អស់រយៈពេលជាច្រើនឆ្នាំ មានអ្នកទេសចរអន្តរជាតិ ចង់ឃើញចង់ស្គាល់ប្រទេសកម្ពុជា ដែលបានជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនយ៉ាងខ្លាំង។ ការណ៍នេះ បានធ្វើឱ្យមានកំណើនអាជីវកម្ម ដើម្បីបំពេញតម្រូវការលើវិស័យនេះ។ យ៉ាងណាមិញ ការដួលរលំភ្លាមៗនៅទូទាំងពិភពលោកនៃវិស័យទេសចរណ៍ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលដៅទេសចរណ៍នានា ដែលធ្លាប់តែមានសភាពអ៊ូអរ ហើយនៅពេលបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ស្ងាត់ជ្រងំ ក្នុងនោះមាន ខេត្តសៀមរាបផងដែរ។
កម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» គឺជាកម្រងអត្ថបទស្តីពី ការស្រាវជ្រាវលើផលប៉ះពាល់របស់ជំងឺកូវីដ១៩លើវិស័យធំៗរបស់ប្រទេសកម្ពុជាដូចជា វិស័យកសិកម្ម វិស័យសំណង់ វិស័យកាត់ដេរ និងវិស័យទេសចរណ៍។ «កម្ពុជាក្នុងច័ត្តាឡីស័ក» បានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe ហើយក្នុងសប្តាហ៍នេះ Focus នឹងចេញផ្សាយជាភាសាខ្មែរ។
អត្ថបទដោយ Andrew Haffner រាយការណ៍បន្ថែមដោយ គង់ មេត្តា និងបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងរដូវកាលភ្ញៀវធ្លាក់ចុះ មានន័យថា ជាពេលដែលសណ្ឋាគារ ភោជនីយដ្ឋាន ប្រាសាទ និងរង្គសាលនៅតំបន់ទេសចរណ៍នេះ មានការថមថយចំនួនភ្ញៀវទេសចរ។
ភ្ញៀវទេសចរ គឺជាសរសៃឈាមដ៏សំខាន់ សម្រាប់ខេត្តសៀមរាប ដែលសម្បូរទៅដោយប្រាសាទបុរាណតាំងពីសម័យអង្គរ។ ប៉ុន្តែរដូវកាលនេះ ការបិទច្រកធ្វើដំណើរនៅបណ្តាប្រទេសលើសកលលោក ដោយសារជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរឆ្នាំនេះ ថយចុះខ្លាំងដែលមិនធ្លាប់មានពីមុនមក។
លោក តា ព្រុំ អាយុ ៣៥ ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរនៅប្រាសាទអង្គរវត្ត អស់រយៈពេលជាង ៨ ឆ្នាំមកហើយ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំង ដោយសារការដួលរលំនៃវិស័យទេសចរណ៍។ មុនពេលដែលជំងឺកូវីដ១៩ បានធ្វើឱ្យបាត់បង់អ្នកដំណើរអន្ដរជាតិជាច្រើន លោករកប្រាក់ចំណូលបានពី ៣០ ទៅ ៣៥ ដុល្លារក្នុងមួយថ្ងៃ។ ដោយឡែក ឥឡូវនេះ ក្នុងមួយថ្ងៃ លោកទទួលបានប្រហែលជា ១ ដុល្លារតែប៉ុណ្ណោះ។
លោកបានលើកឡើងថា៖ “បន្ទាប់ពីបុណ្យចូលឆ្នាំចិន (នៅចុងខែមករា) រហូតដល់ខែឧសភា លោកមិនមានប្រាក់ចំណូលទេ”។ ប៉ុន្តែ នៅអំឡុងខែមិថុនានិងដើមខែកក្កដា ទោះបីជាមានចំនួនអ្នកទេសចរ កើនឡើងបន្តិចបន្តួចក៏ដោយ លោក តា ព្រុំ បាននិយាយថា ការស្ទុះងើបឡើងវិញ បានចាប់ផ្តើមតែក្នុងខែមុនប៉ុណ្ណោះ ដែលពេលនោះ វាគ្រាន់តែជាតួលេខតូចមួយប៉ុណ្ណោះ បើធៀបទៅនឹងតួលេខភ្ញៀវទេសចរ ដែលមកទស្សនាមុនពេលមានជំងឺកូវីដ១៩។
