អនុសញ្ញាលេខ១៩០ ជាច្បាប់អន្តរជាតិដំបូងបង្អស់ ដែលបានចែងថា រដ្ឋាភិបាល និយោជក និងសហជីព ចាំបាច់ត្រូវបង្ការ អំពើហិង្សា និងការបៀតបៀន នៅក្នុងពិភពការងារដោយរបៀបណា។ ប៉ុន្តែប្រទេសកម្ពុជាមិនទាន់ផ្ដល់សច្ចាប័ន លើច្បាប់នេះនៅឡើយទេ។
ផាសុកភាព សុខដុមរមនា និងអារម្មណ៍សុវត្ថិភាពនៅកន្លែងការងារ អាចជាកត្តាមានឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងគុណភាពការងាររបស់មនុស្សទូទៅ។ បរិយាកាសកន្លែងធ្វើការល្អ ជាមួយនិងទំនាក់ទំនងរវាងបុគ្គលមានភាពវិជ្ជមាន អាចធ្វើឱ្យការចូលរួមរបស់បុគ្គលិក និងផលិតភាពការងារ មានភាពប្រសើរឡើង។
ក៏ប៉ុន្តែនៅក្នុងកន្លែងការងារមួយចំនួន ទង្វើបែបមាក់ងាយ ប្រើពាក្យសម្ដីដោយផ្ទាល់ ឬប្រយោល ឬការប្រើកាយវិការមិនសមរម្យ ប្រព្រឹត្តឡើងដោយអ្នករួមការងារ ឬប្រធានគ្រប់គ្រង កើតមានឡើងជារឿយៗ ជាពិសេសទៅលើបុគ្គលដែលមិនសូវមានឥទ្ធិពល ឬទន់ខ្សោយជាងគេ។ ហេតុការណ៍ទាំងនេះអាចរាប់ចូល ជាទម្រង់នៃអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ និងជាស្ថានភាពមួយដែលសហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់។
ការស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា រួមទាំងក្រុមសហជីព ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៨ និងចេញផ្សាយកាលពីខែឧសភា ២០១៩ បានរកឃើញថា ស្ត្រីធ្វើការក្នុងវិស័យកាត់ដេរ រងគ្រោះខ្លាំង ដោយការបៀតបៀននៅកន្លែងធ្វើការ។ នៅក្នុងទិន្នន័យស្រាវជ្រាវ មានស្ត្រីរហូតដល់៨៧% ធ្លាប់ទទួលរងការបៀតបៀនតាមរយៈពាក្យសម្ដី ឬក៏រងការប៉ះពាល់ដោយមិនពេញចិត្ត ពីអ្នកធ្វើការងារជាមួយ ហើយ ៣៥% នៃការបៀតបៀននេះ ចេញមកពីអ្នកគ្រប់គ្រងមានឋានៈតួនាទី និងអំណាចខ្ពស់ជាង។
តួយ៉ាងកាលពីខែមីនា ដែលជាខែប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិក្នុងឆ្នាំ២០២១នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអង្គការសង្គមស៊ីវិលបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការធ្វើកិច្ចសន្យាសុំទោស ជាសាធារណៈរបស់មន្ត្រីនគរបាលជាស្ត្រីម្នាក់។
អនុសេនីយ៍ទោ ស៊ីថុង សុខា បានបង្ហោះរូបភាព បំបៅដោះកូនក្នុងឯកសណ្ឋាន អំឡុងពេលបម្រើការងារ នៅលើគណនីហ្វេសប៊ុកខ្លួន ក្រោយមកត្រូវបានថ្នាក់លើរបស់អ្នកស្រី ទាមទារឱ្យធ្វើកិច្ចសន្យា ក្រោមមូលហេតុថា «ប៉ះពាល់កិត្តិយសលើអង្គភាពនិងស្ត្រីខ្មែរ»។ លិខិតនេះបង្កជាប្រតិកម្ម នៅលើបណ្ដាញសង្គម ជាមួយការរិះគន់ចំ ៗទៅលើមន្ត្រីប៉ូលិសនៅខេត្តស្ទឹងត្រែង ក្នុងចំណាត់ការមិនសមស្របមួយនេះ។ យ៉ាងណាមិញ ករណីនេះត្រូវបានគេមើលឃើញថា ជាការរើសអើងផ្អែកលើយេនឌ័រ ដោយសារតែខ្លួនជាស្រ្តីនៅកន្លែងធ្វើការ។
