នេះគឺជាការសរុបសេចក្ដីនៃកម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើសសរស្ដម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យកាត់ដេរ វិស័យកសិកម្ម វិស័យសំណង់ និងវិស័យទេសចរណ៍។
កម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» គឺជាកម្រងអត្ថបទពិពណ៌នាពិសេស ដែលធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើសសរស្ដម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យកាត់ដេរ វិស័យកសិកម្ម វិស័យសំណង់ និងវិស័យទេសចរណ៍។ អ្នករាយការណ៍របស់ Globeលោក Andrew Haffner នឹងផ្តល់នូវអត្ថបទចុងក្រោយឆ្លុះបញ្ចាំងនៃការស្រាវជាវរបស់លោក និងត្រូវបានបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានទំហំតូច បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចក៏ដោយ ក៏សេដ្ឋកិច្ចប្រទេសនេះមានចំណុចសំខាន់ដែលត្រូវផ្តោតលើផងដែរ។ ប្រទេសកម្ពុជាដែលមានប្រជាជនប្រមាណជាង១៦ លាននាក់ សេដ្ឋកិច្ចមានតម្លៃសរុបចំនួន២៧ ពាន់លានដុល្លារ បានទទួលរងផលប៉ះពាល់ ដូចប្រទេសផ្សេងៗទៀតដែរ កាលពីរយៈពេលប៉ុន្មានខែមុននេះ។ ដូច្នេះ ដើម្បីគណនាទំហំនៃផលប៉ះពាល់សរុប វាមានភាពលំបាក ហើយការណ៍នេះរឹតតែលំបាក ក្នុងការបកស្រាយសេដ្ឋកិច្ចតាមបែបលក្ខណៈជាគុណភាព។
ជំងឺកូវីដ១៩ បានក្លាយជាប្រធានបទចម្បងប្រចាំឆ្នាំ ដោយសារជំងឺនេះបានជះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរជាច្រើន ដល់ពិភពលោកទាំងមូល ហើយគេមិនទាន់ដឹងថា វានឹងអាចអូសបន្លាយដល់រយៈពេលណានោះទេ។
នៅបណ្តាប្រទេសជាច្រើន ផលប៉ះពាល់ជុំវិញជំងឺកូវីដ១៩ បានមកពីការរូមបញ្ចូលគ្នាជុំវិញទិន្នន័យ ដោយភ្ជាប់ទៅនឹងអត្រាចម្លង ការតាមដានការឆ្លង ការបាត់បង់ការងារ កម្មវិធីជំនួយរបស់រដ្ឋាភិបាល ការធ្លាក់ចុះសេដ្ឋកិច្ច និងចំនុចផ្សេងៗទៀត។ សូម្បីតែនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកតូចមួយនៃសេដ្ឋកិច្ចពិភពលោក ជំងឺកូវីដ១៩បានជះឥទ្ធិពល ដល់គ្រប់តំបន់នៃប្រទេសនេះ រាប់តាំងពីលក្ខណៈគ្រួសារ ក្នុងភូមិ ក្នុងខេត្ត រហូតដល់គ្រប់ទីក្រុង។
មិនថា អ្នកចង់វិភាគពីផលប៉ះពាល់ក្នុងទម្រង់បែបណានោះទេ គឺមិនខ្វះទិន្នន័យសម្រាប់ការជ្រើសរើសយកមកវិភាគនោះទេ។ ដូច្នេះគេអាចនិយាយបានថា រូបភាពនៃការប៉ះពាល់ក៏មានភាពខុសគ្នាផងដែរ។
