោយកាន់តែមានទំនាក់ទំនងជាមួយទឹកដីខ្លួន និងស្វែងយល់បានពីសង្គមបច្ចុប្បន្ន ដែលបានវិវឌ្ឍន៍ពីសម័យមុននោះ។
ច្បាប់ស្រី-ប្រុស
រៀបរៀងដោយ បណ្ឌិត ម៉ឺន ម៉ៃ
ណែនាំដោយ តូច ធីណា
អំពីសៀវភៅ៖
ច្បាប់ស្រី ប្រុស ត្រូវបានរៀបរាប់ឡើងជាកំណាព្យបទ ភុជង្គលីលាង និង ព្រហ្មគីតិ ដើម្បីប្រដៅកូនចៅស្រីប្រុសខ្មែរក្នុងការរស់នៅ ទំនាក់ទំនងក្នុងគ្រួសារ និងសង្គម។ នៅក្នុងច្បាប់ស្រីដែលមាន ២២៥ កថាខណ្ឌ បានអប់រំមនុស្សស្រ្តី ត្រូវមានចរិតមារយាទរម្យទម និងគោរពចាស់ទុំ ជាពិសេសគោរពប្តីរបស់ខ្លួន ឲ្យបានគ្រប់ប្រការដូចដែលបានចែងនៅក្នុងច្បាប់នោះ ទើបត្រូវបានគេឱ្យតម្លៃ និងគោរព។ចំពោះបុរសវិញ តាមរយៈច្បាប់ប្រុសមានត្រឹមតែ៩៥ កថាខណ្ឌនេះវិញ ក៏ទូន្មានឱ្យបុរសចេះរកស៊ីចិញ្ចឹមបីបាច់គ្រួសារឱ្យអស់ពីសមត្ថភាព និងជៀសវាងឱ្យឆ្ងាយពីគ្រឿងអបាយមុខទាំងឡាយ។
មូលហេតុនៃការណែនាំ៖
ច្បាប់ស្រី ប្រុសនេះ ត្រូវបានដាក់ចូលនៅកម្មវិធីអក្សរសាស្ត្រខ្មែរ នៅតាមសាលារៀន ហើយច្បាប់នេះដែរ តែងតែត្រូវបានគេបានលើកមកពិភាក្សា នៅពេលដែលគេចង់ទូន្មានកូនចៅ ប្រុសស្រី ឲ្យក្លាយខ្លួនជាបុគ្គលល្អមួយរូប។ ប៉ុន្តែបើងាកមកមើលស្ថានភាពជាក់ស្តែងនៅក្នុងសង្គមសម័យទំនើបបច្ចុប្បន្ននេះវិញ វាត្រូវបានគេមើលឃើញថា ជាច្បាប់ដែលហួសសម័យ និងមិនអាចប្រតិបត្តិតាមបានទៅទៀតនោះទេ ព្រោះនៅចំណុចខ្លះវាបានប៉ះពាល់ដល់សិទ្ធបុគ្គល និងភាពមិនស្មើគ្នារវាងបុរសនិងស្ត្រី។ ទោះបីជាយ៉ាងណាក្តីច្បាប់នេះ នៅតែបានចាក់ឫសគល់នៅក្នុងផ្នត់គំនិតសង្គមខ្មែរនៅឡើយ ពីព្រោះតុល្យភាពនៃអំណាចរវាងបុរសនិងស្ត្រី នៅតែជាបញ្ហាប្រឈមមួយនៅក្នុងសង្គមខ្មែរ។ នៅពេលដែលអ្នកបានអានច្បាប់នេះ ជាមួយនឹងការវិភាគ អ្នកអាចទទួលបាននូវអារម្មណ៍មួយ ដែលអាចនាំអ្នកទៅកាន់សង្គមខ្មែរសម័យបុរាណ អមជាមួយនឹងចម្ងល់មកលើខ្លួនឯងថាតើអ្នកធ្វើបាននូវចំណុចអ្វីខ្លះពីច្បាប់នេះ ហើយច្បាប់នេះពិតជាបាត់បង់តម្លៃរបស់វា នៅក្នុងសម័យទំនើបនេះកម្រិតណា?
មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ
រៀបរៀងដោយ ម៉ូរីត្យ ហ៊ែននីង និង វ៉ាល់ទ័រ កូឌីទែក
ណែនាំដោយ នូវ ពៅលក្ខិណា
អំពីសៀវភៅ៖
សៀវភៅមគ្គុទ្ទេសក៍មួយនេះ បង្ហាញពីអគារចំនួន ១៤១ ពីគ្រប់សម័យកាលទាំងអស់ នៃប្រវត្តិនគរោបនីយកម្មរបស់រាជធានីភ្នំពេញ។ អគារទាំងអស់ដែលត្រូវបានពិពណ៌នាក្នុងសៀវភៅនេះ ត្រូវបានបែងចែកជា ៧ ជំពូក ទៅតាមភូមិសាស្ត្ររបស់ទីក្រុង។ សៀវភៅនេះ នឹងនាំអ្នកធ្វើដំណើរជុំវិញទីក្រុង ដោយចាប់ផ្តើមចេញពីទីតាំងប្រវត្តិសាស្ត្រដំបូងបង្អស់ ប៉ុន្តែក៏ជាកន្លែងដែលទទួលបានការអភិវឌ្ឍធ្វើទំនើបកម្មដំបូងគេបង្អស់គឺ វត្តភ្នំនិងបរិវេណជុំវិញ ដែលជាតំបន់រដ្ឋបាលនៃសង្កាត់បារាំងចាស់។ សៀវភៅនេះ បញ្ចប់ដំណើរដោយអគារសំខាន់ៗ នៅតំបន់ជាយក្រុង។ អគារនីមួយៗ ត្រូវបានរាយរ៉ាប់អំពីប្រវត្តិសង្ខេប បរិបទរបស់ទីកន្លែងនោះផ្ទាល់ មុខងារដែលត្រូវបានប្រើប្រាស់ របៀបដែលអគារត្រូវបានសាងសង់ និងការពិពណ៌នាអំពីស្ថាបត្យកម្មរបស់អគារ។
មូលហេតុនៃការណែនាំ៖
ថ្វីត្បិតតែសៀវភៅនេះមិនមែនសរសេរដោយជនជាតិខ្មែរ ប៉ុន្តែសៀវភៅនេះនឹងជួយឱ្យអ្នកយល់ជារួម អំពីគំនិតនៃរបៀបរៀបចំទីក្រុង ឬនគរោបនីយកម្មរបស់ទីក្រុងភ្នំពេញ។ ហើយចុងក្រោយអ្នកនឹងយល់ច្រើនជាងមុនថា សម្រាប់ទីក្រុងភ្នំពេញដែលស្ថិតនៅតំបន់ត្រូពិក គួរមានការរៀបចំទីក្រុងបែបណា តាមរយៈបទពិសោធន៍ក្នុងអតីតកាល និងពឹងផ្អែកតាមស្ថានភាពនាពេលបច្ចុប្បន្ន?បន្ទាប់ពីអានសៀវភៅនេះចប់ អ្នកនឹងមិនមើលអគារនានានៅភ្នំពេញ តាមរបៀបដែលអ្នកធ្លាប់មើលពីមុនមកនោះទេ។ អ្នកនឹងចាប់ផ្តើមសង្កេតមើលចាប់តាំងពីឥដ្ឋការ៉ូ រហូតដល់ដំបូលនៃអគារនីមួយៗ ដោយលម្អិត។ ចំណុចពិសេសមួយទៀត អគារនីមួយៗ មានភ្ជាប់ QR កូដ ដែលជាផែនទីរបស់ Google នាំអ្នកទៅកាន់ទីតាំងនីមួយៗ ពីព្រោះថា ទីតាំងខ្លះគឺនៅកន្លុកកន្លៀតមែនទែន។
កំណត់សម្គាល់/Disclaimer: អ្នកសរសេរសំណេរណែនាំសម្រាប់សៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ បានចូលរួមក្នុងកិច្ចការបកប្រែសៀវភៅនេះពីភាសាអង់គ្លេសមកជាភាសាខ្មែរ៕