អង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន៣៩ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ឆ្លើយតបនឹងស្ថានការណ៍នោះ ដោយបង្ហាញការខកចិត្ត និងលើកឡើងពីការខកខានរបស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការ ដែលនៅតែជាបញ្ហាប្រឈមនៅកម្ពុជា។ «ស្ត្រីមិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការងារ និងការមើលថែទាំកូននោះទេ។»
អាកប្បកិរិយា និងសកម្មភាពរើសអើង ដូចដែលបានពិពណ៌នាក្នុងករណីនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅគំនិតលើបទដ្ឋានយេនឌ័រ ផ្នត់គំនិតសង្គម និងឋានានុក្រមអំណាច ដែលបានចាក់ឫសយ៉ាងជ្រៅ និងព្រមទាំងធ្វើអោយមានភាពមិនស្មើគ្នារវាងបុរសនិងស្ត្រី។ អាកប្បកិរិយា និងសកម្មភាពរបស់បុគ្គល និងសង្គមទាំងនេះ មានការពាក់ព័ន្ធគ្នា ព្រោះវាបង្កឱ្យមានការបៀតបៀន និងអំពើហិង្សាលើយេនឌ័រកាន់តែធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ច្បាប់ស្តីពីការងារនៅមានកម្រិតសម្រាប់និយោជិកនៅកម្ពុជា ដែលជួបប្រទះការរើសអើង រងអំពើហិង្សា និងការបៀតបៀនទាក់ទងនឹងការងារ ហើយលើសពីនេះទៅទៀត ច្បាប់ការងារកម្ពុជាមិនអនុវត្តចំពោះគ្រប់វិស័យទាំងអស់នោះទេ ដូចជាក្នុងករណីនេះ ដែលមន្ត្រីនគរបាល មន្ត្រីរាជការ ឬកងកម្លាំងយោធាត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌដាច់ដោយឡែក។
តើអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ ត្រូវបានទទួលស្គាល់និងកំណត់ដោយនរណា?
អនុសញ្ញាអន្តរជាតិដំបូងបង្អស់ ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ ត្រូវបានអនុម័តកាលពីខែមិថុនា ២០១៩ ដោយអង្គការអន្តរជាតិខាងការងារ (ILO ) និងបានចូលជាធរមានកាលពីថ្ងៃទី២៥ មិថុនា ២០២១។ អនុសញ្ញាលេខ១៩០ (C190) ក៏បានទទួលស្គាល់ជាលើកដំបូង ចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (Gender Based Violence and Harassment (GBVH)។ ច្បាប់អន្តរជាតិមួយនេះ បច្ចុប្បន្នមានប្រទេសចំនួន ៧ បានផ្តល់សច្ចាប័នជាផ្លូវការ សម្រាប់អនុវត្តក្នុងប្រទេសរួចរាល់(ratification and put into force)។
C190 នឹងដើរតួសំខាន់ ក្នុងការបំពេញចន្លោះប្រហោង នៃច្បាប់ទាក់ទងនឹងវិស័យការងារ តាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។ C190 នឹងបង្កើតដំណោះស្រាយ ជាមួយគោលការណ៍ នឹងការអនុវត្តច្បាស់លាស់ លើបញ្ហាហិង្សា និងបៀតបៀននៅក្នុងពិភពការងារ ដែលប៉ះពាល់ដល់មនុស្សទូទៅ និងជាទម្រង់មួយនៃការរំលោភសិទ្ធិមនុស្ស។
ហេតុអ្វី អនុសញ្ញាលេខ១៩០ ចាំបាច់ត្រូវការផ្តល់សច្ចាប័ន ពីប្រទេសជាហត្ថលេខី?