នៅដើមឆ្នាំ ២០២០ អង្គការរូបិយវត្ថុអន្តរជាតិភាគច្រើនបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី៧ ភាគរយ សម្រាប់រយៈពេលមួយឆ្នាំទៀត។ កាលពីអំឡុងពេលខែមិនា ការផ្ទុះមេរោគកូរ៉ូណាថ្មីមកពីប្រទេសចិន ទៅកាន់ប្រទេសផ្សេងៗ ការព្យាករណ៍នេះនៃកំណើននេះស្ថិតក្នុងសភាពមិនច្បាស់លាស់ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតកើនឡើងវិជ្ជមានមួួយ។ នៅពេលបច្ចុប្បន្ន មានការព្រួយបារម្ភជាច្រើនទាក់ទងនឹងបញ្ហានេះ ហើយធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការប៉ាន់ស្មានដ៏អាក្រក់បំផុតថា ប្រទេសកម្ពុជានឹងជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចជិតដល់១២ភាគរយ ។
ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ពិភពលោក បានជះឥទ្ធិពលលើស្ទើរតែគ្រប់វិស័យនោះ ដែលការណ៍នេះ បង្កឱ្យឱកាសការងារមានការធ្លាក់ចុះ ហើយជម្រើសការងារមានតិចតួច។ នៅពេលនេះ អ្នកសង្កេតការណ៍ភាគច្រើនរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងមានការស្ទុះងើបឡើងវិញនៅឆ្នាំ ២០២១។
ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសមួួយចំនួននឹងស្ថិតនៅក្នុងដំណាក់កាលព្យាបាលនៅឡើយ ហើយវាមិនប្រាកដប្រជានៅពេលណា ដែលធនធានមនុស្សនឹងអាចវិលមករកស្ថានភាពដើមវិញ។
អង្គការវេទិកាអនាគត (Future Forum ) និងក្រុមហ៊ុនអង្គរស្រាវជ្រាវ មានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានចូលរួមក្នុងគម្រោងរួមគ្នាមួយ ស្វែងរកទិន្នន័យពីផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជាដោយជំងឺកូវីដ១៩។ គម្រោងនេះបានចាប់ផ្តើម ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយនឹងបន្តប្រមូលទិន្នន័យក្នុងរយៈពេលពេញមួយឆ្នាំ លើផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកលើប្រជាជនកម្ពុជា។
រហូតមកដល់ពេលនេះ លទ្ធផលដែលទទួលបានពីការស្រាវជ្រាវ គឺមិនសូវជាល្អនោះទេ ព្រោះវាបង្ហាញពីទម្ងន់កាន់តែធ្ងន់ អំពីការកើនឡើងនៃវិបត្តិបំណុលដែលបានអូសបន្លាយអស់រយៈយូរមកហើយ និងកាន់តែមានសភាពកាន់តែធ្ងន់ធ្ងរ នៅពេលបច្ចុប្បន្ន ដោយសារតែការបាត់បង់ការងារ និងប្រាក់ចំណូល។ ការស្ទង់មតិរៀបចំដោយក្រុមហ៊ុន Angkor Research ចេញផ្សាយកាលពីចុងខែកក្គដា ឆ្នាំនេះ បានបង្ហាញថា គ្រួសារកម្ពុជាប្រហែលជាងមួយភាគបួន បានស្នើសុំប្រាក់កម្ចីពីកន្លែងមួយ ដើម្បីបង់ប្រាក់កម្ចីនៅកន្លែងមួយផ្សេងទៀត។
