អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ឧស្សាហកម្មផលិតសំលៀកបំពាក់និងស្បែកជើង បានក្លាយជាកាតាលីករមួយ ជំរុញដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ការងារ ដល់ប្រជាជនកម្ពុជាជាង ៩០០.០០០ នាក់ នៅតាមរោងចក្រជាង ១០០០ កន្លែង។ ប៉ុន្តែដោយសារតែការបិទសេដ្ឋកិច្ចពិភពលោក រោងចក្រក៏ត្រូវបានចាក់សោបិទទ្វារ ទៅតាមនោះដែរ។
Written By: Focus team
កម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» គឺជាកម្រងអត្ថបទស្តីពី ការស្រាវជ្រាវលើផលប៉ះពាល់របស់ជំងឺកូវីដ១៩លើវិស័យធំៗរបស់ប្រទេសកម្ពុជាដូចជា វិស័យកសិកម្ម វិស័យសំណង់ វិស័យកាត់ដេរ និងវិស័យទេសចរណ៍។ «កម្ពុជាក្នុងច័ត្តាឡីស័ក» បានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe ហើយក្នុងសប្តាហ៍នេះ Focus នឹងចេញផ្សាយជាភាសាខ្មែរ។
អត្ថបទដោយ Andrew Haffner និងបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
លោក សឿន ជីម ធ្លាប់តែត្រូវក្រោកពីគេងនៅម៉ោង ៤ ទៀបភ្លឺ ដើម្បីទៅធ្វើការឱ្យទាន់ពេលសម្រាប់វេនព្រឹក កាលពីពេលដែលគាត់នៅធ្វើការ ក្នុងរោងចក្រកាត់ដេរនៅឡើយ។
ទម្លាប់ពេលព្រឹករបស់លោក គឺសាមញ្ញណាស់។ ខណៈកូនៗទាំងពីរនៅគេងលង់លក់នៅឡើយ កិច្ចការដំបូងបង្អស់ដែលលោកត្រូវធ្វើ គឺរៀបចំដាំបាយនិងធ្វើម្ហូប ខ្ចប់ទុកសម្រាប់អាហារពេលថ្ងៃត្រង់។ បន្ទាប់ពីធ្វើម្ហូបរួច ជាធម្មតាលោក ជីម ងូតទឹក ហើយស្លៀកពាក់។ លោកនិងភរិយាឈ្មោះ សែម សុវណ្ណ ដើរទៅកន្លែងរង់ចាំ ជាទីដែលរថយន្តទ្រុងដឹកកម្មកររោងចក្រ មកទទួលគាត់។
ពួកគាត់ត្រូវប្រជ្រៀតរួមដំណើរ ជាមួយកម្មករទាំងប្រុសទាំងស្រីដទៃទៀត ឆ្ពោះទៅកាន់រោងចក្រ Gladpeer មានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការធ្វើដំណើរ ចំណាយពេលអស់ជិតមួយម៉ោង ហើយជាធម្មតាលោកត្រូវទៅដល់រោងចក្រឱ្យបានមុនម៉ោង ៧ព្រឹក ដែលជាពេលត្រូវចាប់ផ្តើមធ្វើការ ។
ឥឡូវនេះ ដោយសារតែការអត់ការងារធ្វើរាប់ខែ ហើយត្រូវគេងចាំនៅផ្ទះ រហូតដល់រោងចក្របើកដំណើរការឡើងវិញ។
លោក ជីម ក៏បានរឭកដល់ពេលលោកជិះឡានទ្រុង នៅបាំងក្រោយ ទៅធ្វើការជាមួយកម្មកររោងចក្រផ្សេងទៀត ដែលជាពេលសប្បាយរីករាយក្នុងជីវភាពប្រចាំថ្ងៃ នាពេលនោះ។ “ពេលនៅតាមផ្លូវជិះឡានទៅរោងចក្រ ពួកយើងនិយាយគ្នាលេង សើចសប្បាយពេញឡាន។ ខ្ញុំនឹកដល់ពេលនោះណាស់” លោក ជីម បាននិយាយប្រាប់ ក្នុងអំឡុងពេលសម្រាក នៅឯផ្ទះ ខេត្តកណ្តាល។