ដើម្បីអោយអនុសញ្ញាអន្តរជាតិ អាចប្រើប្រាស់ក្នុងស្រុកបាន ប្រទេសដែលជាសមាជិក តម្រូវឱ្យធ្វើសច្ចាប័ន ដែលការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋាភិបាល ក្នុងការយកអនុសញ្ញាអន្តរជាតិមកអនុវត្តក្នុងប្រទេស។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា អនុសញ្ញាលេខ១៩០ មានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាល ធ្វើការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនេះ ដែលជាការបញ្ជាក់យល់ព្រមជាផ្លូវការ ដើម្បីឱ្យសមស្រប តាមច្បាប់ជាតិ និងអនុម័តច្បាប់ផ្សេងៗ ដើម្បីអនុវត្តអនុសញ្ញានេះ។
ប្រទេសកម្ពុជា គឺជារដ្ឋសមាជិក ដែលគាំទ្រក្នុងការអនុម័តច្បាប់នេះ ឬហៅថាហត្ថលេខី។ ប៉ុន្តែកម្ពុជា នៅមិនទាន់ដំណើរការ ផ្តល់សច្ចាប័នលើច្បាប់នេះនៅឡើយទេ។
អ្វីទៅជាអំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ?
អនុសញ្ញាអន្តរជាតិនេះ បានកំណត់និយមន័យអំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារថា «ជាឥរិយាបថ ឬការអនុវត្តមួយចំនួនដែលមិនអាចទទួលយកបាន ឬការគំរាមកំហែងនានា ទោះបីកើតឡើងតែម្ដង ឬដដែលៗ ដែលមានគោលបំណងធ្វើឲ្យ ឬដែលទំនងបណ្ដាលឱ្យមានផលប៉ះពាល់(ព្យសនកម្ម) ដល់ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ឬសេដ្ឋកិច្ចរបស់បុគ្គល»។ កាយវិការបែបលេងសើច (បន្លំ) ជាច្រើនដងដោយផ្ទាល់ ឬតាមពាក្យសម្ដី ដែលអាចប៉ះពាល់ផ្លូវចិត្តបុគ្គល ក៏អាចរាប់ចូលជាការបៀតបៀនដែរ។
ច្បាប់ការងាររបស់កម្ពុជា ត្បិតបានរួមបញ្ចូលការហាមឃាត់ទៅលើអំពើហិង្សា និងការបៀតបៀនផ្លូវភេទ តែការកំណត់ទៅលើនិយមន័យ និងការអនុវត្ត ពុំទាន់មានភាពពេញលេញនៅឡើយ។ ករណីបៀតបៀនអាចកើតមានគ្រប់ពេលវេលា ហើយសូម្បីតែសាមីខ្លួនក៏ប្រហែលជាពុំបានដឹងថា វាជារូបភាពបៀតបៀននោះដែរ។
អនុសញ្ញានេះ បានបញ្ជាក់កាន់តែច្បាស់អំពីនិយមន័យអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (GBVH) ដែលត្រូវបានសន្មតថាជា «ហិង្សា និងការបៀតបៀនដែលសំដៅទៅលើបុគ្គលណាម្នាក់ ដោយសារតែភេទឬអត្តសញ្ញាណយេនឌ័ររបស់ពួកគេ ឬជាការប៉ះពាល់ដល់ក្រុមអ្នកដែលមាននិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័រជាក់លាក់ណាមួយ ដោយមិនសមាមាត្រ និងរាប់បញ្ចូលទាំងការបៀតបៀនផ្លូវភេទផងដែរ»។
ក្រោមមាត្រា២នៃអនុសញ្ញាលេខ១៩០ នេះ ផ្ដល់ការការពារដល់ «បុគ្គលិក និងអ្នកដទៃ/បុគ្គលទាក់ទង» ដោយរួមបញ្ចូលអ្នកដែលពាក់ព័ន្ធក្នុងគន្លងការងារ និងសកម្មភាពទាក់ទងការងារ មានដូចជាអ្នកចុះកម្មសិក្សា បុគ្គលិកពេញម៉ោង បុគ្គលិកហាត់ការ បុគ្គលិកជាប់កិច្ចសន្យា អ្នកស្ម័គ្រចិត្ត អ្នកដាក់ពាក្យធ្វើការ។ល។