យោងតាមសម្រង់សម្តីរបស់លោក Ian Ramage នាយកស្រាវជ្រាវរបស់ក្រុមហ៊ុនអង្គរស្រាវជ្រាវ ចុះផ្សាយនៅក្នុងសារព័ត៌មាន Los Angeles Times ដោយនិយាយថា កម្រិតនៃកម្ចីប្រាក់សម្រាប់ចំណាយក្នុងគ្រួសារ គឺមានការកើនឡើងខ្ពស់ មិនដែលឃើញមកពីមុនទេ នៅក្នុងប្រទេសកម្ពុជា។ លោក Ramage បានព្រមានថា៖ “ ប្រសិនបើនិន្នាការនេះនៅតែបន្ត ប្រទេសកម្ពុជានឹងប្រឈមទៅនឹងការវិលត្រឡប់ ទៅកាន់កម្រិតអភិវឌ្ឍន៍នារយៈពេល២០ ឆ្នាំមុន ហើយនឹងអាចត្រលប់ទៅជាប្រទេសដែលមានអត្រាភាពក្រីក្រ ៤០ ភាគរយ”។
ស្ថានភាពនៅពេលបច្ចុប្បន្ន ដែលផ្សំផ្គុំទាំងការកើនឡើងប្រាក់កម្ចី និងឱកាសការងារមានការធ្លាក់ចុះនោះ គឺជាបញ្ហាដ៏គ្រោះថ្នាក់មួយ ដល់គ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។ ដើម្បីទាញសេចក្តីសន្និដ្ឋានអំពីផលប៉ះពាល់ ដែលកំពុងកើតមានដោយសារជំងឺកូវីដ១៩ អ្នកស្រាវជ្រាវ ចាំបាច់ត្រូវធ្វើការស្វែងយល់ ឱ្យកាន់តែច្បាស់ពីស្ថានភាពរបស់ប្រទេស មុនពេលមានជំងឺនេះផ្ទុះឡើងពាសពេញពិភពលោក។
ការស្វែងរកទិន្នន័យនៅប្រទេសកម្ពុជា មានភាពលំបាកជាងប្រទេសអភិវឌ្ឍន៍ជាច្រើន។ នៅពេលខ្លះ អំឡុងពេល ដំណើរការនៃការស្រាវជ្រាវសម្រាប់រាយការណ៍នេះ យើងបានប្រឈមមុខនឹងសំណួរជាមូលដ្ឋាន ដើម្បីអាចឱ្យយើងមើលឃើញពីវិសាលភាពសេដ្ឋកិច្ច។ នេះនៅមិនទាន់និយាយអំពី វិសាលភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចនាពេលថ្មីៗនេះ នៅឡើយទេ។ វិស័យខ្លះមានរចនាសម្ព័ន្ធល្អជាងវិស័យផ្សេងៗទៀត ហើយបានកត់ត្រាប្រតិបត្តិការ ក្នុងកម្រិតមួយ ដែលអាចបំពេញនូវចម្ងល់នៃការស្រាវជ្រាវរបស់អ្នកសារព័ត៌ជាច្រើន។
ក្នុងវិស័យផ្សេង មិនសូវមានទិន្នន័យគ្រប់គ្រាន់ ដែលមួយផ្នែកបានឆ្លុះបញ្ចាំងពីការងារក្រៅផ្លូវការមួយចំនួននៅក្នុងប្រទេសកម្ពុជា។ យោងតាមមជ្ឈមណ្ឌលសាមគ្គីភាពក្រុមសិទិ្ធមនុស្សបានឱ្យដឹងថា ៨០ ភាគរយ នៃកម្មករសំណង់ ស្ថិតក្នុងក្របខណ្ឌការងារក្រៅផ្លូវការ ដោយគិតត្រឹមឆ្នាំ ២០១៨។ ហើយការណ៍នេះបណ្តាលឱ្យពួកគេ មិនអាចទទួលបានការការពារពីប្រព័ន្ធការងារតាមផ្លូវច្បាប់។
ខណៈដែលយើងមានទិន្នន័យប៉ាន់ស្មានជាផ្លូវការ ពីចំនួនកម្មករសំណង់នៅក្នុងប្រទេសកម្ពុជា លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធី នៅមជ្ឈមណ្ឌលសាមគ្គីភាពបាននិយាយថា វាមានការលំបាកដើម្បីឲ្យដឹងថាតើ តួលេខទាំងនេះអាចរាប់បញ្ចូលទាំងអស់ដោយរបៀបណា?