លោក សឿន ជីម អាយុ ៤០ ឆ្នាំ បានអស់ការងារ តាំងពីថ្ងៃទី ២២ ខែមេសា នៅពេលដែលរោងចក្រ Gladpeer បានផ្អាកប្រតិបត្តិការរបស់ខ្លួន ហើយប្រកាសក្ស័យធន ដោយមូលហេតុកង្វះការបញ្ជាទិញ កើតឡើងដោយវិបត្តិជំងឺកូវីដ១៩។ នៅពេលបច្ចុប្បន្នលោក ជីម និងភរិយា គឺស្ថិតក្នុងចំណោមកម្មករប្រមាណជាង ១៣០.០០០ នាក់ នៅក្នុងឧស្សាហកម្មផលិតសំលៀកបំពាក់និងស្បែកជើងនៅកម្ពុជា ដែលបានបាត់បង់ការងារ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។
មុនពេលមានការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឧស្សាហកម្មនេះ ដែលរាប់ចាប់ពីការផលិតស្បែកជើង ព្រមទាំងសម្ភារ:សម្រាប់ការធ្វើដំណើរ បានផ្ដល់ការងារដល់ប្រជាជនកម្ពុជាជិតមួយលាននាក់ ដែលផលិតផលសរុបមានប្រហែលជា ៧៤% នៃផលិតផលនាំចេញសរុបរបស់ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការនាំចេញនូវ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទំនិញ ក្នុងឆ្នាំ ២០១៩ មានតម្លៃស្មើនឹងចំនួន ៩,៣ ពាន់លានដុល្លារ ហើយបើធៀបនឹងឆ្នាំមុន មានការកើនឡើង ១១ ភាគរយ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ក្រឡេកមើលតួលេខនៃ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ កាលពីឆ្នាំ ២០០០ វិញ គឺមានតម្លៃតិចជាង ១ ពាន់លានដុល្លារ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ។
ធនាគារពិភពលោក បានដកស្រង់ស្ថិតិពីរបាយការណ៍របស់រដ្ឋាភិបាល បានឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំនេះ នៅក្នុងឧស្សាហកម្មផលិតសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលបាននាំចេញ គឺមានរោងចក្រចំនួន ១០៨៧ កន្លែង និងផ្តល់ការងារដល់កម្មករចំនួន ៩៤១.០០០ នាក់ ស្មើនឹង ២១% នៃកម្លាំងពលកម្មដែលទទួលបានប្រាក់កម្រៃ ។ តួលេខនេះ ស្មើនឹង ១០,៧% នៃការងារសរុបនៅក្នុងប្រទេសកម្ពុជា។
ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំនេះ មានរោងចក្រចំនួន ៤៥០ បានផ្អាកផលិតកម្ម ខណៈរោងចក្រចំនួន ៨៣ ផ្សេងទៀត បានបិទទ្វារជាផ្លូវការ។
បើយោងតាមរបាយការណ៍ពីពាក់កណ្ដាលខែកក្កដាឆ្នាំនេះ បានឱ្យដឹងផងដែរថា ការនាំចេញសំលៀកបំពាក់សរុបរបស់កម្ពុជា មានតម្លៃប្រហែលនឹង ៣,៨ ពាន់លានដុល្លារ។ ទោះបីជាតម្រូវការមានការធ្លាក់ចុះយ៉ាងខ្លាំងពីបរទេសក៏ដោយ ការធ្លាក់ចុះរូបិយវត្ថុមានប្រមាណតែ ៥,៤% ប៉ុណ្ណោះ ពីពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាគេសង្កេតឃើញមានការធ្លាក់ចុះរូបិយវត្ថុតិចតួចក៏ដោយ ការធ្លាក់ចុះនៃបរិមាណការនាំចេញ គឺជាការខាតបង់ដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់ឧស្សាហកម្មកាត់ដេរ ដែលជាធម្មតាទទួលបានកំណើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការធ្លាក់ចុះនេះបានឱ្យប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលធ្វើការក្នុងវិស័យនេះ បាត់បង់ការងារផងដែរ។