ចំណែកពាក្យ «ពិភពការងារ» ដូចបានចែងក្នុងមាត្រា៣នៅក្នុងអនុសញ្ញាលេខ១៩០ នេះ សំដៅដល់ការងារជារួម ពោលគឺនៅកន្លែងការងារ ការមានទំនាក់ទំនងជាមួយការងារ ឬកើតចេញអំពីការងារ រាប់តាំងពីដំណើរការជ្រើសរើសបុគ្គលិក ឬដាក់ពាក្យស្វែងរកការងារ ការធ្វើដំណើរទៅមកធ្វើការ ឬការសន្ទនាទាំងដោយផ្ទាល់ ឬតាមរយៈឌីជីថលដែលទាក់ទងនឹងការងារ។
ការបៀតបៀនក៏រាប់បញ្ចូលនូវការប៉ះពាល់ដល់អារម្មណ៍បុគ្គល ដូចជា ការមានអារម្មណ៍ថាខ្លួនទទួលរងការអាប់អោនកិត្តិយស មិនទទួលបានការអោយតម្លៃ និងអាកប្បកិរិយា ឬស្ថិតក្រោមស្ថានភាពណាមួយ ដែលធ្វើឲ្យបុគ្គលពុំមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅកន្លែងការងារ ឬអំឡុងពេលធ្វើការ មិនថាជាការងារប្រភេទអ្វី ដែលទាំងនេះជះឥទ្ធិពលដល់ផលិតភាពការងារ។
ថ្មីៗនេះនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ២០២០ នៅក្រុងតូក្យូ ក្រុមអត្តពលិកនារី ផ្នែកកាយសម្ព័ន្ធ ជនជាតិអាល្លឺម៉ង់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសារព័ត៌មានអន្តរជាតិ នៅពេលក្រុមនារីទាំងមូល បានផ្លាស់ប្ដូរឯកសណ្ឋានកីឡាប្រភេទនេះ ពីអាវអៀមខ្វៀលដូចឈុតហែលទឹក (Unitard) ដែលជាឯកសណ្ឋានកាយសម្ព័ន្ធនារីជាយូរមកហើយ មកជាអៀមវែងរហូតដល់កែងជើង (Full body unitard)។
មូលហេតុនៃការផ្លាស់ប្ថូរនេះ គឺជាការចង់ជំរុញអត្តពលិកនារី ឱ្យមានសេរីភាពក្នុងការពាក់ឯកសណ្ឋាន ដែលអាចផ្ដល់ផាសុកភាព និងមានអារម្មណ៍សុវត្ថិភាព នៅពេលប្រកួត និងជាពិសេស នេះក៏ជាសកម្មភាពប្រឆាំងទៅនឹង «ការមើលមកឯកសណ្ឋានកីឡាការនីក្នុងន័យផ្លូវភេទ»(sexualisation of the sport)។
នេះប្រៀបដូចជាសារមួយចេញពីនារីក្នុងការដាស់តឿនឲ្យមានការយកចិត្តទុកដាក់លើផាសុកភាព និងអារម្មណ៍សុវត្ថិភាព អំឡុងពេលបំពេញតួនាទី។
សកម្មភាពនៃភាពក្លាហានរួមគ្នានេះ បានផ្ញើសារដ៏មានឥទ្ធិពលមួយ ដែលបង្ហាញពីការប្រឆាំង នឹងភាពអយុត្តិធម៌ក្នុងពិភពការងារ ដែលមានជាយូរមកហើយចំពោះអត្តពលិកស្រី ប៉ុន្តែត្រូវសាធារណជនមើលរំលង។
ការទាមទាររបស់ពួកគេមកលើសេចក្ដីថ្លៃថ្នូរ ចាប់ចេញផ្តើមពីការផ្លាស់ប្ដូរឯកសណ្ឋាន បានកសាងគំរូដ៏ល្អឥតខ្ចោះ សម្រាប់តួនាទីរបស់និយោជិកគ្រប់វិស័យ ប្រសិនបើពួកគេអាចរួមគ្នា ដើម្បីបញ្ចប់ ស្ថានភាពទាំងនេះ។ C190 ទទួលស្គាល់ពីសារសំខាន់នៃការពិគ្រោះយោបល់ជាមួយកម្មករ និយោជិក ដើម្បីបង្កើតគោលនយោបាយដែលអាចដោះស្រាយបញ្ហាយេនឌ័រ ដូចជាករណីខាងលើជាឧទាហរណ៍ ដូច្នេះពួកគេអាចរួចផុតពីការរំលោភបំពានគ្រប់ប្រភេទនៅក្នុងពិភពការងារ។
