សិល្បករម្នាក់ បានបង្កឱ្យមានភាពច្របូកច្របល់ និងតក់ស្លុត បន្ទាប់ពីការកាត់តបញ្ចូលស្នាមញញឹមទៅលើមុខអ្នកទោសដែលត្រូវបានថតរូប នៅមន្ទីរស -២១ ក្នុងសម័យខ្មែរក្រហម។ នៅពេលនេះប្អូនប្រុសរបស់លោក ខ្វា លាង ដែលត្រូវបានណែនាំជាឈ្មោះខុសថាជា បូរ៉ានៅក្នុងអត្ថបទដ៏ចម្រូងចម្រាស នឹងលាតត្រដាងរឿងពិតនៃសាច់ញាតិដែលបានបាត់បង់ជាយូរមកហើយ។
រូបភាពដើមរបស់ ខ្វា លាង នៅគុកទួលស្លែង។ រូបថតផ្តល់ដោយគ្រួសារតាមរយៈបណ្ណសាររបស់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
កំណត់សម្គាល់៖ អត្ថបទត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
បកប្រែដោយ ៖ ឌិប ណាសា
ទោះបីជា ជិតអស់កន្លះសតវត្សបានកន្លងផុតទៅ ប៉ុន្តែលោក ជិម សេន្យិន្ទ មិនត្រូវការពេលវេលាច្រើនឡើយ ក្នុងការរំឭកឡើងវិញ នូវពេលវេលាចុងក្រោយដែលលោកបានជួបបងប្រុសរបស់ខ្លួន។
ពួកគេលាគ្នានៅក្នុងឆ្នាំ ១៩៧៤ សន្មតជាការលាចុងក្រោយ នៅពេលដែលលោក ជិម សេន្យិន្ទ បានឡើងជិះយន្តហោះយោធាអាមេរិក Lockheed C-130 Hercules ទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិក តាមរយៈទីក្រុងបាងកក ពីអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុងនៅភ្នំពេញ ដែលជាឈ្មោះព្រលានយន្តហោះនាពេលនោះ។
“ ពេលចុងក្រោយបង្អស់នោះគឺនៅថ្ងៃទី ៦ ខែសីហា ជាពេលដែលខ្ញុំចាកចេញពីប្រទេសកម្ពុជា” លោក សេន្យិន្ទ រៀបរាប់ប្រាប់ ដែលកាលនោះ លោកជានាវិកកងទ័ពជើងទឹក។ “ នៅពេលនោះ យើងមិនបានដឹងថា នោះជាពេលចុងក្រោយដែលយើងបានជួបគ្នាទេ ព្រោះខ្ញុំរំពឹងថានឹងត្រឡប់ទៅវិញ នៅខែវិច្ឆិកាឆ្នាំ ១៩៧៥។»
លោក សេន្យិន្ទ មិនអាចត្រលប់ទៅផ្ទះវិញអស់រយៈពេលជិតពីរទសវត្ស។ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ ដោយប្រកាសអំពីជ័យជំនះក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ដោយខ្លួនស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅឡើយ ដូច្នេះលោក សេន្យិន្ទ បានទាមទារសិទ្ធិជ្រកកោននយោបាយនៅទីនោះ។ ហើយលោកទើបតែអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញបាននៅខែមេសាឆ្នាំ ១៩៩២ ហើយស្ទើរតែមើលមិនស្គាល់ប្រទេសរបស់ខ្លួន ខុសពីពេលគាត់បានចាកចេញ។