សព្វថ្ងៃនេះភាគច្រើនមានតែភ្ញៀវទេសចរក្នុងស្រុក ដែលមកទស្សនាប្រាសាទ ហើយនេះគ្រាន់តែអាចជួបទប់ទល់ដល់វិស័យនេះក្នុងកម្រិតមួយតែប៉ុណ្ណោះ។ សម្រាប់ភ្ញៀវទេសចរដែលមានការចំនាយច្រើន អាចជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ទីក្រុងនេះ រួមមាន មកពីប្រទេសចិន កូរ៉េ ជប៉ុន អ៊ឺរ៉ុប និងអាមេរិក ពេលនេះគឺបាត់ស្រមោលឈឹង។
សម្រាប់មនុស្សជាច្រើន ដែលកសាងជីវភាពនៅលើទឹកដីអង្គរ ដូចជាលោក តា ព្រុំ ជំងឺកូវីដ១៩បានផ្តល់ការលំបាកផ្នែកសេដ្ឋកិច្ចចំពោះពួកគេយ៉ាងខ្លាំង។ លោកនិយាយពេលចង្អុលម្រាមដៃ ទៅក្បាលរបស់លោកថា៖ “ខ្ញុំភ័យណាស់”។
“ខ្ញុំបានលេបថ្នាំរំងាប់អារម្មណ៍យូរមកហើយ។ ខ្ញុំគេងមិនបានលក់ស្រួលទេ ហើយយល់សប្តិអាក្រក់ទៀត។ រាល់យប់មានអារម្មណ៍ថា ដូចជាបុណ្យសពខ្ញុំអញ្ជឹង ព្រោះថាខ្ញុំគ្មានលុយបង់ធនាគារ”។
ជំងឺកូវីដ១៩នេះ បានបំផ្លិចបំផ្លាញដល់វិស័យទេសចរណ៍នៅទូទាំងពិភពលោក រួមទាំងបានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ ឈានដល់កម្រិតក្ស័យធនថែមទៀតផង។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានព្យាករណ៍សម្រាប់ឆ្នាំ ២០២០ ថា ចំនួនធ្លាក់ចុះសរុបប្រមាណពី ៤៥-៥១% នៃចំនួនកៅអីលើយន្តហោះ ដែលផ្តល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍។ តួលេខនេះគឺស្មើនឹងអ្នកដំណើរជាង ២,៨ ពាន់លាននាក់ ដែលមានតម្លៃប្រហែលទៅនឹង ៣៨៦ ពាន់លានដុល្លារអាមេរិក។
នៅប្រទេសកម្ពុជា វិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ការរីកចំរើនវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាកត្តាជំរុញលំដាប់ទី ២ សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានចំនួនប្រហែល ១៨,៧% នៃកំណើនផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំមុន។ វិស័យនាំមុខគេ គឺវិស័យសំណង់ ។
នៅឆ្នាំ២០១៩ កម្ពុជាមានចំនួនភ្ញៀវទេសចរអន្តរជាតិ ប្រហែលជា ៦,៦ លាននាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជាង ៦,៦% ធៀបទៅនឹងឆ្នាំ២០១៨។យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួននេះបានរកប្រាក់ចំណូលឱ្យកម្ពុជាជាង ៤,៩១ ពាន់លានដុល្លារ ដែលជាចំណូលខ្ពស់បំផុតពីវិស័យទេសចរណ៍ ជាប្រវត្តិសាស្ត្រ។ ក្រសួងក៏បានកត់ត្រាចំនួនការងារសរុបដោយផ្ទាល់ ដែលផ្ដល់ឱ្យប្រជាជនកម្ពុជាជាង ៦ សែននាក់ បង្កើតប្រាក់ចំណូលច្រើនជាង ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំ ២០១៩ ។
ការកើនឡើងនេះ [ប្រាក់ចំណូល៤,៩១ ពាន់លានដុល្លារ] មានការជុំរុញពីអាជីវកម្មរាប់ពាន់ ដែលរាប់បញ្ចូលទាំងផ្លូវការនិងមិនផ្លូវការ បានចាប់ផ្តើមផ្តល់សេវាកម្មដល់ភ្ញៀវរាប់លាននាក់។