ផលប៉ះពាល់មកលើសង្គមនយោបាយ ពីការបាត់បង់ប្រាក់ចំណូលនិងមូលធនលើវិស័យនាំចេញនេះ កំពុងតែបង្កបញ្ហាធ្ងន់ធ្ងរដល់សង្គមកម្ពុជា។
លោក អាត់ ធន់ គឺជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលស្ថាប័ននេះ តំណាងឱ្យកម្មករប្រមាណជាង ១១ ម៉ឺននាក់។ លោកនិយាយថា ក្នុងវិស័យនេះ ការចុះកិច្ចសន្យាកាងារ បានធ្វើឡើងច្រើនដងក្នុងរយៈពេលច្រើនដងក្នុងមួយឆ្នាំ។ ដូច្នេះពេលប្រកាសបិទរោងចក្រ អ្នកខ្លះបានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ហើយ អ្នកខ្លះទៀតនៅធ្វើបាតុកម្មនៅមុខរោងចក្រ ទាមទារប្រាក់ឈ្នួល ខណៈដែលអ្នកមួយចំនួនផ្សេងទៀត នៅតែព្យាយាមស្វែងរកការងារថ្មីនៅក្នុងរោងចក្រដែលនៅបន្តដំណើរការ។
លោកបានបន្តទៀតថា៖ “ខ្ញុំគិតថាកម្មករដែលបានបាត់បង់ការងារ មានប្រមាណតែ ១៥% ប៉ុណ្ណោះ ដែលអាចរកការងារថ្មី នៅរោងចក្រផ្សេង ហើយនោះសម្រាប់អ្នកដែលមានបទពិសោធន៍ … ប៉ុន្តែសម្រាប់អ្នកដែលគ្មានជំនាញ វាកាន់តែពិបាករកការងារ។”
នៅពេលរោងចក្របានផ្អាកប្រតិបត្តិការជាផ្លូវការ មណ្ឌលផលិតកម្មប្រហែលជាជាង ២៦៥ កន្លែងទៀត ក៏បានបិទទ្វារផងដែរ។ ការណ៍នេះក៏បានជះឥទ្ធិពលដល់ការងារប្រមាណ ១៣ ម៉ឺនមុខងារ។ ក៏ប៉ុន្តែលោកអាត់ ធន់ មានការសង្ស័យថា តួលេខនេះអាចជិតដល់ ២ សែនការងារ។
លោកបានបន្ថែមថា ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច កម្មករជាច្រើនកំពុងតែស្វែងរកប្រាក់កម្ចី ដើម្បីចិញ្ចឹមជីវិត។ លោកក៏បាននិយាយទៀតផងដែរថា៖ “ពេលខ្លះ ខ្ញុំជួបកម្មករនៅរោងចក្រ ពួកគេបានប្រាប់ថា ពួកគេបានទទួលយកប្រាក់កម្ចីពីរោងចក្រ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ និងប្រាក់កម្ចីក្រៅផ្លូវការផ្សេងៗទៀត តាមដែលអាចរកទៅបាន។ យើងអាចនិយាយថា ចំនួនប្រហែលជា៧០ ភាគរយហើយ បានស្នើសុំប្រាក់កម្ចី។”
លោកបន្ថែមថា៖“នៅពេលពួកគេត្រលប់ទៅផ្ទះវិញ ពួកគេត្រូវរស់នៅក្នុងស្ថានភាពដែលពួកគេមិនមានប្រាក់ចំណូលទៀងទាត់។ ពួកគេត្រូវចំណាយលើម្ហូបអាហារ និងសងប្រាក់ទៅមីក្រូហិរញ្ញវត្ថុ ឬធនាគារនូវប្រាក់ដែលពួកគេជំពាក់”។
លោក ជីម បាននិយាយថា បើគ្មានប្រាក់ខែទៀងទាត់ពីរោងចក្រទេ ស្ថានភាពជីវភាពគ្រួសាររបស់លោក នឹងឈានទៅដល់កម្រិតលំបាកខ្លាំង។ លោកបានធ្វើការនៅរោងចក្រនេះអស់រយៈពេលប្រហែលជា ១២ ឆ្នាំហើយ ដោយទទួលបានប្រាក់ខែ ប្រហែលជា ៣០០ ដុល្លារក្នុងមួយខែ ដែលច្រើនជាងប្រាក់ឈ្នួលអប្បបរមារក្នុងវិស័យនេះ (១៩០ ដុល្លារ) ។