ទម្រាំការត្រលប់មកវិញដែលគាត់បានទន្ទឹងរង់ចាំអស់ពេលជាយូរ មានតែបងប្អូនស្រីពីរនាក់គត់នៅរស់រានមានជីវិត ក្នុងចំណោមបងប្អូន ៨ នាក់ បានរួចផុតពីភាពច្របូកច្របល់នៃសង្គ្រាមនៅស្រុកកំណើត និងក្រោយមកក្លាយរបបប្រល័យពូជសាសន៍ ក្នុងអំឡុងពេល៤ឆ្នាំនៃការកាប់កាប់របស់ខ្មែរក្រហម។
ប្រវត្តិសាស្ត្រដ៏ឃោរឃៅដែលបានកើតឡើងមកលើក្រុមគ្រួសាររបស់គាត់ពីសម័យនោះ បានទាក់ទាញចំណាប់អារម្មណ៍ឱ្យការពិភាក្សានៅលើប្រព័ន្ធឌីជីថលឡើងវិញ ក្រោយការផ្សព្វផ្សាយរបស់សារព័ត៌មាន VICE នៅថ្ងៃទី ៩ ខែមេសា។ ការផ្សព្វផ្សាយនេះបានបង្ហាញ រូបភាពរបស់អ្នកទោសដែលត្រូវបានថតនៅមន្ទីរសន្តិសុខស -២១ ឬគុកទួលស្លែង នៅភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាកន្លែងធ្វើទារុណកម្មនិងសួរចម្លើយរបស់ខ្មែរក្រហម។ ទួលស្លែង រូបថតអ្នកទោសដែលទើបនឹងត្រូវបានផ្សព្វផ្សាយនោះ ត្រូវគេផ្លាស់ប្ដូរពីពណ៌ដើមស-ខ្មៅ ទៅជារូបមានពណ៌ធម្មជាតិ ដែលធ្វើឡើងដោយលោក Matt Loughrey ជាអ្នកបន្ថែមពណ៌លើរូបថត រស់នៅប្រទេសអៀរឡង់។
ពីរថ្ងៃក្រោយ បន្ទាប់ពីការផ្សព្វផ្សាយផ្សាយនោះ នាព្រឹកថ្ងៃអាទិត្យដ៏ស្ងប់ស្ងាត់ នៅផ្ទះរបស់គាត់ក្នុងទីក្រុងសាន់ឌីហ្គោ រដ្ឋកាលីហ្វ័រញ៉ា លោក សេន្យិន្ទ ក្នុងវ័យ៦៩ឆ្នាំ មានអារម្មណ៍រន្ធត់ភ្ញាក់ផ្អើល នៅពេលឃើញរូបមួយកំណាត់មុខរបស់បងប្រុសគាត់ ឈ្មោះ ខ្វាលាង កំពុងត្រូវបានចែកចាយទូទាំងពិភពលោក។
“ខ្ញុំបានឃើញរូបភាពនោះនៅប្រហែលជាម៉ោង ៨ ឬ ៩ នៅព្រឹកមិញនេះ” លោក សេន្យិន្ទ បាននិយាយពេលផ្ដល់បទសម្ភាសន៍ដល់ Globe តាមរយៈទូរស័ព្ទកាលពីថ្ងៃទី ១១ មេសា។ ខ្ញុំបានសួរថា តើមានអ្នកណាចង់ប្រាប់ខ្ញុំទេថា មានអ្វីកំពុងកើតឡើង?”។
រូបថតនៅព្រលានយន្តហោះថតដោយសេន្យិន្ទនៅឆ្នា 1974 នៅពេលគាត់ត្រៀមចាកចេញទៅសហរដ្ឋអាមេរិក។ លោកខ្វា លាង ស្ថិតនៅចំកណ្តាលជាមួយនឹងវែនតាខ្មៅ។
តើនោះជាទង្វើដ៏ចម្រូងចម្រាសមួយនៃការកែ ឬជាកិច្ចគោរពដ៏អនុភាពមួយដែលបានធ្វើរូបថតស-ខ្មៅ មានជីវិតឡើងវិញ? ការជជែកដេញដោលលើកិច្ចការកែច្នៃរូបថតរបស់លោក Matt Loughrey បានកើតឡើង នៅពេលនៅពេលមានរូបថតជាច្រើនដែលលេចឡើង ត្រូវបានរកឃើញថា សិល្បករឌីជីថលរូបនេះ មិនត្រឹមតែធ្វើឱ្យមានពណ៌ប៉ុណ្ណោះទេ ប៉ុន្តែបានកែប្រែរូបថតថែមទៀត។ ការកែប្រែបែបឌីជីថលរបស់លោក Matt Loughrey បានលុបបំបាត់ទឹកមុខដែលបង្ហាញពីភាពភ័យខ្លាចរបស់អ្នកទោសក្នុងរូបថតដើម ហើយបែរជំនួសមកវិញនូវការបន្ថែមស្នាមញញឹមដ៏ស្ងប់ស្ងៀម និងទឹកមុខរីករាយ។
