Focus-Ready for Tomorrow បានជ្រើសរើសនារីរីឆ្នើមចំនួន៥រូប ដែលពួកយើងធ្លាប់បានផ្សព្វផ្សាយកន្លងមក ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិក្នុងឆ្នាំ២០២២នេះ។
ទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា) គឺជាទិវាពិភពលោកដែលប្រារព្ធឡើងដើម្បីសាទរនូវសមិទ្ធិផលសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិក្នុងឆ្នាំ២០២២ នេះ ក្រុមការងារ Focus-Ready for Tomorrow សូមលើកយកមកនូវរឿងរ៉ាវរបស់នារីកម្ពុជាចំនួន៥រូប ដែលពួកគាត់សុទ្ធសឹងតែមានការងារនិងដំណើរជីវិតគួរឱ្យចាប់អារម្មណ៍ផ្សេងៗគ្នា។ ដំណើរជីវិត ក៏ដូចជាការងាររបស់ពួកគាត់ទាំង៥រូប បង្ហាញពីតម្លៃនៃសមត្ថភាពនិងសក្ដានុពលវិជ្ជមានគំរូរបស់ស្ត្រីក្នុងសង្គមនាពេលបច្ចុប្បន្ន។
ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកស្រី ចក់ សុភាព ជាស្ត្រីលេចធ្លោមួយរូប ក្នុងនាមជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ខណៈដែលលោកស្រី ធ្វើការក្នុងវិស័យមួយដែលមានការប្រឈមខ្លាំង លោកស្រី ក៏បានបង្ហាញការយកឈ្នះបញ្ហាយេនឌ័រ និងវ័យ តាមរយៈការបង្ហាញសមត្ថភាពជាអ្នកដឹកនាំ និងស្ត្រីមួយរូប។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួមដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានគេមើលឃើញថា ជាជំងឺសង្គមមួយនៅតែមិនអាចព្យាបាលឱ្យសះស្បើយនៅឡើយ។
សយ ពិសី ជនជាតិដើមភាគតិចព្រៅ (Brao) ដំបូងបង្អស់ ដែលទទួលបានការអប់រំនៅក្រៅប្រទេស
ក្នុងដំណើរឈោងចាប់យកការអប់រំ ពិសីមានក្តីស្រម៉ៃ ចង់បញ្ចប់វដ្តនៃភាពក្រីក្រក្នុងគ្រួសាររបស់ខ្លួន អមជាមួយនឹងគោលដៅចូលរួមចំណែក ផ្លាស់ប្តូរផ្នត់គំនិតសហគមន៍របស់ខ្លួនទៅលើការសិក្សា។
សយ ពិសី គឺជាជនជាតិដើមភាគតិច ព្រៅ ដែលបានធំធាត់នៅក្នុងខេត្តរតនគិរី។ ពិសី បានយកកត្តាជីវភាពរបស់ខ្លួន ជាចំណុចជំរុញទឹកចិត្តខ្លួនឯង តស៊ូពុះពារ ក្នុងការស្វែងរក អាហារូបករណ៍ដើម្បីទៅសិក្សានៅបរទេស។ ដោយសារការខិតខំប្រឹងប្រែង នាងទទួលបានអាហារូបករណ៍ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទៅសិក្សានៅប្រទេសន័រវែស រហូតបានបន្តការកម្រិតឧត្តមសិក្សា ជំនាញការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) នៅសាកលវិទ្យាល័យមេតូឌីស (Methodist University)សហរដ្ឋអាមេរិក។
លី ពិសី សហស្ថាបនិក និងប្រធានសម្របសម្រួល របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា (RoCK)
