ជំងឺមហារីកអាចកើតឡើងលើបុគ្គលគ្រប់គ្នា គ្រប់ពេលវេលា ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងប្រភេទនៃរូបរាងកាយឡើយ។ តើអ្នកគួរធ្វើបែបណា ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក?
ជំងឺមហារីក គឺជាជំងឺដែលបង្កឱ្យមនុស្សស្លាប់លំដាប់លេខ២ ទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០១៨ មានមនុស្ស ៩,៦លាននាក់ បានស្លាប់ គឺប្រហែលជាម្នាក់ក្នុងចំនោមអ្នកស្លាប់៦នាក់ ដោយសារជំងឺមហារីក នេះបើយោងតាមអង្គការសុខភាពពិភពលោក។
យ៉ាងណាមិញ ការត្រួតពិនិត្យសុខភាពទៀងទាត់ អាចឱ្យដឹងពីជំងឺមហារីកក្នុងដំណាក់កាលដំបូង ដែលអាចផ្តល់អត្រារស់រានខ្ពស់ ពីព្រោះយើងអាចទទួលបានការព្យាបាលប្រកបដោយគុណភាព តាមរយៈការវះកាត់ ការប្រើប្រាស់ថ្នាំ និងការប្រើប្រាស់ x-rayជាដើម។
អានបន្ថែម ជំងឺមហារីកតាមភេទមួយចំនួន ដែលគួរតែស្គាល់
ប្រហែលជាចន្លោះពី ៣០%-៥០% នៃករណីជំងឺមហារីក អាចការពារបាន ដែលនេះជាវិធីសាស្ត្ររយៈពេលយូរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ដូច្នេះប្រសិនបើ អ្នកអាចអនុវត្តរបៀបរស់នៅ៥យ៉ាង ក្នុងអំឡុងពេលយូរ អ្នកប្រហែលជាអាចកាត់បន្ថយហានិភ័យជំងឺមហារីក។
បៀបរស់នៅ៥យ៉ាង ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីករួមមាន៖
- ចៀសវាងការជក់បារី
![](https://focus-cambodia.com/wp-content/uploads/2020/09/martin-courreges-p-hhAgEuaZk-unsplash-768x1024.jpg)
យោងតាមអង្គការសុខភាពពិភពលោក ថ្នាំជក់សម្លាប់មនុស្សជាង ៦លាននាក់ រៀងរាល់ឆ្នាំ ដែលបង្កទៅជាជំងឺមហារីក និងជំងឺផ្សេងៗទៀត។
ការជក់បារី៖ បណ្តាលឱ្យមាន មហារីកសួត បំពង់ក បំពង់សំឡេង មាត់ ប្រព័ន្ធតម្រងនោម ក្រពះ និងស្បូន
អ្នកទទួលផ្សែងបារី៖ អាចបង្កឱ្យមានមហារីកសួត អ្នកញ៉ុកថ្នាំជក់៖ អាចបណ្តាលឱ្យមានមហារីកមាត់ បំពង់ក និងលំពែង
- របបអាហារ និង លំហាត់ប្រាណ
![](https://focus-cambodia.com/wp-content/uploads/2020/09/healthy-diet-vegetable--1024x681.jpg)
ការលើសទំងន់ និងភាពធាត់ខ្លាំង ត្រូវបានគេភ្ជាប់ទៅនឹងជំងឺមហារីកជាច្រើនប្រភេទ ដូចជាមហារីកបំពង់ក ពោះវៀនធំ សុដន់ ស្បូន និងតម្រងនោម។ ដូច្នេះ ការហាត់ប្រាណឱ្យបានទៀតទាត់ និងការរក្សាទម្ងន់ក្នុងកម្រិតត្រឹមត្រូវ នឹងអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក។ ពេលខ្លះ ទោះបីជាលំហាត់ប្រាណមិនបានជួយសម្រកទម្ងន់ក៏ដោយ ក៏ការអនុវត្តនោះអាចជួយការពារអ្នកពីជំងឺផងដែរ។