រូបថតរបស់លោក ខ្វា លាង ស្ថិតនៅក្នុងចំណោមរូបថតមួយចំនួនប៉ុណ្ណោះ ដែលមិនសូវមានការកែប្រែច្រើនលើសពីការដាក់ពណ៌។ ប៉ុន្តែ លោក សេន្យិន្ទ មានអារម្មណ៍មិនល្អនោះទេ នៅពេលបានឃើញរូបថតរបស់បងប្រុសគាត់ និងមានជីវប្រវត្តិសង្ខេបនៅអមជាមួយផងនោះ។ នោះក៏ព្រោះតែ រាល់ព័ត៌មានលម្អិតអំពីគាត់ សូម្បីតែឈ្មោះរបស់គាត់ គឺដាក់ខុស។
លោកបាននិយាយថា“ខ្ញុំខកចិត្តដែលពួកគេបានផ្តល់ព័ត៌មានខុស ដូច្នេះខ្ញុំបានសរសេរទៅ Lydia [កូនស្រីខ្ញុំ]ថា ខ្ញុំចង់ឱ្យពួកគេដឹងអំពីព័ត៌មានពិតរបស់បងប្រុសម្នាក់នេះ។ គាត់ជា បងប្រុសទី៣របស់ខ្ញុំ”។
នោះគឺជាសកម្មភាពមួយ ដែលបានធ្វើឱ្យគាត់សើរើឡើងវិញ និងមានចម្ងល់ទៅលើអ្វីដែលគាត់បានដឹងទាក់ទងនឹងការស្លាប់របស់បងប្រុសគាត់។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមានអារម្មណ៍ថា នោះជាការខ្វះការគោរព”។ “ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំ គឺប្រហែលជាបងប្រុសរបស់ខ្ញុំបានឱ្យឈ្មោះមិនពិតមួយឱ្យពួកគេ។ ប៉ុន្តែមិនអាចទៅរួចទេ។ គាត់បាននៅជាមួយពួកគេ” ។
រូបភាពរបស់លោកលាង ដែលកែប្រែពណ៌ដោយMatt Loughrey។ ទឹកមុខក្នុងរូបថតនេះមិនបានកែប្រឡើយ
“ពួកគេ” ត្រង់នេះ សំដៅទៅលើខ្មែរក្រហម។ ហើយនោះជាព័ត៌មានលំអិតមួយក្នុងចំនោមព័ត៌មានដទៃ នៃជីវិតស្មុគស្មាញរបស់លោក លាង ដែលអត្ថបទរបស់ Vice បានដកចេញ។ ផ្ទុយទៅវិញគាត់ត្រូវបានគេសរសេរថា ជាបុរសម្នាក់ឈ្មោះបូរ៉ា ហើយត្រូវបានគេពិពណ៌នាថាជា “កសិករសាមញ្ញម្នាក់” ត្រូវបានឆក់ដោយប្រើខ្សែភ្លើងនិងដុត ហើយព័ត៌មាននេះត្រូវបានផ្តល់ដោយកូនប្រុសរបស់បុរសក្នុងរូបថតនោះ។
តាមពិត លោកលាង គឺជាគ្រូបង្រៀនមានឧត្ដមគតិម្នាក់ ដែលក្នុងយុគសម័យនៃការបង្ហូរឈាម និងការប៉ះទង្គិចក្រោយអាណានិគម គាត់បានចូលរួមក្នុងចលនាកុម្មុយនិស្ត ហើយមានការជឿជាក់លើនយោបាយនៃការកសាងកម្ពុជាថ្មី ក្រោមមាគ៌ានោះ។
លោក សេន្យិន្ទ បានថ្លែងថា៖ “វាជារឿងធម្មតាទេ ដែលគ្រូបង្រៀនមានការយកចិត្តទុកដាក់ចំពោះជនក្រីក្រ។ គាត់ចង់បានអ្នកដែលដឹងសុខទុក្ខប្រជាជន។ ផ្ដល់ភាពយុត្តិធម៌ដល់ប្រជាជន”។
បងនៅម្ខាងទៀតខាងនយោបាយ ប៉ុន្តែយើងនៅតែជាបងប្អូន មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ”