សេដ្ឋកិច្ចក្រៅផ្លូវការរបស់កម្ពុជា ហាក់ដូចជាមានភាពធន់ទៅនឹងប្រព័ន្ធសេដ្ឋកិច្ចទាំងមូល។ កាលពីមុន ប្រសិនបើការងារក្នុងវិស័យមួយជួបបញ្ហា កម្លាំងពលកម្មនៅក្នុងវិស័យនោះ អាចផ្លាស់ប្តូរទៅកន្លែងឬវិស័យមួយផ្សេងៗ ដែលមានឱកាសការងារច្រើនជាង។នៅក្នុងគ្រួសារមួយ ប្រហែលជាមានសមាជិកគ្រួសារ ស្ថិតនៅក្នុង២ឬ៣ជំនាន់ មានបទពិសោធន៍ធ្វើការក្នុងវិស័យផ្សេងៗគ្នា ដើម្បីចិញ្ចឹមជីវិត។ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានជះឥទ្ធិពលស្ទើរទៅលើតែគ្រប់វិស័យ ដែលការណ៍នេះបង្កឱ្យឱកាសការងារ មានការធ្លាក់ចុះ ហើយជម្រើសការងារមានតិចតួច។
សូម្បីតែលំហូរភូមិសាស្ត្រ ក៏មានភាពតឹងតែងផងដែរ។ពលករចំណាកស្រុកកម្ពុជា ប្រមាណជាងមួយលាននាក់ ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញប្រមាណ ១,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពីប្រទេសថៃ ឬប្រទេសផ្សេងទៀត ត្រូវបានបង្ខំឲ្យធ្វើមាតុភូមិនិវត្តជាបន្ទាន់ ខណៈពេលដែលច្រកព្រំដែនប្រទេស ត្រូវបានចេញបញ្ជាឱ្យបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។ ការរៀបរាប់ពីសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលរាប់ឆ្នាំកន្លងមកនេះ គឺបង្ហាញពីភាពវិជ្ជមានច្រើន។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះដល់ ១៣.៥% នៅឆ្នាំ២០១៤ ពី ៥៣% ក្នុងឆ្នាំ ២០០៤ ។ ការដែលអត្រាភាពក្រីក្របានធ្លាក់ចុះ គឺជាភាពជោគជ័យមួយ។ ប៉ុន្តែកម្ពុជានៅមានប្រជាជនប្រមាណជាង៤,៥លាននាក់ ដែលស្ថិតនៅស្ថានភាពក្រីក្រ និងងាយមានទំនោរក្នុងការធ្លាក់ចុះ ទៅក្នុងស្ថានភាពក្រោមបន្ទាត់នៃភាពក្រីក្រ។
នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅខែឧសភា បានឱ្យដឹងថា អត្រាភាពក្រីក្រនៅកម្ពុជា អាចកើនឡើងចំនួន១១ ភាគរយ នៅក្នុងគ្រួសារ ដែលបម្រើការងារនៅក្នុងវិស័យសំខាន់ៗដែលរងផលប៉ះពាល់ ហើយជាពិសេសនោះ អ្នកដែលជួបប្រទះនឹងការបាត់បង់ប្រាក់ចំណូល៥០ ភាគរយ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ »។
ប្រជាជនដែលបានបាត់ប្រាក់ចំណូលបែបនេះ ពិតជាអាចឈានទៅរកស្ថានភាពភាពក្រីក្រ។ អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ នឹងមានភាពលំបាកងើបឡើងវិញពីស្ថានភាពបច្ចុប្បន្ន។ ទោះបីជាមានផែនការក្នុងពង្រឹងវិស័យទេសចរណ៍ ជាមួយបណ្តាប្រទេសនៅតំបន់អាគ្នេយ៍ ដែលមានករណីអ្នកឆ្លងជំងឺកូវីដមានចំនួនទាប ដើម្បីបន្តចរាចរណ៍ប្រទេសក៏ដោយ ក៏ក្រសួងទេសចរណ៍កម្ពុជា បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់កម្ពុជាត្រូវការរយៈពេល ៥ ឆ្នាំ សម្រាប់ការស្ទុះងើបឡើងវិញ នៃចំនួនភ្ញៀវទេសចរ ដូចមុនពេលមានជំងឺកូវីដ១៩។