ប៉ុន្តែនៅសប្ដាហ៍ទីបីនៃខែមេសា ជាពេលដែលសេដ្ឋកិច្ចពិភពលោកជួបការលំបាកនោះ បុគ្គលិករដ្ឋបាលនៅរោងចក្រ Gladpeer ដែលជារោងចក្រផលិតសំលៀកបំពាក់ម៉ាក H&M សម្រាប់អតិថិជននៅលោកខាងលិច បានប្រកាសថា ការងារនឹងត្រូវបញ្ឈប់ ហើយត្រូវបិទរោងចក្រ។ ខាងផ្នែករដ្ឋបាល បានបើកប្រាក់ឈ្នួលឱ្យដល់ថ្ងៃធ្វើការចុងក្រោយរបស់លោក នៅថ្ងៃទី ២៣ ខែមេសា។
វិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បានបង្កជាបញ្ហាដ៏ធ្ងន់ធ្ងរ ដល់វិស័យរោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា។ ដំបូងឡើយមេរោគនេះ បានជះឥទ្ធិពលដល់ផ្នែកផ្គត់ផ្គង់ពីប្រទេសចិន ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម ដល់ប្រទេសកម្ពុជាក្នុងការផលិតសំលៀកបំពាក់។ ខ្សែសង្វាក់ផលិតកម្មមួយនេះ បានដាច់នៅពេលដែលមានការផ្ទុះឡើងនូវមេរោគនេះ កាលពីខែមករា។ ហើយបន្ទាប់មកទៀតនោះ គឺបញ្ហាកើតឡើងបន្ត នៅពេលតម្រូវការពីបស្ចិមប្រទេសបានធ្លាក់ចុះ ដោយសារមានវិបត្តិផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩។ ដូច្នេះពួកគេក៏បានផ្អាកការកុម្ម៉ង់ទិញ ដើម្បីជៀសវាងការខាតបង់។
ស្ថានភាពពីផលប៉ះពាល់នៃមេរោគនេះ កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីមានការដកកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មលើទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ រវាងអឺរ៉ុបនិងកម្ពុជា(EBA) ដែលបានប្រកាសនៅក្នុងខែកុម្ភៈ និងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១២ ខែសីហា។ សហភាពអឺរ៉ុបលើកមូលហេតុដែលនាំឱ្យមានការសម្រេចចិត្តបែបនេះ គឺដោយសារការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងស៊ីវិល នៅក្នុងប្រទេសកម្ពុជា។
EBA ជាកិច្ចព្រមព្រៀងដែលបានផ្ដល់ឱ្យប្រទេសកម្ពុជា នូវការនាំចេញទៅកាន់តំបន់អឺរ៉ុប ដោយមិនមានការបង់ពន្ធចាប់តាំងពីឆ្នាំ ២០០១មកម្ល៉េះ។ ការលើកលែងនេះ បានប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃផលិតទាប។
ដោយឡែកនៅពេលបច្ចុប្បន្ន នៅពេលមានការត្រឡប់មកយកពន្ធវិញ រោងចក្រជាច្រើនបានចាប់ផ្តើមផ្លាស់ទីតាំងប្រតិបត្តិការ ទៅបណ្ដាប្រទេសផ្សេងទៀត។
លោក ខេន លូ ជាអគ្គលេខាធិការនៃសហគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានូវកត្តាទាំងនេះ បង្ហាញថារោងចក្រផលិតក្នុងស្រុក ត្រូវបានទុកចោល ស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជាមួយ។
ទោះបីជាមានរោងចក្រមួយចំនួនសម្រេចចិត្តបិទទ្វារ ដើម្បីជៀសវាងការដួលរលំក៏ដោយ មានរោងចក្រមួយចំនួនទៀតបានជ្រើសរើស ការរង់ចាំការបញ្ជាទិញ ជំនួសការផ្អាកប្រតិបត្តិការរបស់ពួកគេទាំងស្រុង។ លោកបានបន្ថែមថា ការផ្អាកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺត្រូវបានគ្រោងជាមួយរដ្ឋាភិបាល ដើម្បីទុកពេលខ្លះ សម្រាប់រោងចក្រមួយចំនួន ដើម្បីជៀសវាងការបិទទ្វារទាំងស្រុង។