ក្រសួងបានរាយការណ៍ថា នៅឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានចេញអាជ្ញាប័ណ្ណ សម្រាប់សណ្ឋាគារចំនួន ១០៥០ និងផ្ទះសំណាក់ចំនួន ២៧០៥ ទូទាំងប្រទេស ដែលផ្តល់ជូនបន្ទប់គេងចំនួនច្រើនជាង ៨១.០០០ បន្ទប់។ ក្នុងឆ្នាំ២០១៩ ចំនួនសណ្ឋាគារបានកើនឡើង ២៤% ធៀបទៅនឹងឆ្នាំ២០១៨។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការិយាល័យរបស់លោកបានព្យាករណ៍ថា វិស័យនេះ ត្រូវការរយៈពេលយ៉ាងហោចណាស់ ៥ ឆ្នាំដើម្បីងើបឡើងវិញ រហូតដល់ពេលចំនួនអ្នកទេសចរកើនឡើងវិញ ដល់កម្រិតមុនពេលមានជំងឺកូវីដ១៩។
លោកបានបន្ថែមទៀតថា រហូតមកដល់ឆ្នាំនេះ អាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណជាង ៣ ពាន់អាជីវកម្ម ត្រូវបិទទ្វារ ដែលបណ្តាលឱ្យការងាររបស់ប្រជាជនជាង ៥ ម៉ឺននាក់ បានទទួលរងការប៉ះពាល់ដោយផ្ទាល់ នេះបើយោងតាមរបាយការណ៍របស់ក្រសួង លើចំនួននិយោជិកផ្លូវការ។
“ មិនមាននរណាម្នាក់អាចព្យាករណ៍បានពិតប្រាកដពីពេលដែលបញ្ហានេះនឹងបញ្ចប់នោះទេ ប៉ុន្តែយើងប្រមើលឃើញពីការធ្លាក់ចុះខ្លាំង” នេះបើតាមប្រសាសន៍របស់លោក សុភ័ក។ លោក ប៉ាន់ស្មានការធ្លាក់ចុះក្នុងវិស័យនេះមានប្រហែល ៣ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។
រដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធមួយចំនួនសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ និងក៏បានបង្កើតកម្មវិធីផ្តល់ប្រាក់ជំនួយដល់អ្នកប៉ះពាល់ការងារនៅក្នុងវិស័យនេះ ដោយសារជំងឺកូវីដ១៩ ចំនួន ៤០ ដុល្លារក្នុងមួយខែ ។ មុនពេលមានជំងឺកូវីដ អ្នកមគ្គុទ្ទេសក៍ទេសចរ មានចំនួនច្រើនជាង ៦ពាន់នាក់ ហើយមួយភាគបីនៃក្រុមអ្នកមគ្គុទ្ទេសក៍ទេសចរនេះធ្វើការនៅខេត្តសៀមរាប។ ចំនួនដែលបានបង្ហាញ គឺគ្រាន់តែជាចំនួនផ្លូវការដែលរដ្ឋាភិបាលបានកត់ត្រា ប៉ុន្តែ អ្នកក្រៅផ្លូវការដូចជា អ្នកលក់ដូរតាមតូបតូចៗ និងអ្នកមគ្គុទ្ទេសក៍ទេសចរឯករាជ្យ មិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិផ្លូវការនោះទេ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក លោក លី សុដែត បានពន្យល់នៅក្នុងវីដេអូព័ត៌មានថា វិស័យទេសចរណ៍ គឺជាវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍ដកស្រង់ដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែឧសភា។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ លោក សុដែតបានលើកឡើងថា មានចំនួនអ្នកទេសចរដែលបានមកដល់កម្ពុជាធ្លាក់ចុះ ២៥,១% ក្នុងគម្លាតរយៈពេលមួយឆ្នាំ។