ដូចដែលបានរៀបរាប់នៅក្នុងកម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» តាមការវិភាគរបស់ធនាគារពិភពលោកកាលពីខែឧសភា បានបង្ហាញថា យ៉ាងហោចណាស់ការងារចំនួន ១,៧៦ លាន កន្លែង បាន ប្រឈមនឹងហានិភ័យ។ ចំនួនអ្នកលក់អាហារតាមផ្លូវ អាជីវករតូចៗ អ្នកលក់ទំនិញផ្សេងៗ និងអ្នកផ្តល់សេវាកម្ម ដែលរងការប៉ះពាល់ ទំនងជានឹងមានការកើនឡើងច្រើនជាងនេះទៅទៀត។
យ៉ាងណាមិញភាពបត់បែនរបស់ប្រជាជនកម្ពុជា បានបង្ហាញពីភាពអត់ធន់របស់ប្រទេសដ៏តូចមួយនេះ ទោះបីជាពិភពលោកមានការផ្លាស់ប្តូរ ដោយសារសកលភាវូបនីយកម្មក៏ដោយ។ ប៉ុន្តែស្ថានភាពដែលធ្វើឱ្យភ្ញាក់ផ្អើលដល់សកលលោកមួួយនេះ បានបង្ខំឱ្យប្រទេសជាច្រើនត្រូវស្ថិតនៅក្នុងស្ថានភាពច័ត្តាឡីស័ក ហើយទាំងប្រជាជននិងមេដឹកនាំ នឹងបន្តការសាកល្បងស្វែងរកវិធីដោះស្រាយស្ថានភាពទាំងនេះ។
ស្ថានភាពតាមរយៈតួលេខ
អត្ថបទនេះ ត្រូវបានរៀបរៀងឡើងវិញ ភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀត ហើយពីតួលេខមួយ ទៅតួលេខមួយទៀត។ យើងបានបំបែកកម្រងអត្ថបទទាំងនេះដូចខាងក្រោម ដោយប្រើគោលសំខាន់ៗមួយចំនួន ដើម្បីប្រៀបធៀប។
ប្រទេសកម្ពុជាដែលមានប្រជាជនប្រមាណ ១៦ លាននាក់ក្នុងឆ្នាំ ២០១៩ មានផលិតផលក្នុងស្រុកសរុបប្រហែលជា២៧ ពាន់លានដុល្លារ ហើយចាប់តាំងពីឆ្នាំ ២០១៥ ធនាគារពិភពលោកបានចាត់ថ្នាក់ ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកណ្ដាលទាប ដែលនេះបានបង្ហាញពីភាពប្រសើរឡើង នៃស្ថានភាពការអភិវឌ្ឍរបស់ប្រទេស។ ចាប់តាំងពីឆ្នាំ២០១៥មក កម្ពុជាបានប្រទះនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រហែលជា ៧%។ កម្រិតកំណើនក្នុងអត្រានេះ ក៏ត្រូវបានគេរំពឹងនៅក្នុងឆ្នាំ២០២០ផងដែរ ប៉ុន្តែការព្យាករណ៍នេះមានការផ្លាស់ប្តូរភ្លាមៗ ដោយសារជំងឺកូវីដ១៩ ហើយបណ្តាលឱ្យស្ថានប័នហិរញ្ញវត្ថុធំៗត្រូវកែប្រែការព្យាករណ៍របស់ខ្លួនម្តងទៀត។
សព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងជួបបញ្ហាសេដ្ឋកិច្ចក្នុងកម្រិតអាក្រក់មួយដែលមិនធ្លាប់បានជួបប្រទះពីមុនមក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