កង្វះខាតនៃច្បាប់ជាតិ និងអន្តរជាតិ ដែលអាចដាក់បន្ទុកទៅលើបញ្ហានេះ នឹងត្រូវបានបំពេញ នៅពេលអនុសញ្ញាលេខ១៩០ ត្រូវបានប្រទេសនានាផ្ដល់សច្ចាប័ន និងអនុវត្តនៅក្នុងប្រទេសរៀងៗខ្លួន។
អនុសញ្ញាលេខ១៩០ ក្នុងបរិបទជំងឺកូវីដ១៩
ក្នុងឱកាសរំឭកខួប២ឆ្នាំ នៃការអនុម័តអនុសញ្ញាលេខ១៩០ កាលពីខែកក្កដាកន្លងទៅ អង្គការសង្គមស៊ីវិលសរុបចំនួន ៤១ នៅកម្ពុជា រួមជាមួយអ្នកជំនាញផ្នែកសង្គម និងយេនឌ័រមួយរូប បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នដល់អនុសញ្ញាអន្តរជាតិដ៏សំខាន់មួយនេះ។ ដោយសង្កត់លើភាពចាំបាច់ក្នុងបរិបទជំងឺកូវីដ-19 សេចក្ដីថ្លែងការណ៍រួមនោះ បានបញ្ចប់សេចក្តីថា៖«ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិលេខ១៩០ ដោយរដ្ឋាភិបាល គឺសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់ ដោយជំរុញឱ្យប្រទេសកម្ពុជា រួមចំណែកក្នុងការសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសនៅក្នុងបរិបទនៃការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ ស្ថានភាពជំងឺកូវីដ ១៩ ធ្វើឱ្យលក្ខខ័ណ្ឌការងាររបស់កម្មករ និយោជិកទាំងអស់ កាន់តែពិបាក រួមបញ្ចូលទាំង អសន្តិសុខផ្នែកហិរញ្ញវត្ថុ ភាពគ្មានការងារធ្វើ ភាពតានតឹង បន្ទុកនៃការងារថែទាំដែលមិនទទួលបានប្រាក់បៀរវត្សរ៍ និងហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារ ដែលដែលជះឥទ្ធិពលដល់ការងារ។»
ខណៈពេលដែលការរាតត្បាតជំងឺកូវីដ១៩ នៅតែមានសភាពធ្ងន់ធ្ងរ និងមិនទាន់គ្រប់គ្រងបាន ការលើកកម្ពស់សិទ្ធិការងារគឺជារឿងពិបាកមួយ។ ការស្វែងរកការងារធ្វើ ក្លាយជាបញ្ហាពិបាក សម្រាប់មនុស្សជាច្រើន ហើយការប្រឈមមុខនឹងការបាត់បង់ការងារ ក៏មានការកើនឡើង ដោយសារក្រុមហ៊ុន រោងចក្រ សហគ្រាសប្រឈមមុខក្ស័យធន ដោយសារបញ្ហាសេដ្ឋកិច្ច។
បរិបទដ៏លំបាកនេះ បានបន្ថែមបន្ទុកទៅលើបញ្ហាអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ។ មនុស្សជាច្រើនខ្លាចបាត់បង់ការងារ ជាមួយស្ថានភាពមិនច្បាស់លាស់ ដែលធ្វើអោយពួកគេព្រមទទួលយក ឬទ្រាំធ្វើការនៅក្រោមស្ថានភាពបៀតបៀន ឬការរំលោភបំពាន និងការកេងប្រវ័ញ្ចអត្ថប្រយោជន៍ផ្សេងៗ ដោយមិនហ៊ាននិយាយ ឬរាយការណ៍។
ការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាព សុខភាព និងសុខុមាលភាព របស់កម្មករនិយោជិក ទាំងនៅក្នុងបរិបទជំងឺកូវីដ ១៩ ដោយគោរពតាមក្របខ័ណ្ឌច្បាស់លាស់ផ្នែកច្បាប់ គឺជាសារសំខាន់នៃអនុសញ្ញាលេខ១៩០ និងអនុសាសន៍ពាក់ព័ន្ធលេខ ២០៦។ នេះបើតាមការគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះ៕