កាលពេលដើមខែនោះ ខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ខ្ពស់ជាងគេ មានចំនួនភ្ញៀវទេសចរមកដល់ បានធ្លាក់ចុះ ៤៥,៦%។ ប៉ុន្តែនេះគ្រាន់តែជាដំណាក់ការដំបូងប៉ុណ្ណោះ។ នៅក្នុងឧទ្យានជាតិអង្គរ គេបានឃើញថា ស្ទើរតែមិនមានអ្នកទេសចរ ហើយបន្តធ្លាក់ចុះខ្លាំងដល់ទៅ ៩៩,៦% នៅក្នុងខែមេសា។ ដោយជំងឺកូវីដ១៩បានរារាំងការធ្វើដំណើររបស់ភ្ញៀវទេសចរ ធនាគារពិភពលោកបានហៅការធ្លាក់គំហុកនេះ ថាជាការដួលរលំនៃវិស័យទេសចរណ៍។
អ្នកធ្វើការផ្នែកមគ្គុទេសក៍ទេសចរណ៍រួមទាំងលោកតា ព្រុំ នៅខេត្តសៀមរាបបានជួបនឹងផលលំបាកយ៉ាងខ្លាំង។ នៅក្នុងទីក្រុងភ្នំពេញ គេអាចមើលរំលងពីចន្លោះប្រហោងក្នុងសេដ្ឋកិច្ច ពីការបាត់បង់ភ្ញៀវទេសចរ ប៉ុន្តែនៅខេត្តសៀមរាបវិញ វាមើលឃើញច្បាស់តែម្តង។
នៅដើមខែកក្កដា អ្នកទេសចរក្នុងស្រុក បានចាប់ផ្តើមធ្វើដំណើរកំសាន្តទៅកាន់ទីក្រុងសៀមរាបវិញ ដែលនេះជាឱកាសដ៏កម្ររកបានដើម្បីទស្សនាប្រាសាទក្នុងតំបន់អង្គរ ដោយមិនមានវត្តមានភ្ញៀវទេសចរអន្តរជាតិដ៏ច្រើនលើសលប់ដូចរាល់ដង។
លោកស្រី ញឹម គឹមស្រ៊េង អាយុ ៤៥ ឆ្នាំជាអ្នកទេសចរក្នុងស្រុកម្នាក់ ដែលបានទស្សនាប្រាសាទអង្គរវត្ត និងកម្សាន្តក្នុងទីក្រុងសៀមរាបជាលើកដំបូង។ លោកស្រីបានមកលេងទីនេះជាមួយកូនស្រីនិងប្អូនស្រី ហើយពួកគេសប្បាយរីករាយណាស់ ដែលអាចគយគន់ប្រាសាទបុរាណ។ លោកស្រីបានលើកឡើងថា៖“ ខ្ញុំចង់ឃើញមានមនុស្សច្រើនជាងនេះ ប៉ុន្តែខ្ញុំក៏បារម្ភពីការឆ្លងជំងឺកូវីដដែរ។ ខ្ញុំគិតថាមានមនុស្សកាន់តែច្រើន កាន់តែសប្បាយ” ។
លោក Dave Manson ជនជាតិអាមេរិកដែលរស់នៅទីក្រុងភ្នំពេញបាននិយាយថា ទិដ្ឋភាពនៃប្រាសាទក្នុងសភាពស្ងប់ស្ងាត់ គឺជាបទពិសោធន៍ដ៏កម្រមួយ បើគិតពីភាពល្បីល្បាញរបស់ប្រាសាទនេះនៅទូទាំងពិភពលោក។ គាត់បាននិយាយពេលកាន់ដៃកូនស្រីថា៖ “ខ្ញុំធ្លាប់មកលេងប្រាសាទនៅឆ្នាំ ៩៥ ហើយពេលនោះនឹងមានមនុស្សច្រើន” ។
“ពេលនោះបើគិតទៅ ពេលវេលាខុសគ្នាខ្លាំងណាស់ ប៉ុន្តែខ្ញុំបានឃើញថា មានមនុស្សជាច្រើនមកលេង”។ លោកបានយល់ពីស្ថានភាពប្រជាជនដែលជីវភាពត្រូវពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិ ដើម្បីរកប្រាក់ចំណូល ប៉ុន្តែក្នុងនាមខ្លួនលោកជាអ្នកទេសចរ លោកមិននឹកនាដ៏ភាពអ៊ូអរប៉ុន្មាន នោះទេ។ លោកបាននិយាយថា៖“ អ្នករស់នៅតំបន់នេះកំពុងការប៉ះពាល់ខ្លាំង ប៉ុន្តែខ្ញុំចូលចិត្តភាពស្ងាត់ស្ងៀម” ។
នេះអាចប្រៀបប្រដូចទៅនឹងកសិករកម្ពុជា ដែលរង់ចាំទឹកភ្លៀងធ្វើស្រែក្នុងរដូវវស្សា អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅទីនេះ ក៏បានស៊ាំទៅនឹងការកើនឡើងនិងការធ្លាក់ចុះភ្ញៀវទេសចរតាមរដូវកាល ដែលបានបង្កើតជាវដ្តអាជីវកម្មរៀងរាល់ឆ្នាំ។ ប៉ុន្តែនៅឆ្នាំនេះ ការធ្លាក់ចុះខ្លាំងជាងធម្មតា គឺអាចប្រដូចទៅនឹងការជួបគ្រោះរាំងស្ងួត។