មហិច្ឆតាដាច់ណាត់របស់ខ្មែរក្រហមដំបូងបង្អស់ គឺការកម្ចាត់ចោលរបបចាស់ សាធារណរដ្ឋខ្មែរ គាំទ្រដោយសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយលោក លន់ នល់ ជាអ្នកនយោបាយ និងជាមេដឹកនាំយោធា ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ១៩៧០ ។ ប៉ុន្តែទោះបីជាលោក លាង បង្ហាញភាពស្មោះត្រង់ចំពោះបដិវត្តក៏ដោយ ក៏គ្រូបង្រៀនម្នាក់នេះត្រូវគេសម្លាប់នៅទួលស្លែងក្នុងឆ្នាំ ១៩៧៦ ។
លោក សេន្យិន្ទ បាននិយាយថា “ នៅពេលនោះគាត់គួរតែមានអាយុ ៣១ ឆ្នាំ” ។ ក្នុងចំណោមអ្នកទោស ១៨.១៤៥ នាក់ដែលត្រូវបាននាំទៅកាន់គុកទួលស្លែង គឺមានតែមនុស្ស ១២ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
បើតាមលោក សេន្យិន្ទ ក្រុមគ្រួសាររបស់គាត់ គឺមិនចូលចិត្តនយោបាយនោះទេ បើទោះបីជាគាត់និងបងប្អូនប្រុសពីរនាក់ទៀត ជាសមាជិកយោធា នៅក្រោមរដ្ឋាភិបាលលន់នល់ក៏ដោយ។ លោក សេន្យិន្ទ នៅចងចាំពីការពិភាក្សាដោយត្រង់ៗជាមួយបងប្រុសរបស់គាត់ អំពីជំហររបស់ពួកគេ ដែលនៅម្ខាងម្នាក់នៃស្ថានភាពនយោបាយដែលពេលនោះកំពុងធ្លាក់ផុងចូលកាន់តែជ្រៅ នៅក្នុងប្រទេសកម្ពុជា។
“បងនៅម្ខាងទៀតខាងនយោបាយ ប៉ុន្តែយើងនៅតែជាបងប្អូន មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ”។ លោក សេន្យិន្ទ បានរំឭកពីការសន្ទនាដែលគាត់មានជាមួយបងប្រុស លាង។ បងប្រុសរបស់គាត់ បានអង្វរគាត់ ឱ្យទៅប្រទេសចិន ជាជាងសហរដ្ឋអាមេរិក សម្រាប់ការហ្វឹកហាត់យោធា មុនពេលការចាកចេញចុងក្រោយជាជោគវាសនារបស់គាត់ក្នុងឆ្នាំ ១៩៧៤ ។
“ត្រូវហើយ យើងនៅតែជាបងប្អូន។ ប្អូនឯងមិននៅរាំងស្ទះផ្លូវរបស់បង ហើយបងក៏មិនជំទាស់ផ្លូវដើររបស់ប្អូន។ បើភាគីខាងណាមួយឈ្នះ អ្នកដែលនៅភាគីខាងនោះ ត្រូវជួយសមាជិកគ្រួសារទាំងមូល”។ នេះជាសម្ដីឆ្លើយតបរបស់បងប្រុសគាត់ ដែលលោក សេន្យិន្ទ បានចងចាំរបស់គាត់។
រូបភាពនៅមង្គលការបងប្រុសច្បងទី២ (បុគ្គលិកធនាគារ) ក្នុងឆ្នាំ១៩៧០។ រូបថតនៃមិត្តភក្តិនិងគ្រួសារដែលលោក លាង ស្ថិតនៅខាងស្តាំជាមួយនឹងសម្លៀកបំពាក់ខ្មៅនិងបារីមួយដើម។
លោក លាង មិនមែនជាអ្នកគាំទ្រខ្មែរក្រហមតែម្នាក់នោះទេ ដែលត្រូវបានបញ្ចប់ជីវិតនៅឯគុកទួលស្លែង។ នៅពេលដែលរបបផ្ដាច់ការ បានលេបត្របាក់សង្គមកម្ពុជា គ្រប់គ្រងនៅចន្លោះឆ្នាំ ១៩៧៥-៧៩ ប៉ុល ពត និងមេដឹកនាំដទៃទៀត បានធ្វើការបោសសំអាតផ្ទៃក្នុង ដែលក្នុងនោះសូម្បីតែកម្មាភិបាលដែលស្មោះត្រង់បំផុត ត្រូវបញ្ជូនទៅពន្ធនាគារ រងទារុណកម្ម មុនពេលត្រូវបានយកទៅសម្លាប់នៅឯវាលពិឃាដ ដែលនៅក្បែរនោះ។ គេប៉ាន់ប្រមាណថា មានមនុស្សចន្លោះពី១,៥ រហូតដល់២លាននាក់បានស្លាប់ក្នុងរយៈពេលដ៏ខ្លីនេះ។