លោកលូបាននិយាយថា៖ “យើងមានរោងចក្របិទខ្លះ ប៉ុន្តែខ្ញុំមិនដឹងតួលេខពិតប្រាកដទេ។ “ការផ្អាកនោះ វាជាដើមទង វាជាការសម្ងំសម្រាកមួយរយៈ ហើយការសម្ងំនេះក៏ត្រូវការចំណាយប្រាក់ដែរ»។
ទោះយ៉ាងណា អ្នកដែលកំពុងរង់ចាំពពកខ្មៅឱ្យរសាត់អណ្ដែតទៅបាត់ បានទទួលការធានាតិចតួចប៉ុណ្ណោះ។
លោកខេន លូ បានរៀបរាប់អំពីការស្ទង់មតិថ្មីៗនេះ របស់សមាជិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានឱ្យដឹងថា មានតែ ៣៥ ភាគរយនៃរោងចក្រដែលចូលរួមសម្រង់មតិនេះ ទទួលបានការបញ្ជាទិញគ្រប់គ្រាន់ រហូតដល់ដំណាច់ឆ្នាំនេះ។ ហើយ ៤០ ភាគរយទៀតបាននិយាយថា “ពួកគេទទួលបានការបញ្ជាទិញខ្លះ ប៉ុន្តែមិនគ្រប់គ្រាន់ទេ” ហើយប្រហែលជា ២៥ ភាគរយទៀត បានរាយការណ៍ថា គ្មានការបញ្ជាទិញទេ ប្រហែលជាដល់ដំណាច់ឆ្នាំនេះតែម្តង។
ពាណិជ្ជករ Maha Roof ទទួលបាន “ការបញ្ជាទិញខ្លះ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់” ដូច្នេះលោក ក៏សម្រេចចិត្តបិទផលិតកម្មនៅតាមរោងចក្រចំនួន៩ដែលលោកគ្រប់គ្រង។
លោក Roof មានដើមកំណើតពីប្រទេសប៉ាគីស្ថាននិងស្រីលង្ការូបនោះ បានផ្លាស់មកភ្នំពេញជាងមួយទសវត្សរ៍មកហើយ ។ លោកមានអាជីពជាពាណិជ្ជករនៅក្នុងបណ្ដាញអាស៊ីទាំងមូល ដែលទាក់ទងនឹងការផលិត ក៏ដូចជាការនាំចេញផលិតផលជាច្រើនមុខ។
លោកបាននិយាយទៀតថា ពីមុនការធ្វើអាជីវកម្មមានលក្ខណៈល្អ រហូតមកដល់ពេលមានកូវីដ១៩នេះ។ លោកបន្ថែមទៀតថា៖ «ខ្ញុំរកស៊ីនៅទីនេះ១០ ឆ្នាំហើយ ឥឡូវនេះក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ វារលាយបាត់ទៅអស់ហើយ»។
លោកRoof បាននិយាយថា ក្រុមរោងចក្រដែលលោកបានមើលការគ្រប់គ្រង ស្ថិតនៅចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រខាងត្បូងទីក្រុងភ្នំពេញ ពីមុនមានបុគ្គលិកប្រហែលជាង ៩ ពាន់នាក់។ ទំនិញដែលផលិតនៅទីនោះ ភាគច្រើនត្រូវបានបញ្ជូនទៅក្រុមហ៊ុនZara ហើយពួកគេអាចចំណេញប្រាក់បានរហូតទៅដល់១លានដុល្លារកន្លះ ក្នុងមួយឆ្នាំៗ ។
កប្បាសបានមកពីប្រទេសឥណ្ឌានិងប៉ាគីស្ថាន ខ្សែអំបោះបានពីប្រទេសបង់ក្លាដេស វាយនភណ្ឌពីប្រទេសចិន និងគ្រឿងបន្លាស់ផ្សេងៗបានពីកោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូងនិងកន្លែងផ្សេងទៀត។ ផលិតផលសម្រេចចុងក្រោយ ដែលភាគច្រើនជារ៉ូបនិងអាវមនុស្សស្រី ត្រូវបានលក់នៅចក្រភពអង់គ្លេសនិងប្រទេសកាណាដា។