ការធ្លាក់ចុះក្នុងវិស័យចម្បងនេះ បានជះឥទ្ធិពលដល់វិស័យផ្សេងៗទៀត ដែលបណ្ដាលឱ្យមានការផ្អាកគម្រោងសាងសង់ និងផ្អាកធុរកិច្ចបង្កើតថ្មី ព្រមទាំងអាជីវកម្មផ្សេងៗទៀតបានបិទទ្វារ។ អាជីវកម្មខ្លះបានសម្របខ្លួន ទៅនឹងស្ថានភាពថ្មីដែលមានការប្រថុយប្រថាន។ ហើយអាជីវកម្មខ្លះទៀត បានលក់សម្ភារៈរបស់ខ្លួនដែលមានដូចជា ម៉ាស៊ីនអាំងនំប៉័ង សម្ភារៈផ្ទះបាយ អំពូលភ្លើងនិងសម្ភារៈតុបតែងផ្ទះផ្សេងៗទៀត ហើយខ្លះទៀតបិទទ្វារតែម្ដង។
អ្នកទេសចរនៅតែអាចស្វែងរកភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងកន្លែងស្នាក់នៅបាន ប៉ុន្តែ អាជីវកម្មភាគច្រើនត្រូវបិទទ្វារ ហើយសូម្បីតែការតុបតែងសម្រាប់ទាក់ទាញភ្ញៀវទេសចរ មានដូចជាអំពូលភ្លើងនៅតាមទីសាធារណៈនៅតំបន់ប្រជុំហាងផាប់ស្ទ្រីតនិងនៅតាមស្ពានស្ទឹងសៀមរាបក៏ត្រូវបានបិទផងដែរ។ ស្ពានឆ្លងកាត់ស្ទឹងសៀមរាប គឺងងឹតសូន្យ។
ហើយនៅដើមខែនេះ តំបន់ផាប់ស្ទ្រីត ជាកន្លែងសម្បូរទៅដោយភោជនីយដ្ឋានមានលក់អាហារគ្រប់ប្រភេទ រង្គសាល ក្លឹបកម្សាន្តរាត្រី តូបការ៉េម ធុងត្រាំជើងម៉ាស្សាដោយត្រី អ្នកលក់អាហារតាមផ្លូវផ្សេងនោះ ក៏ងងឹតឈឹងអស់ដែរ។ នារាត្រីថ្ងៃព្រហស្បតិ៍ នៅចុងខែកក្កដា ពន្លឺភ្លើងពណ៌នៅតំបន់ផាប់ស្ទ្រីត ព្រមទាំងសំឡេងតន្ត្រីដែលធ្លាប់តែរំពងនៅតំបន់នេះ ដើម្បីបង្កសភាពកាន់តែអ៊ូអរនោះ ប្រែជាងងឹតស្ងាត់សូន្យ។
ហាង Paper Tiger គឺជារង្គសាលតូចមួយដែលមានពន្លឺតិចៗ។ នៅក្នុងរង្គសាលនេះ មាន អ្នករត់តុបម្រើការម្នាក់អង្គុយនៅខាងមុខមាត់ទ្វារ ហើយនៅពីក្រោយនាងមាន អ្នករួមការងារម្នាក់ កំពុងរៀបចំគ្រឿងសម្រាប់ដុតនំភីហ្សា។ ស្រី ល័ក្ខជា អ្នករត់តុរូបនេះបាននិយាយថា រង្គសាលនេះមានអតិថិជនបរទេសធ្លាក់ចុះចាប់តាំងពីចុងខែមីនា ហើយភ្ញៀវក្នុងស្រុកបានក្លាយជាអតិថិជនស្នូលរបស់រង្គសាលវិញ។បារនេះបានផ្ដល់ការបញ្ចុះតម្លៃពិសេសលើអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងតំបន់ផាប់ស្ទ្រីតងងឹតសូន្យឈឹងនេះ។
អ្នកធ្វើការនៅក្នុងហាងមួយចំនួនដែលកញ្ញាស្រី ល័ក្ខស្គាល់ បានឈប់ពីភោជនីយដ្ឋាន ហើយទៅធ្វើស្រែចម្ការ ឬស្វែងរកការងារនៅកន្លែងផ្សេងទៀត។ កញ្ញាបាននិយាយថា៖ “ជីវភាពរបស់ប្រជាជននៅទីនេះ ពឹងផ្អែកលើក្លឹបកម្សាន្តរាត្រីនិងភោជនីយដ្ឋាន”។
សម្រាប់គ្រួសាររបស់កញ្ញាផ្ទាល់ ដែលមានបងប្អូន៥នាក់ ហើយអ្នកខ្លះបានចាកចេញពីទីក្រុងស្ងាត់នេះ ទៅកាន់ទីក្រុងភ្នំពេញ ដើម្បីរកការងារធ្វើ។ ខណៈដែលកញ្ញា ស្រី ល័ក្ខនៅធ្វើការនៅបារPaper Tiger កញ្ញាព្រួយបារម្ភពីបញ្ហាប្រាក់កាស។ ព្រោះខ្លួនមានបំណុលចំនួន ៥ ពាន់ដុល្លារត្រូវសង ហើយមន្រ្តីឥណទានបានមកទារដល់កន្លែងធ្វើការ ២ ដងរួចមកហើយ។