មនុស្សគ្រប់វ័យ គួរកាត់បន្ថយការទទួលទានសារធាតុខ្លាញ់មិនល្អ និងសាច់ក្រហម (សាច់គោ ក្របី) ក្នុងបរិមាណច្រើន ដែលអាចជាមូលហេតុនៃការបង្កជាជំងឺមហារីកពោះវៀនធំ។ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ប្រហែលជាអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
- កាត់បន្ថយកម្រិតទទួលទានជាតិអាល់កុល (ស្រាបៀ គ្រឿងស្រវឹង)
![](https://focus-cambodia.com/wp-content/uploads/2020/09/beer-alcohol-1024x683.jpg)
ការទទួលទានជាតិអាល់កុលលើសលប់អាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ បំពង់សំឡេង បំពង់អាហារ សួត ពោះវៀនធំ និងសុដន់។ ហើយការជក់បារី ទន្ទឹមគ្នាជាមួយនឹងការទទួលទានជាតិអាល់កុល នឹងរឹតតែបង្កើនហានិភ័យនៃការកើតជំងឺមហារីកកាន់តែខ្ពស់។ នៅឆ្នាំ ២០១០ ជំងឺមហារីកដែលបង្កមកពីជាតិអាល់កុល បានសម្លាប់មនុស្សរហូតទៅដល់ ៣៣៧,៤០០នាក់ ទូទាំងពិភពលោក ហើយជាពិសេសក្នុងចំណោមបុរស។
- ជៀសវាងការប៉ះផ្ទាល់ទៅនឹងសារធាតុវិទ្យុសកម្ម និងសារធាតុពុលក្នុងឧស្សាហកម្ម និងបរិស្ថាន
![](https://focus-cambodia.com/wp-content/uploads/2020/09/radiation--683x1024.jpg)
ការប៉ះពាល់ទៅនឹងសារធាតុវិទ្យុសកម្ម ទាំងមាននៅក្នុងធម្មជាតិ និងបង្កើតឡើងដោយមនុស្ស អាចបង្កើនហានិភ័យនៃការបង្កទៅជំងឺមហារីកផ្សេងៗ រួមមានមហារីកគ្រាប់ឈាម និងការដុះដុំសាច់ផ្សេងទៀត។
អ្នកគួរត្រួតពិនិត្យមើលផ្ទះ ឬកន្លែងដែលអ្នករស់នៅ លើឧស្ម័នរ៉ាដុនដែលមានហើរចេញពីដី និងថ្ម ហើយទៅផ្តុំនៅក្នុងកន្លែងបិទជិត។ ឧស្ម័នរ៉ាដុន អាចបង្កើនហានិភ័យនៃការបង្កជាជំងឺមហារីកសួត។ ប៉ុន្តែ អ្នកមិនចាំបាច់បារម្ភពី វិទ្យុសកម្មអេឡិត្រូម៉ាញ៉េទិច(electromagnetic radiation) ពីបង្គោលភ្លើង អង់តែន ម៉ាស៊ីនកម្ដៅអាហារ (microwave) និងទូរស័ព្ទ ពីព្រោះវាមិនអាចបង្កទៅជាជំងឺមហារីកនោះទេ។
- ជៀសវាងការឆ្លងមេរោគមួយចំនួនដែលអាចបង្កទៅជាជំងឺមហារីក
![](https://focus-cambodia.com/wp-content/uploads/2020/09/condom-protection-1024x683.jpg)
ការសិក្សានៅក្នុងឆ្នាំ ២០១២ បានឱ្យដឹងថា មេរោគថ្លើម HIVនិងជំងឺកាមរោគផ្សេងៗត្រូវការការប្រុងប្រយ័ត្នបន្ថែម ដោយសារប្រហែលជា១៥% នៃជំងឺមហារីកទូទៅ ត្រូវបានគេសិក្សាថាបានរួមចំណែកបង្កមកពីមេរោគប្រភេទទាំងនេះ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ដូច្នេះ អ្នកត្រូវបន្ថែមការការពារបន្ថែម ជៀសវាងការឆ្លងមេរោគទាំងនេះ។ បច្ចុប្បន្នមានវ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ B និងវិធីបង្ការមេរោគកាមរោគផ្សេងៗទៀត ដែលនឹងអាចជួយកាត់បន្ថយហានិភ័យនៃការបង្កជាជំងឺមហារីកលំពែង និងស្បូនបាន៕