ដូចគ្នានឹងអ្នកនៅក្នុងវិស័យនេះដែរ បញ្ហាដំបូងរបស់លោកRoof គឺចាប់ផ្តើមនៅពេលដែលការផ្គត់ផ្គង់វាយនភណ្ឌ ពីប្រទេសចិនត្រូវបានកាត់ផ្ដាច់។លោកនិយាយថាទាំងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា៖ “ប្រសិនបើខ្ញុំមិនមានសម្ភារៈសម្រាប់ផលិត ខ្ញុំមិនអាចចាប់ផ្តើមដំណើរការផលិតកម្មបានទេ។”
ខណៈដែលលោករង់ចាំការផ្គត់ផ្គង់សម្ភារៈផលិតមកដល់ ការចំណាយបានកើនឡើងទៅៗ ប្រហែល ២៥.០០០ ដុល្លារក្នុងមួយថ្ងៃ ដោយគ្មានប្រាក់ចំណូលដើម្បីទូទាត់។
កាលពីឆ្នាំមុន លោកនិងដៃគូអាជីវកម្មរបស់លោក បានចាប់ផ្តើមដំណើរការវិនិយោគធំ ៗ ដើម្បីពង្រីកសមត្ថភាពផលិតកម្មរបស់ពួកគេ។ ក៏ប៉ុន្តែលោកបាននិយាយថា ឥឡូវនេះពួកគេត្រូវបង្ខំចិត្ត លក់ចេញរោងចក្រចំនួន ៤ ខណៈពេលដែលរោងចក្រនៅសល់ចំនួន ៥ ទៀត ត្រូវបានផ្អាកដំណើរការ ចាប់តាំងពីខែឧសភា។
លោកបាននិយាយថា គណៈគ្រប់គ្រងរបស់លោក បានប្រើប្រាស់ប្រាក់ដែលទទួលបានពីការលក់រោងចក្រ ដើម្បីបើកប្រាក់ឈ្នួលដល់កម្មករ សម្រាប់រយៈពេល ៣ ខែ ហើយពួកគេសង្ឃឹមថា នឹងបើករោងចក្រមួយក្នុងចំណោម ៥ ដែលផ្អាកដំណើរការ ក្នុងពេលប៉ុន្មានខែខាងមុខនេះ។
អនាគតរបស់រោងចក្រ គឺពឹងផ្អែកលើការតម្រូវការនិងការបញ្ជាទិញផ្សេងៗ។ សម្រាប់ពេលបច្ចុប្បន្ននេះ លោកបាននិយាយថា ម៉ូយបញ្ជាទិញ គឺ“ មានភាពច្របូកច្របល់” ដោយសារអត្រាលក់របស់ពួកគេ មិនមានភាពប្រាកដប្រជាដែរ។
លោក Roof បានរៀបរាប់អំពីដំណើរការនៃការផ្តល់ព័ត៌មាន ទៅកម្មករនិងអ្នកលក់ផ្សេងៗ ដែលបម្រើសេវាកម្មដល់រោងចក្រ ដោយនិយាយទៀតថា៖ “វាពិបាកចិត្តណាស់ដែរ ត្រូវបិទរោងចក្រ ហើយនេះខ្ញុំមិនមែនចង់និយាយតែពីរឿងលុយមួយមុខនោះទេ។ បុគ្គលិករបស់ខ្ញុំមិនអីទេ យើងអាចមិនធ្វើការមួយឆ្នាំឬពីរបីឆ្នាំក៏បាន ប៉ុន្តែកម្មករវិញមិនអាចនោះទេ។ ដូច្នេះគោលដៅបន្ទាប់ គឺឱ្យពួកគេត្រឡប់មកធ្វើការវិញ” ។
ដោយភ្ជាប់ទៅនឹងស្មារតីសប្បុរសធម៌នៃសាសនាអ៊ីស្លាម ដែលលោកប្រតិបត្តិ លោកបាននិយាយថា លោកព្យាយាមផ្ដល់ជំនួយជាស្បៀងអាហារមួយចំនួន និងស្វែងរកកន្លែងធ្វើការផ្សេងៗ សម្រាប់កម្មករដែលបានមករកសុំជំនួយពីគាត់។ អ្វីដែលលោកអាចជួយដល់កម្មករបាននោះ គឺក្តីសង្ឃឹមលើភោជនីយដ្ឋាន Maha Bistro របស់លោក ក៏ដូចជារោងចក្រនឹងអាចបើកឡើងវិញ នៅក្នុងរយៈពេលឆាប់ៗនេះ ។
សម្រាប់ម្ចាស់ផលិតកម្មក្នុងវិស័យនេះ ការផ្អាកដំណើរការក៏ត្រូវការចំណាយដែរ។ ប៉ុន្តែការសម្ងំ នៅតែជាជម្រើសដ៏ល្អបំផុត សម្រាប់មនុស្សជាច្រើនដែលសង្ឃឹមថា នឹងអាចចាប់ផ្តើមដំណើរផលិតកម្មបានឡើងវិញ នៅក្នុងរយៈពេលឆាប់ៗខាងមុននេះ ពេលដែលស្ថានភាពជំងឺកូវីដមានលក្ខណៈប្រសើរឡើង។
លោកលូបាននិយាយថា ក្នុងអំឡុងពេលនេះ កម្មករអាចទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីរបស់ GMAC ប្រហែល ៣០ ដុល្លារ និង ៤០ ដុល្លារបន្ថែមទៀតពីរដ្ឋាភិបាល។