អ្វីដែលជំរុញឱ្យអ្នករស់នៅខេត្តសៀមរាប មានការថប់បារម្ភនោះ គឺភាពមិនច្បាស់លាស់ ថាពេលវេលាណាអ្វីៗគ្រប់យ៉ាងនឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញ។
លោក Dean Williams ជាម្ចាស់ភោជនីយដ្ឋាននិងហាងស្រាក្រឡុកមានឈ្មោះថា Miss Wong’s ។ នៅរសៀលមួយ គាត់កំពុងធ្វើការលើគម្រោងជួសជុលហាង។ លោកបានប្តូរទីតាំងពីហាងចាស់របស់លោកដែលស្ថិតនៅត្រើយម្ខាងទៀតនៃស្ទឹងសៀមរាប នៅមិនឆ្ងាយពីតំបន់ផាប់ស្ទ្រីត បន្ទាប់ពីគាត់មិនអាចបង់ថ្លៃជួលបាន ដោយសារការធ្លាក់ចុះនៃអាជីវកម្ម ។
ជារៀងរាល់ខែ លោកត្រូវចំណាយ ៣ ពាន់ ដុល្លារ សម្រាប់កន្លែងជួលចាស់ បន្ទាប់ពីម្ចាស់កន្លែងរបស់លោក ដំឡើងថ្លៃជួលទ្វេដង កាលពីឆ្នាំមុន។ ដូច្នេះនៅពេលដែលជំងឺកូវីដកើតឡើង ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ម្ចាស់កន្លែងរបស់លោកនិយាយថា ពួកគេមិនអាចចរចាតម្លៃជួលឡើងវិញបាននោះទេ។
លោក Williamsនិយាយថា ឥឡូវនេះស្ថានភាពនៅខេត្តសៀមរាប បានឈានមកដល់កម្រិតដែលមានលំនឹងហើយ។លោកបានលើកឡើងថា៖ “មនុស្សរាល់គ្នានឹងស្ថិតនៅក្នុងសភាពលំបាកក្នុងរយៈពេលយូរ” ។ លោកWilliams បាននិយាយថា លោកនៅមានសុទិដ្ឋិនិយមនៅឡើយ។ សូម្បីកំពុងរៀបរាប់ពីទុក្ខលំបាកក៏ដោយ ។
ប៉ុន្តែលោកសារភាពថា ពេលខ្លះលោកព្រួយបារម្ភដែរ។ លោកបានបន្ថែមទៀតទៅលើស្ថានភាពកូវីដនិងការបង្អាក់ការធ្វើដំណើរថា៖ “វាមើលទៅ ពិតជាគួរឱ្យខ្លាចណាស់”។ “តើការប្រែប្រួលយុទ្ធសាស្ត្ររកស៊ីនេះ នឹងអាចដំណើរការដែរឬទេ? តើធ្វើនេះសម្រាប់អ្វីទៅ?”
នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពេលលំបាកណាស់សម្រាប់អាជីវកម្មក្នុងស្រុក ដែលអាស្រ័យលើចរាចរណ៍អន្តរជាតិ ហើយដូចជាសណ្ឋាគារRambutan នៅខេត្តសៀមរាបនិងមានទីតាំងមួយទៀតនៅក្នុងរាជធានីភ្នំពេញផងដែរ។ អ្នកគ្រប់គ្រងសណ្ឋាគារនេះ លោក Tommy Bekaert បាននិយាយថា សណ្ឋាគារRambutanដែលត្រូវបានគេស្គាល់ថាសណ្ឋាគារដែលសមស្របទៅនឹងក្រុម LGBT។
សាខាសៀមរាបនេះ បានទទួលស្វាគមន៍ជនបរទេសដែលរស់នៅក្នុងទីក្រុងភ្នំពេញ ដែលពួកគេស្គាល់យីហោរបស់សណ្ឋាគារ Rambutan ច្បាស់។ សណ្ឋាគារ Rambutan បានបញ្ចុះតម្លៃបន្ទប់យ៉ាងហោច៣០%។ លោក Bekaert បាននិយាយថា ក្រុមការងាររបស់គាត់ហើយរួមទាំងលោកផ្ទាល់ផងដែរ បានផ្លាស់ប្តូរកាលវិភាគទៅធ្វើការក្រៅម៉ោងវិញ។
លោក Bekaertបាននិយាយថា លោកបានកត់សំគាល់ឃើញការកើនឡើងលើវិស័យទេសចរណ៍នៅដើមខែមិថុនា ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក ដែលលោកហៅការកើននេះថា ជាការងើបឡើងវិញ។
លោក Bekaert ក៏សើចទាំងហួលចិត្ត នៅពេលត្រូវបានសួរអំពីប្រាក់ចំណេញ។ លោក Bekaert បាននិយាយថា៖“ យើងគ្មានប្រាក់ចំណេញទេ” ។ “មានការខាតបង់ច្រើន”។