ទោះជាយ៉ាងណា រូបថតមួយកំណាត់មុខរបស់លោក លាង ដែលត្រូវបានរូបថត ក្នុងអំឡុងពេលជាប់ឃុំឃាំងមុនពេលស្លាប់ មានភាពលេចធ្លោជាងគេ ក្នុងចំណោមរូបថតរបស់អ្នកទោសជាច្រើនពាន់សន្លឹកទៀត ដែលត្រូវបានថតដោយពួកម៉ៅនិយម នៅពេលពួកគេចងក្រងឯកសារយ៉ាងល្អិតល្អន់ពីការគ្រប់គ្រងផ្តាច់ការរបស់ពួកគេ។
លោក សេន្យិន្ទ ទើបតែឃើញរូបថតរបស់បងប្រុសខ្លួន ប្រហែលជា១ទសវត្សមុន ដោយសារក្មួយរបស់គាត់ បានថតរូបនេះតាមទូរស័ព្ទដៃពេលទៅទួលស្លែង ហើយផ្ញើឲ្យគាត់។ គុកទួលស្លែងពេលនេះបានក្លាយជាសារមន្ទីរ ជាកន្លែងឧទ្ទិសដល់ជនរងគ្រោះនៃអតីតកាលដ៏រន្ធត់ ហើយទេសចរអាចមើលឃើញរូបថតស-ខ្មៅ រាប់ពាន់រូបរបស់អតីតអ្នកទោសនៅមន្ទីរសន្តិសុខមួយនេះ ដែលស្ទើរតែទាំងអស់សុទ្ធតែបង្ហាញទឹកមុខ ភ័យស្រឡាំងកាំង។
ប៉ុន្តែក្នុងរូបថតរបស់លោក លាង មាត់របស់គាត់ញញឹមញាក់មាត់ មានខ្សែភ្នែកក្រឡេកទៅខាងស្តាំ មើលមិនចំកាមេរ៉ា មើលទៅហាក់ដូចជាមិនមែនជារូបភាពមនុស្សដែលរងទារុណកម្មធ្ងន់ធ្ងរ និងស្លាប់នោះទេ។ នេះប្រហែលជាមូលហេតុដែលលោក Matt Loughrey ជ្រើសរើសរូបថតរបស់គាត់ ជាមួយរូបថតដទៃទៀត ដើម្បីយកមកកែបន្ថែមពណ៌។ ព្រមជាមួយគ្នានៃរូបថតបញ្ឈរមួយកំណាត់មុខដែលមិនមានការកែមុខរបស់លោក លាងនោះ លោក Loughrey ក៏បានកែមុខបញ្ចូលស្នាមញញឹម ទៅលើទឹកមុខរបស់អ្នកទោសមួយចំនួនទៀត ដែលភាគច្រើនជាក្មេងប្រុសនិងក្មេងស្រី។
លោក Loughrey បានបដិសេធមិនផ្ដល់បទសម្ភាសន៍ជាមួយ Globe អំពីការរិះគន់នៃការងាររបស់គាត់ ប៉ុន្តែកន្លងមកលោកធ្លាប់បានច្រានចោលថាការចោទប្រកាន់ មកលើលោកពីបទក្លែងបន្លំប្រវត្តិសាស្ត្រ ថា“មិនសមហេតុសមផល” ។លោកអះអាងថាការកែប្រែរូបថតនោះ ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ក្រុមគ្រួសារ ជាសម្រង់សម្តី ដកចេញពីអត្ថបទរបស់សារព័ត៌មាន Vice ហើយបាននិយាយថា លោកបានធ្វើការកែលើរូបថតរបស់លោកលាង តាមការស្នើសុំពីកូនប្រុសរបស់បុរសនោះ។
នៅពេលដែលសារព័ត៌មាន Globe បានទាក់ទងទៅសារព័ត៌មាន Vice បំភ្លឺជុំវិញរឿងរ៉ាវជុំវិញអត្ថបទផ្សាយនេះ Vice បង្វែរចម្លើយទៅសេចក្ដីបញ្ជាក់មួយ ដែលត្រូវបានដាក់បន្ថែមនៅលើអត្ថបទថា ខ្លឹមសាររបស់អត្ថបទកំពុងត្រូវបានតាមដានពិនិត្យឡើងវិញ។ ហើយក្រោយមកអត្ថបទនោះត្រូវបានលុប ដេកចេញពីគេហទំព័រ។
ការបញ្ជាក់របស់ Vice អំពីការលុបចោលអត្ថបទ