លោកលូបានបន្ថែមទៀតថា សម្រាប់និន្នាការណាមួយ ដែលអាចផ្ដល់ទស្សនវិស័យឱ្យបន្តរស់រានមានជីវិត សម្រាប់អ្នកអាជីវកម្មទាំងអស់ក្នុងវិស័យនេះ ឧស្សាហកម្មកាត់ដេរកំពុងប្រមើលពីអស្ថិរភាព ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនតូចធំជាច្រើន ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា៖“ យើងមានរោងចក្រធំៗ ដូចជារោងចក្រស្បែកជើង ដែលមានកម្មករ ១០.០០០ នាក់ កំពុងត្រូវបានព្យួរការងារ។ ប៉ុន្តែនិន្នាការទូទៅគឺថា រោងចក្រតូចៗនឹងមានការពិបាកជាង ដើម្បីឈរជើងបាន ដោយសារពួកគេស្ថិតក្នុងស្ថានភាពអាក្រក់ជាងរោងចក្រធំៗ បើនិយាយពីបញ្ហាហិរញ្ញវត្ថុ ។
កម្មករដូចលោក សឿន ជីម ដែលខ្វះដើមទុនសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន គឺត្រូវពឹងផ្អែកតាមអំណោយផលនៃសេចក្ដីប្រោសប្រណីពីប្រព័ន្ធផ្គត់ផ្គង់ និងតម្រូវការរបស់ពិភពលោក។ ហើយអ្វីដែលបណ្ដាលឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៀតនោះ លោកមានការសង្ស័យទៅលើមូលហេតុនៃការបិទរោងចក្រ ក៏ដូចជាការគណនាបែងចែកប្រាក់ឈ្នួលចុងក្រោយរបស់គាត់។
លោក ជីម បានមាននិយាយទៀតថា៖ “រោងចក្របិទទ្វារ ដោយសារជំងឺកូវីដ១៩ គ្មាននរណាធ្វើការបញ្ជាទិញ ដូច្នេះពួកគេត្រូវតែបិទទ្វារ។ នោះជាអ្វីដែលខាងរោងចក្របានប្រាប់មកពួកយើង។ ទោះយ៉ាងណាខ្ញុំនៅតែគិតថា វាក៏ព្រោះតែពួកគេចង់ដកមនុស្ស ដែលធ្វើការនៅទីនោះអស់រយៈពេលជាយូរឆ្នាំមកហើយ។”
“ខ្ញុំទទួលបានប្រាក់តែ ១០៥០ ដុល្លារសម្រាប់ប្រាក់ខែចុងក្រោយរបស់ខ្ញុំ ប៉ុន្តែខ្ញុំគួរតែត្រូវទទួលបានប្រាក់ជាង ២០០០ ដុល្លារនៅពេលរោងចក្របិទទ្វារ”។
ភរិយារបស់លោក ជីម គឺលោកស្រី សែម សុវណ្ណ អាយុ ៣៨ ឆ្នាំ បានធ្វើការនៅផ្នែកដេរក្នុងរោងចក្រតែមួយ ចាប់ផ្តើមធ្វើការតាំងពីអាយុ ២១ ឆ្នាំ។ លោកស្រី សុវណ្ណទើបតែបានទទួលប្រាក់បៀរវត្តន៍ចុងក្រោយចំនួន ១២៨៦ ដុល្លារតែប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ថែមម៉ោង លោកស្រីធ្លាប់រកប្រាក់ចំណូលបានប្រហែលជាង ៣០០ ដុល្លារក្នុងមួយខែៗ។
លោកស្រីបាននិយាយពេលលើកកូនស្រីពៅអាយុ ២ ឆ្នាំដាក់លើភ្លៅថា៖“ នៅពេលរោងចក្របិទទ្វារភ្លាមៗបែបនេះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ”។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីមានសំណាងជាងប្តីខ្លួនដែរ ដោយសារតែបានទទួលការងារនៅរោងចក្រមួយផ្សេងទៀត ក្នុងរយៈពេល ២ សប្ដាហ៍បន្ទាប់ពីរោងចក្រចាស់បិទ តាមរយៈការជួយរបស់មេក្រុម។ ជាមួយនឹងបរិមាណផលិតកម្មដ៏ច្រើន នៅកន្លែងធ្វើការថ្មី លោកស្រីសង្ឃឹមថា យ៉ាងហោចណាស់ លោកស្រីក៏អាចរក្សាបាននូវជំហរថ្មី នៅពេលដែលស្វាមីបាត់បង់ការងារ។