មានស្រុកកំណើតនៅខេត្តសៀមរាប កញ្ញា លី ពិសី បានមកបន្តការសិក្សានៅរាជធានីភ្នំពេញនៅឆ្នាំ 2002 ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ កញ្ញា លី ពិសី បានធ្វើការសង្គមជាច្រើន លើការកាត់បន្ថយភាពក្រីក្រ សិទ្ធិមនុស្ស និងការអភិវឌ្ឍរបស់ស្ត្រី។ បទពិសោធន៍ការងារនាពេលដំបូងៗទាំងនោះ បានធ្វើឱ្យពិសីយល់ថា ការបង្កើតសហគមន៍ដ៏រឹងមាំ និងការរួបរួមគ្នា គឺជាគន្លឹះក្នុងការផ្ដល់អំណាចដល់អ្នកគ្មានសំឡេង។ ការយល់ឃើញទាំងនោះ បានក្លាយជាឆន្ទៈរបស់ពិសី ដែលកញ្ញាបានពាំនាំយកវាទៅអនុវត្តនៅក្នុងសហគមន៍របស់នាងផ្ទាល់។
ចាប់ពីឆ្នាំ ២០០៩ មក កញ្ញា ពិសី និងអ្នកស្ម័គ្រចិត្តជាមិត្តភ័ក្ដិដទៃទៀត ចាប់ផ្ដើមប្រឡូកការងារ ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា លើកដំបូងនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
ហុក សុវណ្ណវត្តី ស្ថាបនិកសហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា
ហុក សុវណ្ណវត្តីវ័យ២៥ឆ្នាំ បច្ចុប្បន្នជា ស្ថាបនិកសហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា ឬ ត្រូវបានយុវជនមួយចំនួន ស្គាល់ថា Eco Pad។ វត្តី ចាប់ផ្តើមមានគំនិតចង់ចែករំលែកចំណេះដឹង ក៏ដូចជាណែនាំប្រជាជនកម្ពុជា ពីក្រណាត់អនាម័យស្រី្តនេះ ក្រោយពេលមាន ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល ទាក់ទងនឹងបរិស្ថានមួយ ហៅថា «Ecovillage Design Education» នៅក្នុងប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៦។
គោលបំណងចម្បងរបស់ការសិក្សានោះ គឺដើម្បីផ្លាស់ប្ដូរទម្លាប់ការប្រើប្រាស់ប្លាស្ទិករបស់មនុស្ស។ ចំណុចមួយដែលវត្តី សង្កេតឃើញអំពីការដែលមនុស្សស្រី អាចអនុវត្តបានលើសពីមនុស្សប្រុស ដើម្បីទទួលបានការរស់នៅដោយមិនប្រើប្រាស់ប្លាស្ទិកនោះ គឺការផ្លាស់ប្តូរទម្លាប់ ការប្រើប្រាស់សំឡីអនាម័យប្លាស្ទិក មកប្រើប្រាស់សំឡីអនាម័យក្រណាត់វិញ។
ពៅ ស៊ីនួន គឺជាសហស្ថាបនិករបស់ចលនាទម្លុះ(Breakthrough)
កញ្ញា ពៅ ស៊ីនួន គឺជាសហស្ថាបនិករបស់ចលនាទម្លុះ(Breakthrough) ជាចលនាមួយបង្កើតឡើងដោយក្រុមស្រ្តីវ័យក្មេងក្នុងគោលបំណងពង្រឹងសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតមាតិកា និងវីដេអូនៅលើបណ្ដាញសង្គម។
មុនប្រឡូកក្នុងការងារនេះ កញ្ញាធ្លាប់ធ្វើការលើផ្នែកស្រាវជ្រាវទាក់ទងនឹងការរំលូតកូន ការពន្យារកំណើត និងសុខមាលភាពស្ត្រី។ តាមរយៈបទពិសោធន៍ប្រមាណ៣ឆ្នាំ បម្រើការងារក្នុងវិស័យនេះ គាត់ជឿជាក់លើអំណាចនៃការនិយាយរឿងរ៉ាវ និងចែករំលែកបទពិសោធន៍ទៅកាន់ស្ត្រី និងក្មេងស្រី ដែលអាចជួយបង្កើតឱ្យមានការផ្លាស់ប្តូរ និងសមភាពសង្គម។