មិនថារូបថតនេះត្រូវបានគេជួលឱ្យមានការកែប្រែ ឬក៏អត់នោះទេ ប៉ុន្តែរូបថតរបស់លាង បានបង្កឱ្យមានភាពចម្រូងចម្រាស ទាំងនៅក្នុងសហគមន៍កម្ពុជា និងខាងក្រៅ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) លោក ឆាំង យុ ដែលលោកខ្លួនឯងផ្ទាល់ ក៏ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានមានប្រសាសន៍ថា សម័យនោះ នៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជនកម្ពុជារាប់លាននាក់ ហើយសង្កត់ធ្ងន់លើការកែប្រែក្នុងរូបថតបែបនេះ អាចបង្កឱ្យមានការឈឺចាប់ដល់អ្នករស់រានមានជីវិត។
“បេះដូងខ្ញុំលោតញាប់ នៅពេលខ្ញុំកំពុងអានអត្ថបទ [របស់ Vice] ព្រោះខ្ញុំមានអារម្មណ៍ថា រឿងរ៉ាវដែលបានសរសេរនេះ ឈាមត្រជាក់ណាស់។ អ្នកមានអារម្មណ៍ភ័យរន្ធត់ ព្រោះរឿងនេះនៅកៀកនឹងអ្នកណាស់ ហើយរឿងនេះដូចស្ដែងនៅមុខអ្នកនៅឡើយ”។ គាត់បានប្រាប់ Globe។
“អ្នកសរសេរប្រវត្តិសាស្ត្រឡើងវិញ ខណៈវានៅមានបច្ចុប្បន្នភាព។ វានៅតែជាប្រវត្តិសាស្ត្ររស់រវើកមួយ ដែលនៅជាប់ជាមួយអ្នករស់រានមានជីវិតប្រាំលាននាក់ នៅជុំវិញអ្នក។ វាមានការប៉ះទង្គិចធ្ងន់ធ្ងរណាស់។ ហើយខ្មែរក្រហម នៅតែជាបញ្ហាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ”។
អ្នកនាង Dany Pen ជាជនជាតិខ្មែរ – កាណាដា ដែលបានបាត់បង់សមាជិកគ្រួសារនៅគុកទួលស្លែង និងបច្ចុប្បន្នជាអ្នកតស៊ូមតិសម្រាប់ជនរងគ្រោះនៃការរំលោភបំពាននៅឯតុលាការ និងជាអតីតស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំដែនកោះ Bermuda។ អ្នកនាង បានប្រមូលផ្តុំទាមទារ ឱ្យសារព័តមាន Vice ដកអត្ថបទនោះចេញ តាំងតែនៅមុនពេលអត្ថបទនោះត្រូវបានលុប។
អ្នកនាងបានប្រាប់ Globe ថា “ ខ្ញុំបានទទូចឱ្យ VICE លុបចោលនូវរូបថតទាំងនេះ ដែលកំពុងតែផ្សព្វផ្សាយមនោគមន៍លើកតម្កើងស្បែកស វប្បធម៌មិនសមរម្យ វប្បធម៌ការលុបបំបាត់ និងការបណ្តេញជនរងគ្រោះចេញ (victim dismissal) ”។ ឥលូវនេះអ្នកនាងបានចាប់ផ្តើមដាក់ញត្តិទាមទារអោយមានការសុំទោសជាសាធារណៈ។ (កែសម្រួល៖ Vice បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ១២ ខែមេសា) ។
“វាជះឥទ្ធិពល និងបង្កអំពើហិង្សាផ្លូវចិត្តចំពោះសហគមន៍ខ្មែររបស់ខ្ញុំ”។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១១ ខែមេសា ដោយបាននិយាយថា ក្រសួងមិនបានធ្វើការជាមួយលោក Loughrey លើគម្រោងនេះទេ ហើយបានលើកឡើងថា “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ” និងបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ នៅមុនពេល Vice ដកអត្ថបទនេះចេញ។