លោកស្រីបាននិយាយថា៖ “ខ្ញុំគិតថាយើងប្រហែលជាមិនមានបញ្ហាទេ” បើមើលសភាពពីបរិមាណសំលៀកបំពាក់ ដែលត្រូវបាននាំចេញរៀងរាល់សប្ដាហ៍។ “រោងចក្រនេះធំ ដូច្នេះខ្ញុំមិនបារម្ភថាវានឹងបិទទេ” ។
កាលពីមុន ប្តីប្រពន្ធគូរនេះ មានប្រាក់ខែបូកបញ្ចូលគ្នាបាន ៦៥០ ដុល្លារក្នុងមួយខែ ។ ពួកគេអាចសន្សំប្រហែលពី ១០០-១៥០ ដុល្លារ។ ជាមួយនឹងប្រាក់ចំណូលគួបផ្សំ ពួកគេមានទំនុកចិត្តស្នើសុំប្រាក់កម្ចីពីធនាគារ ប្រមាណជាង ៧២០០ ដុល្លារ កាលពីឆ្នាំ ២០១៤ ដើម្បីសាងសង់ផ្ទះ។
“នៅរោងចក្រថ្មីនេះ ខ្ញុំជ្រើសរើសធ្វើការលើសម៉ោងរហូតដល់ម៉ោង ៨ យប់។ ដោយសារខ្ញុំធ្វើការតែឯងក្នុងគ្រួសារ ដូច្នេះខ្ញុំត្រូវរកប្រាក់បន្ថែម។ ហើយពេលខ្លះពេលត្រឡប់មកដល់ផ្ទះវិញ យើងមានអារម្មណ៍ថា ពិបាកតឹងចិត្តណាស់ ព្រោះខ្ញុំនឿយហត់ ហើយប្តីក៏នឿយហត់ដូចគ្នា ព្រោះគាត់ត្រូវធ្វើការងារផ្ទះទាំងអស់” ។
ដោយសារតែប្រពន្ធលោកត្រូវទៅធ្វើការ លោកសុវណ្ណចាំបាច់ត្រូវធ្វើការងារក្នុងផ្ទះ។ លោកត្រូវមើលថែទាំកូនៗ និងផ្ទះសំបែង ព្រមទាំងត្រូវធ្វើស្រែកន្លះហិកតាទៀតផង។
កាលពីមុន ពួកគេអាចរកប្រាក់ចំណូលបានប្រហែលជា ១០០ ដុល្លារបន្ថែមក្នុងមួយឆ្នាំ តាមរយៈការលក់ដូរស្រូវដែលនៅសល់។ ប៉ុន្តែឆ្នាំនេះ ពួកគេទទួលបានផល បានសម្រាប់តែបំពេញតម្រូវការរបស់គ្រួសារតែប៉ុណ្ណោះ។ គ្រួសារនេះចាំបាច់ ត្រូវការធ្វើការដើម្បីរកប្រាក់ចំណូល។
“ពីមុនយើងមានមនុស្សពីរនាក់ធ្វើការ ដូច្នេះយើងអាចចំណាយប្រហែល ៥ ដុល្លារក្នុងមួយថ្ងៃ សម្រាប់អាហារបីពេល។ ឥឡូវយើងត្រូវកាត់បន្ថយវាមកត្រឹម ២ ដុល្លារកន្លះ។ ខ្ញុំត្រូវតែតឹងរឹងជាមួយកូនៗរបស់ខ្ញុំបន្តិច ពីព្រោះពីមុនយើងឲ្យពួកគាត់មួយថ្ងៃមួយដុល្លារសម្រាប់ទិញនំ ប៉ុន្តែឥឡូវយើងមិនអាចធ្វើអ៊ីចឹងបានទេ ពីព្រោះយើងមិនមានប្រាក់ចំណូល” ។
ប្តីប្រពន្ធនេះ មិនចាប់អារម្មណ៍នឹងការងារនៅក្នុងវិស័យផ្សេងទេ ហើយម៉្យាងទៀត ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល ទទួលរងការប៉ះពាល់ខ្លាំង កម្មកររោងចក្រកាត់ដេរនិងស្បែកជើង មានជម្រើសតិចតួចណាស់ក្នុងវិស័យផ្សេង ។
លោកស្រីបាននិយាយថា៖“ យើងអាចធ្វើស្រែចម្ការបាន ប៉ុន្តែយើងនឹងមិនមានប្រាក់ខែទៀងទាត់ទៀតនោះទេ…ប្រសិនបើយើងមិនមានប្រាក់ចំណូលរាល់ខែ វានឹងប៉ះពាល់ដល់គ្រួសាររបស់យើង ហើយវានឹងប៉ះពាល់ដល់ការសិក្សារបស់កូនៗខ្ញុំ។ ដូច្នេះ ខ្ញុំមិនដឹងថាត្រូវទៅកន្លែងណា ដើម្បីទទួលបានជំនាញថ្មីនោះទេ យើងគ្រាន់ចាំមើលស្ថានភាពសិន យើងមានតែនៅផ្ទះ ប្រសិនបើអត់មានរោងចក្រ” ៕