រដូវកាលដែលមានភ្ញៀវទេសចរមកទស្សនាច្រើននៅខេត្តសៀមរាប គឺនៅចន្លោះខែវិច្ឆិកានិងខែកុម្ភៈ បន្ទាប់ពីរដូវភ្លៀង។ ប៉ុន្តែរដូវកាលនេះនៅឆ្នាំ២០២០ គេឃើញថា មានចំនួនភ្ញៀវទេសចរទាប ដែលធ្វើឱ្យតំបន់អង្គរនាចុងសប្តាហ៍មានសភាពស្ងាត់ជ្រងំ។
អ្នកស្រី មឿន យូកូ បានប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយបាននាំភ្ញៀវទេសចរអន្តរជាតិជាច្រើន ដើរកម្សាន្តក្នុងខេត្តសៀមរាប។ ការងាររបស់អ្នកស្រីខុសគ្នាពីលោកព្រុំត្រង់ថា អ្នកស្រីក៏ផ្ដោតទៅលើកន្លែងផ្សេងៗទៀតផងដែរ ក្រៅពីប្រាសាទអង្គរវត្ត។ ដូច្នេះអ្នកស្រីត្រូវរៀបចំការទស្សនាកន្លែងផ្សេងៗ នៅក្រុងសៀមរាប និងទទួលស្វាគមន៍ភ្ញៀវទេសចរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
អ្នកស្រី ឈៀង ស្រីមុំ ជាបុគ្គលិកប្រតិបត្តិការរបស់ក្រុមហ៊ុន Smiling Albino Cambodiaក៏ស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ដូចអ្នកស្រីយូកូដែរ។ ជាធម្មតាក្រុមហ៊ុនរបស់លោកស្រីធ្វើការជាមួយភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលអាចចំណាយរហូតដល់ ១0.000 ដុល្លារសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារនៅប្រទេសកម្ពុជា។
អ្នកស្រី ស្រីមុំនៅបន្តទៅការិយាល័យជារៀងរាល់ថ្ងៃ ទោះបីអ្នកស្រីមិនសូវមានការងារធ្វើច្រើនក៏ដោយ។ អ្នកស្រីមើលការខុសត្រូវលើទីតាំងមួយ តាមដងស្ទឹងសៀមរាប ដែលនៅមិនឆ្ងាយពីមណ្ឌលព័ត៌មានទេសចរណ៍។ អ្នកស្រីនិយាយថា ថៅកែរបស់អ្នកស្រីឥឡូវជាប់នៅប្រទេសអង់គ្លេស កំពុងរង់ចាំការបន្ធូរបន្ថយ ពីការរឹតបន្តឹងនៃការធ្វើដំណើរ។
ទោះបីជាអ្នកស្រីមិនស្ថិតនៅក្នុងស្ថានភាពដូចថៅកែរបស់ខ្លួនក៏ដោយ ក៏អ្នកស្រីនៅតែមានអារម្មណ៍ថា ខ្លួនកំពុងជាប់គាំងក្នុងជំងឺកូវីដ១៩ដែរ ។អ្នកស្រីមានអារម្មណ៍អផ្សុកនៅកន្លែងធ្វើការ ព្រោះថាមិនមានការងារធ្វើ ហើយទោះមានការកក់សម្រាប់ខែវិច្ឆិកាក៏ដោយ ក៏មិនប្រាកដថា អ្នកទេសចរនឹងបង្ហាញខ្លួនដែរ។
អ្នកស្រីនៅតែបន្តទទួលបានប្រាក់ខែ គ្រាន់បើជាងករណីរបស់អ្នកផ្សេងទៀត។ ប៉ុន្តែអ្នកស្រីគិតថាប្រហែលជាត្រូវរកការងារថ្មី ដែលអាចមានកិច្ចការធ្វើបាន។ អ្នកស្រីទទួលស្គាល់ថា ប្រសិនបើគ្មានភ្ញៀវទេសចរទេ មើលទៅមិនមានជម្រើសនោះទេ។
អ្នកស្រី ស្រី មុំ បាននិយាយថា៖ “ខ្ញុំពិតជាព្រួយបារម្ភ អំពីអនាគតរបស់ប្រជាជនរស់នៅខេត្តសៀមរាបណាស់” ។ “យើងពឹងផ្អែកតែលើវិស័យទេសចរណ៍ទាំងស្រុង ដូច្នេះវានឹងពិបាករកការងារនៅកន្លែងផ្សេងៗទៀតដែរ”។
អ្នកស្រី យូ កូ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពពិបាកដែរ។ ការងាររបស់អ្នកស្រីកាលពីដើមឆ្នាំ មានការរអាក់រអួល នៅពេលក្រុមអ្នកទេសចរជនជាតិបារាំងមួយក្រុម មិនបានបង្ហាញខ្លួន។ ជាមួយគ្នានេះ អ្នកស្រីក៏បានទទួលការកក់សម្រាប់ខែមេសាដែរ ប៉ុន្តែការកក់ទាំងនោះ ត្រូវបានលុបចោលទាំងអស់ ដោយសារការរឹតបន្តឹងការធ្វើដំណើរពាសពេញពិភពលោក។