រូបភាពទី២ របស់លោក ខ្វា លាង ជាមួយនឹងទឹកមុខក្រៀមក្រំជាងមុន នៅមន្ទីរសន្តិសុខស-២១
ការប៉ះពាល់ផ្លូវអារម្មណ៍នោះ អាចត្រូវបានគេមើលឃើញតាមរយៈបទពិសោធន៍របស់លោក សេន្យិន្ទ ។ ជនរងគ្រោះក្នុងរបបខ្មែរក្រហមរាប់ពាន់នាក់ នៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេ។ ចំពោះអត្ថបទរបស់ Vice ដែលបាននិយាយលើកឡើងថា មានកូនប្រុសរបស់លោក លាង នៅរស់នៅឡើយ ហើយបានផ្តល់ព័ត៌មានអំពីឪពុកដែលស្លាប់នោះមកឱ្យលោក Loughrey នោះទៀត។ ប៉ុន្តែសាច់ញាតិម្នាក់នេះមិនត្រូវបានស្គាល់នោះទេ។
យោងតាមប្រវត្តិគ្រួសារ ការណ៍ដែលនៅមានសាច់ញាតិនោះ ហាក់ដូចជាមិនអាចទៅរួច។ ប៉ុន្តែកូនស្រីរបស់លោក សេន្យិន្ទ គឺមិនអាចគេចចេញពីសេចក្តីឈឺចាប់ក្នុងចិត្ត ដែលបណ្តាលមកពីការពណ៌នាប្រឌិតនេះឡើយ។
នាងបានសរសេរក្នុង Twitter ថា “ពេលនោះ ពេលដែលខ្ញុំបានអានរឿងនោះហើយខ្ញុំស្រមៃថា ខ្ញុំអាចមានបងប្អូនជីដូនមួយម្នាក់នៅទីនោះ ហើយខ្ញុំមិនបានដឹងថាមាន គឺដូចជាវង្វេងស្មារតី”។
លោក សេន្យិន្ទ បាននិយាយថា បងប្រុសរបស់គាត់និងប្រពន្ធ មានកូនមួយ ហើយប្រហែលជាមានកូនម្នាក់ទៀតភ្លាមៗក្រោយនោះ។ ប៉ុន្តែប្តីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានសម្លាប់ដោយខ្មែរក្រហម។ រហូតមកដល់ពេលនេះ លោក សេន្យិន្ទ និងបងប្អូនដែលនៅរស់ សុទ្ធតែដឹងថា កូនៗរបស់ពួកគេក៏ត្រូវបានសម្លាប់ដូចគ្នាដែរ។
ប៉ុន្តែការបាត់បង់ក្រុមគ្រួសារទាំងវ័យក្មេងរបស់បងប្រុសគាត់ គឺគ្រាន់តែជាផ្នែកមួយនៃសោកនាដកម្មដ៏ធំ ដែលបានកើតឡើងលើញាតិរបស់លោក សេន្យិន្ទ ។ នៅក្នុងបទសម្ភាស៍ជាមួយ Globe គាត់បានប្រាប់ពីជោគវាសនារបស់ឪពុកម្តាយ និងបងប្អូនផ្សេងទៀត ដោយរៀបរាប់ពីការស្លាប់យ៉ាងច្រើនក្នុងរយៈពេលខ្លីមួយ ដែលច្រើនជាងអ្នកដទៃជួបប្រទះការបាត់បង់ក្នុងមួយជីវិត។
រូបថតក្នុងឆ្នាំ ១៩៦៧ នៅរោងស្រូវ រូបថតបង្ហាញបងប្អូនទាំង ៧នាក់ក្នុងចំណោម ៩អ្នក ជាមួយនឹងញាតិផ្សេងទៀត កំពុងលោកបៀរ។ ខ្វា លាង ស្ថិតនៅខាងឆ្វេង ពាក់អាវសជាមួយនឹងសារុង។
បងប្អូនដែលនៅរស់: ពីឆ្វេងទៅស្តាំ (ប្អូនទី៨), (ប្អូនទី៦), សេន្យិន្ទ (កូនទី៥), ថតក្នុងឆ្នាំ២០១២.
រូបថតគ្រួសារលោក សេន្យិន្ទ ក្នុងឆ្នាំ2020
ឪពុករបស់គាត់បានទទួលមរណភាពនៅឆ្នាំ ១៩៧០ ដោយរោគាពាធ មុនពេលស្រុកកំណើតរបស់គាត់ បានផ្លាស់ប្តូរទៅជារបបកម្ពុជាប្រជាធិបតេយ្យ គឺខ្មែរក្រហម។ ម្តាយរបស់គាត់ នៅរស់នៅឡើយ ពេលរបបនោះបានចាប់ផ្តើម តែចុងក្រោយខ្មែរក្រហមសម្លាប់។
ចំណោមកូនសរុប ៩ នាក់ មានកូនប្រុស ៧ នាក់ និងស្រី ២ នាក់។ នៅចុងបញ្ចប់ទសវត្សនោះ លោក សេន្យិន្ទ គឺជាបងប្រុសតែមួយគត់ដែលនៅរស់។
បងប្រុសច្បង ដែលជាអនុសេនីយ៍ឯកម្នាក់នៅក្នុងជួរកងទ័ពលន់នល់ ត្រូវបានកងទ័ពវៀតកុងចាប់ខ្លួន និងសម្លាប់នៅព្រំដែនឡាវក្នុងឆ្នាំ ១៩៧០។ បងប្រុសទី ២ ជាបុគ្គលិកធនាគារ ត្រូវបានសម្លាប់នៅឆ្នាំ ១៩៧៦ ក្នុងឆ្នាំតែមួយដូចបងប្រុសទី៣ ខ្វា លាង។ បងប្រុសទី ៤ ដែលជាទាហាន និងមានឋានៈដូចបងប្រុសច្បង បានទទួលមរណភាពនៅឆ្នាំ ១៩៧៣ ។
សេន្យិន្ទ គឺជាកូនទីប្រាំ។ ប្អូនប្រុសពីរនាក់របស់គាត់ បានស្លាប់នៅក្រោមរបបខ្មែរក្រហម ទោះ បីជាគ្មាននរណាម្នាក់ប្រាកដថានៅពេលណា។ ប្អូនស្រីទាំងពីរនាក់របស់គាត់ បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា និងបានជួបជុំគ្នានៅសហរដ្ឋអាមេរិក ដែលពួកគេរស់នៅក្នុងរដ្ឋម៉ាសាឈូសេតនិងរដ្ឋនេវ៉ាដា។
លោក សេន្យិន្ទ ខ្លួនគាត់ផ្ទាល់បានចិញ្ចឹមបីបាច់កូនស្រីពីរនាក់នៅទីក្រុង San Diego ជាកន្លែងដែលគាត់ធ្វើការអស់រយៈពេល ២៤ ឆ្នាំ ជាបង្រៀនគណិតវិទ្យានិងសិក្សាសង្គម នៅសាលាបឋមសិក្សារដ្ឋមួយ។ នោះប្រហែលជាការរកឃើញដោយចៃដន្យ ចំពោះប្រវត្តិរបស់លោក លាង ផ្ទាល់។
នៅក្នុងរឿងរ៉ាវដ៏វែង នៃសោកនាដកម្មគ្រួសារនិងការនិរទេសពីស្រុកកំណើត ប៉ុន្តែការសន្ទនាតាមទូរស័ព្ទនាពេលព្រឹកថ្ងៃអាទិត្យ ផ្តោតការចាប់អារម្មណ៍ទៅលើបងប្រុសទី ៣ របស់លោក សេន្យិន្ទ ដែលជាគ្រូបង្រៀនមានឧត្ដមគតិ និងប្រហែលជាចុងក្រោយគាត់មានការយល់ខុស។ ទោះជារឿងរ៉ាវរបស់បងប្រុសទី ៣ នៅបន្តតាមរយៈរូបថត តែសម្រាប់លោក សេន្យិន្ទ អ្វីដែលនៅចងចាំគឺជាការលាគ្នាចុងក្រោយ នៅអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ក្នុងឆ្នាំ ១៩៧៤ ដែលបន្សល់នូវស្លាកស្នាមដែលមិនអាចបំភ្លេចបាន។
“ខ្ញុំបានបញ្ជាក់ពីចំណុចនេះ ដល់មនុស្សជាច្រើន។ នៅពេលពួកគេចាកចេញពីប្រទេស យកតែញាតិមិត្តជិតដិតមកជាមួយអ្នក នៅឯព្រលានយន្តហោះបានហើយ។ អ្នកមិនដឹងទេថា អ្នកនឹងអាចត្រឡប់ទៅវិញបានឬអត់។ ហើយបើត្រឡប់ទៅបាន អ្នកនឹងមិនដឹងទេថា តើមនុស្សជាទីស្រឡាញ់របស់អ្នកនឹងនៅទីនោះទៀតឬអត់” ។
“នៅពេលខ្ញុំត្រឡប់ទៅវិញ គ្មានញាតិជិតដិតនៅទីនោះទៀតទេ”។