អ្នកស្រីមានបងប្អូនប្រាំបួននាក់ ដែលស្ទើរតែទាំងអស់ធ្វើការក្នុងផ្នែកបដិសណ្ឋារកិច្ច។ សម្រាប់ការងាររបស់អ្នកស្រីនិងស្វាមី វិស័យទេសចរណ៍នេះ តែងតែបានផ្តល់នូវស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ ព្រមទាំងបានជួយពួកគាត់សង់ផ្ទះ ដែលកំពុងរស់នៅ នាពេលបច្ចុប្បន្ន។ ភាពជោគជ័យរបស់អ្នកស្រីនៅក្នុងវិស័យនេះ ហើយបូកបន្ថែមទៅនឹងការងាររបស់ស្វាមីនៅសណ្ឋាគារ បានអនុញ្ញាតឱ្យគ្រួសារ អាចផ្គត់ផ្គង់ការសិក្សារបស់កូនស្រីច្បង ទាំងនៅសាលារដ្ឋនិងសាលាឯកជន។
គ្រួសាររបស់អ្នកស្រីបានស្នើសុំកម្ចីឥណទានចំនួន ៣ ម៉ឺនដុល្លារដើម្បីទិញផ្ទះ។ អ្នកស្រីបាននិយាយថា កាលពីមុនពួកគេអាចសងបំណុលទាន់ពេលវេលា ក្នុងរយៈពេលពី ៣ ទៅ ៤ ឆ្នាំ។ ប៉ុន្តែ ឥឡូវនេះពេលវេលាកំណត់នោះ គឺមិនមានភាពច្បាស់លាស់ទេ សូម្បីតែការប្រមើលនូវការវិលទៅរកសភាពដើមវិញក៏មិនដឹងយ៉ាងម៉េចដែរ។ អ្នកស្រី យូកូ បាននិយាយថា អ្នកស្រីបានព្យាយាមចរចាជាមួយធនាគារអំពីកាលវិភាគសងប្រាក់កម្ចី ដែលពួកគាត់អាចសងទាន់ពេលវេលាបាន។
នៅពេលបច្ចុប្បន្ននេះ ស្វាមីរបស់អ្នកស្រីកំពុងពិចារណារកចិញ្ចឹមកង្កែបនៅផ្ទះ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងកាត់បន្ថយការចំណាយលើម្ហូបអាហារ។
អ្នកស្រីបាននិយាយបន្ថែមទៀតថា៖“ នៅពេលមានជំងឺកូវីដដំបូង ខ្ញុំគិតថាវានឹងមិនយូរទេ” ។ “ឥឡូវនេះ ខ្ញុំមិនអាចនិយាយអញ្ចឹងបានទេ។ ការងាររបស់ខ្ញុំពឹងផ្អែកលើភ្ញៀវទេសចរ ដូច្នេះប្រសិនបើមិនមានភ្ញៀវទេសចរនោះទេ យើងប្រាកដជាជួបបញ្ហាធំមិនខាន” ។
ដោយសារមានពេលវេលាច្រើនជាងមុន អ្នកស្រី យូកូ បានចាប់ផ្តើមចាក់រូបក្រណាត់ ដែលមានពេញនិយមមួយនៅក្នុងកម្ពុជា។ អ្នកស្រីបានបង្ហាញក្រណាត់ចាក់រូបអប្សរាដែលពណ៌ចម្រុះគ្នា ហើយផ្នែកខាងក្រោយមានរូបប្រាសាទអង្គរវត្ត។ អ្នកស្រី បានចាប់ផ្តើមចាក់រូប តាំងពីវិស័យទេសចរណ៍ជួបបញ្ហាមកម្ល៉េះ។
ពីមុនពេលខ្លះ អ្នកស្រីតែងតែច្រៀងលេងពេលទំនេរនៅផ្ទះ ប៉ុន្តែឥឡូវនេះដោយមានពេលវេលាច្រើនពេក អ្នកស្រីមិនមានអារម្មណ៍ច្រៀងទៀតទេ។
អ្នកស្រីនិយាយថា អ្នកស្រីបានទៅទស្សនាប្រាសាទ ចាប់តាំងពីពេលបិទដំណើរកម្សាន្តជាមួយអ្នកមគ្គុទេសក៍ផ្សេងទៀត ឆ្លៀតឱកាសនេះដើម្បីថតរូប និងចាប់យកទស្សនីយភាពដ៏កម្រ នៃអវត្តមានមនុស្សដ៏ច្រើនអ៊ូអរនៅតាមប្រាសាទ។ អ្នកស្រីបានលើកឡើងថា៖“ ប្រាសាទទាំងនោះស្អាតណាស់ ពេលអត់មានមនុស្ស។
“ប៉ុន្តែពួកយើងសប្បាយចិត្តពេលឃើញអ្នកទេសចរនៅក្នុងរូបភាព ពីព្រោះនេះមានន័យថាយើងមានការងារធ្វើ” ៕